លោកអេង ឆៃអ៊ាង៖UNនឹងមិនដាក់អ្នកសង្កេតការណ៍ ដើម្បីប្រថាប់ត្រាឲ្យការបោះឆ្នោតនៅកម្ពុជាឡើយ
នៅក្នុងជំនួបជាមួយលោកស្រីរ៉ូណា ស្មីតកាលពីម្សិលមិញ លោកស៊ិក ប៊ុនហុកប្រធានគ.ជ.ប បានស្នើឲ្យអង្គការសហប្រជាជាតិដាក់អ្នកសង្កេតការណ៍ឬការិយាល័យនៅទីស្នាក់ការគ.ជ.បតែម្តង ដើម្បីពិនិត្យការងាររៀបចំការបោះឆ្នោតរបស់គ.ជ.ប។ ខណៈដែលលោកស្រីរ៉ូណា ស្មីតមិនមានការឆ្លើយតប ប៉ុន្តែលោកអេង អៃអ៊ាង ដែលជាអនុប្រធានអតីតបក្សសង្រ្គោះជាតិយល់ឃើញថា អង្គការសហប្រជាជាតិនឹងមិនធ្វើអ្វីតាមការស្នើសុំរបស់ប្រធាន គ.ជ.ប ឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៧
ពីក្រៅប្រទេស លោកអេង ឆៃអ៊ាង បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា ការដែលលោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា(គ.ជ.ប) ស្នើឲ្យលោកស្រីរ៉ូណា ស្មីត ដាក់អ្នកសង្កេតការណ៍ឬក៏ដាក់ការិយាល័យនៅក្នុងទីស្នាក់ការគ.ជ.បនេះ គឺដើម្បីចង់ឲ្យអង្គការសហប្រជាជាតិមកប្រថាប់ត្រាឲ្យការបោះឆ្នោតនាពេលខាងមុខនេះ។ ប៉ុន្តែបើតាមគ.ជ.ប ការដែលលោកស៊ិក ប៊ុនហុក ស្នើបែបនេះ គឺដើម្បីអាចឲ្យអង្គការសហប្រជាជាតិឃ្លាំមើលពីសុចរិតភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការរៀបចំការបោះឆ្នោតកម្ពុជា។
ទោះជាបែបនេះក្តី លោកអេង ឆៃអ៊ាង បានសន្មតជាមុនថា អង្គការសហប្រជាជាតិនឹងមិនបញ្ចូនអ្នកសង្កេតការណ៍ឬក៏ដាក់ការិយាល័យនៅគ.ជ.ប ដើម្បីពិនិត្យការងារបោះឆ្នោត តាមសំណើរបស់លោក ស៊ិក ប៊ុនហុក ឡើយ។ មិនធ្វើតាមសំណើ ព្រោះលោកអេង អៃអ៊ាងយល់ថា អង្គការកំពូលរបស់ពិភពលោកមួយនេះនឹងមិនមកលេងសើចជាមួយនឹងការបោះឆ្នោតដែលគ្មានវត្តមានគណបក្សសង្រ្គោះជាតិចូលរួមនោះទេ។ ប៉ុន្តែសម្រាប់គណៈកម្មការធិការរៀបចំការបោះឆ្នោត ទោះបីមិនមានវត្តមានគណបក្សប្រឆាំង ក៏ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅតែប្រព្រឹត្តទៅដដែល។ គ.ជ.ប ថែមប្តេជ្ញាទៀតថា នឹងរៀបចំការបោះឆ្នោតនេះឲ្យអាចទទួលយកបាន ដែលគណបក្សនយោបាយទាំងអស់មានភាពស្មើគ្នាចំពោះមុខច្បាប់ និងស្មើភាពគ្នាក្នុងការធ្វើសកម្មភាពផ្សេងៗស្របតាមច្បាប់។
ឆ្លើយតបនឹងការអះអាងរបស់គ.ជ.បនេះ លោកអេង ឆៃអ៊ាង លើកឡើងថា ការបោះឆ្នោតខាងមុខនឹងមានភាពវឹកវរ ប្រសិនបើគ្មានវត្តមានអតីតគណបក្សសង្រ្គោះជាតិ។ សម្រាប់លោកអនុប្រធានអតីតគណបក្សប្រឆាំងរូបនេះ ប្រជាពលរដ្ឋនឹងមិនទៅចូលរួមបោះឆ្នោតទេ ហើយថែមទាំងមិនសប្បាយចិត្តនឹងការបោះឆ្នោតមួយដែលគ្មានបក្សប្រឆាំង។ លើសពីនេះទៅទៀត សហគមន៍អន្តរជាតិក៏នឹងមិនទទួលស្គាល់នូវលទ្ធផលបោះឆ្នោតនេះដែរ។ នេះបើតាមលោកអេង ឆៃអ៊ាង។
ក៏ប៉ុន្តែទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាំងរដ្ឋាភិបាលកម្ពុជា ធ្លាប់បានគូសបញ្ជាក់ហើយថា ការបោះឆ្នោតនៅកម្ពុជា មិនសំខាន់ប្រទេសណាមួយទទួលស្គាល់នោះទេ សំខាន់ឲ្យប្រជាពលរដ្ឋខ្មែរគាំទ្រ និងទទួលស្គាល់ទៅ គឺគ្រប់គ្រាន់ហើយ។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងប្រព្រឹត្តទៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដដែលដោយគ្មានការប្រែប្រួលឡើយ ទោះបីគ្មានវត្តមានគណបក្សប្រឆាំងចូលរួមក៏ដោយចុះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ