អានតួអត្ថបទ
កម្ពុជា

លោក​អេង ឆៃអ៊ាង៖ ការ​ប្រារព្ធ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​គឺ​ជា​គោល​ជំហរ​របស់​បក្ស

គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ចន្ទ ទី​១៥ សីហា​នេះ បាន​តម្រូវ​ឱ្យ​សមាជិក​គណបក្ស ដែល​មក​កាន់​ទីស្តីការ​គណបក្ស​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ​ ដើម្បី​គាំទ្រ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅរ​របស់​សង្គម​ស៊ីវិល។ អាជ្ញាធរ បាន​លើក​ឡើង​ថា បើ​គណបក្ស​ប្រឆាំង​មិន​ចូល​គឺ​ជា​ការ​ល្អ។

លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១រដ្ឋសភា
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១រដ្ឋសភា RFI
ផ្សាយពាណិជ្ជកម្ម

លោក​អេង ឆៃអ៊ាង សមាជិក​គណៈអចិន្ត្រៃយ៍​បាន​ឱ្យ​ដឹង​ថា ការ​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​គឹ​ជា​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ សង្គ្រោះ​ជាតិ ដែល​គាំទ្រ​ដល់​យុទ្ធនាការ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​មនុស្ស​ទាំង​៥​រូប ដែល​គេ​ចាត់​ទុក​ថា គឹ​ជា​អ្នក​ទោស​មនសិការ។ នៅថ្ងៃ​ចន្ទ​នេះ ទាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​អ្នក​គាំទ្រ​របស់​គណបក្ស​បាន​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ ដែល​ផ្តើម​ដោយ​សង្គម​ស៊ីវិល​នេះ។ នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ចេញ​ជា​គោល​ជំហរ​ជា​ផ្លូវ​ការ​គាំទ្រ​ដល់​យុទ្ធនាការ ដែល​រដ្ឋាភិបាល​អះអាងថា​ ជា​ព្រឹត្តិការណ៍​ដែល​មាន​ចេតនា​ចង់​ផ្តួល​រំលំ​របប​នៃ​ការ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោក​អេង ឆៃអ៊ាង សមាជិក​គណៈអចិន្ត្រៃយ៍​ជាន់​ខ្ពស់ បាន​អះអាង​ថា​គណបក្ស​នឹង​បន្ត​ប្រារព្ឋ​យុទ្ធនាការ​នេះ រៀងរាល់​សប្តាហ៍​រហូត​ដល់​មាន​ការ​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​៤​រូប​ និង​មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប​១​រូប រួម​ទាំង​ការ​ត្រឡប់​ចូល​តុ​ចរចា​វិញ​រវាង​គណបក្ស​ធំ​ទាំង​ពីរ​ផង​ដែរ។ សង្គម​ស៊ីវិល បាន​ផ្តើម​យុទ្ធនាការ​នេះ​អស់​រយៈ​ពេល​ជាង​៣​ខែ​មក​ហើយ​តាំង​ពី​ថ្ងៃ​ទី​៩ ឧសភា។ ជា​យុទ្ធនាការ​ដែល​ត្រូវ​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ។

អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក​ឃួង​ ស្រេង បាន​អះអាង​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​យុទ្ធនាការ​នេះ​គឺ​ជា​ការ​ល្អ។ សូម​បញ្ជាក់​ថា ដូចជា​រៀងរាល់​សប្តាហ៍​ដែរ យុទ្ធនាការ​ថ្ងៃ​ចន្ទ ពណ៌ខ្មៅ​តែងតែ​មាន​ការ​ចូលរួម​ក្រុម​សង្គម​ស៊ីវិល និង​សកម្មជន​មួយ​ចំនួន​ដែល​សំដែង​មតិ​ជា​សាធារណៈ ឬ​ក៏​ចូលរួម​នៅ​តាម​ទីស្នាក់ការ​របស់​ខ្លួន។ នៅ​ថ្ងៃ​ចន្ទ​នេះ ​យ៉ាង​ហោច​ណាស់​សកម្មជន​បុរី​កីឡា​ចំនួន​៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ផង​ដែរ។ លោក អុំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ បាន​អះអាង​ថា គណបក្ស​គ្រប់​និន្នាការ​នយោបាយ មិន​ថា សង្គ្រោះ​ជាតិ ឬ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​ព្រោះ​ថា ជា​ព្រឹត្តិការណ៍​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​មនុស្ស​៥​រូប ដែល​កំពុង​ជាប់​ពន្ធនាគារ និង​ស្វែង​រក​យុត្តិធម៌​សម្រាប់​សព្វ​លោក​បណ្ឌិត​កែម ​ឡី​ ដែល​ជា​ស្ថាបនិក​នៃ​ថ្ងៃ​យុទ្ធនាការ​នេះ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ