អានតួអត្ថបទ
កម្ពុជា-នយោបាយ

ឆ្នាំ​ថ្មី៖ មេ​បក្ស​ប្រឆាំង​ចង់​បានយុត្តិធម៌ ខណៈ​មេ​បក្ស​កាន់​អំណាច​ជូន​ពរ​សូម​ឲ្យ​សុខ​ចម្រើន

​ឆ្នាំ​២០១៦ កំពុង​តែ​ឈាន​ទៅ​បិទ​បញ្ចប់​ហើយ នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​​។ នា​ឱកាស​នេះ មេ​ដឹក​នាំ​គណបក្ស​នយោបាយ​សំខាន់​ជាង​គេ​ទាំង​ពីរ​នៅ​កម្ពុជា បាន​ផ្ញើ​សារ​ជូន​ពរ​ជន​រួម​ជាតិ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៧​។ ដោយ​រួម ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ គឺ​លោក សម រង្ស៊ី និង លោក កឹម សុខា សូម​ឲ្យ​ឆ្នាំ​ថ្មី​នាំ​មក​នូវ​យុត្តិធម៌​។ ចំណែក​មេ​បក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ុន សែន ជូន​ពរ​សូម​ឲ្យ​ជន​រួម​ជាតិ​សុខ​ចម្រើន​។

លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា
លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៧ នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​យក​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ជា​វេទិកា​ជូន​ពរ​ជន​រួម​ជាតិ​។ តាំង​ពី​ថ្ងៃ​ទី​២៩​ធ្នូ លោក ហ៊ុន សែន បាន​សរសេរ​សារ​៤​បន្ទាត់ ជូន​ពរ​ជន​រួម​ជាតិ​គ្រប់​ស្រទាប់​វ​ណ្ណៈ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ រាប់​ទាំង​កង​កម្លាំង​ដែល​កំពុង​បំពេញ​ភារកិច្ច​រក្សា​សន្តិភាព​នៅ​ប្រទេស​នានា​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​ផង ឲ្យ​ជួបប្រទះ​តែ​​សេចក្ដី​សុខ និង សេចក្ដី​ចម្រើន​គ្រប់​ៗ​គ្នា​។

ដោយ​ឡែក ប្រមុខ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប គឺ​លោក សម រង្ស៊ី និង លោក កឹម សុខា ក៏​បាន​ផ្ញើ​សារ​ជូន​ពរ​ប្រជាជន​ខ្មែរ​ដែរ នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​នេះ​។ លោក សម រង្ស៊ី ដែល​ត្រូវ​ឆ្លង​ឆ្នាំ​សកល​នៅ​ប្រទេស​បារាំង បាន​ចាប់​ផ្ដើម​សារ​របស់​លោក ជូនពរ​ជន​រួម​ជាតិ​ទាំង​អស់ ឲ្យ​មាន​សុខភាព​ល្អ មាន​សុភមង្គល និង​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចការ​និង​មុខរបរ។ លើស​ពី​នេះ លោក​សូម​បួងសួង​ឲ្យ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​គ្រប់​បែប​យ៉ាង មាន​ការ​រឹប​អូស​យក​ដី​ធ្លី​និង​ផ្ទះ​សម្បែង ឲ្យ​ឃើញ​ពន្លឺ​យុត្តិធម៌​នៅ​ក្នុង​ឆ្នាំ​២០១៧​។ ឆ្នាំ​២០១៧ សម្រាប់​លោក សម រង្ស៊ី ផ្ទាល់ លោក​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជនជាតិ​ខ្មែរ​គ្រប់​គណបក្ស​និង​គ្រប់​និន្នាការ​នយោបាយ ជា​នា​គ្នា ស្រុះ​ស្រួល​គ្នា និង​ពួត​ដៃ​គ្នា​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ដើម្បី​ការពារ​ ថែរក្សា និង​កសាង​ជាតិ​មាតុភូមិ​ឲ្យ​កាន់​តែ​រុងរឿង​។

ដោយ​សារ​ឆ្នាំ​២០១៧ ជា​ឆ្នាំ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ មេ​បក្ស​ប្រឆាំង មិនភ្លេច​ទេ ឃោសនា​ឲ្យ​ពលរដ្ឋ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បើ​តាម​លោក សម រង្ស៊ី គឺ​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​។

ដោយ​ឡែក លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង ដែល​ទើប​តែ​បាន​ទទួល​កាដូ​ឆ្នាំ​ថ្មី ជា​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ លោក​បាន​ឆ្លៀត​ឱកាស​នេះ បួងសួង​ឲ្យ​ហេតុការណ៍​អាក្រក់ទាំង​ឡាយ​​ដែល​កើត​ឡើង​នៅ​ឆ្នាំ​ចាស់ រលាយ​សាប​សូន្យ​ជា​ស្ថាពរ​។ នៅ​ក្នុង​ឃ្លីប​វីដេអូ​រយៈ​ពេលជិត​៣​នាទី លោក កឹម សុខា សូម​ឲ្យ​ឆ្នាំ​ថ្មី​នាំ​មក​នូវ​សេចក្ដី​សុខ សន្តិភាព សិទ្ធិ ​សេរីភាព ប្រជាធិបតេយ្យ និង​យុត្តិធម៌​។ នៅ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០១៧ ប្រធាន​ស្ដី​ទី​បក្ស​ប្រឆាំង​រូប​នេះ​ក៏​ចង់​ឃើញ​ផង​ដែរ ការ​រួប​រួម​គ្នា​រវាង​អ្នក​នយោបាយ​និង​អ្នក​ដឹក​នាំ​ខ្មែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេស​សល់​ដោយ​សន្តិវិធី និង​ធ្វើ​ឲ្យ​មាន​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ