អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ត្រូវ​គិត​ពី​ជីវិត​មនុស្ស​ជា​មុន​ ​ឬ​ត្រូវ​គិត​លុយ​មុន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រប់​គ្នា ​បាន​ដឹង ​និង​តែង​តែ​ទន្ទិញ​រត់​មាត់​ថា អាយុ​ជីវិត គឺ​ជា​រឿង​សំខាន់​ចាំបាច់​ និង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​។ នៅ​ក្នុង​កាលៈទេសៈ​ខ្លះ គេ​សុខ​ចិត្ត​លះបង់​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ​ដើម្បី​រក្សា​ជីវិត​ឲ្យ​គង់​។ ក៏​ប៉ុន្តែ ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ ដែល​ឲ្យ​តម្លៃ​លើ​លុយ​ និង​អំណាច​ជា​ធំ បែរ​ជា​ក្នុង​ពេល​ខ្លះ គេ​ត្រូវ​គិត​គូរ តថ្លៃ​លុយកាក់​ជាមុន​សិន មុន​នឹង​ទៅ​គិត​គូរ​ពី​អាយុ​ជីវិតជា​ក្រោយ​។

សីលធម៌​មនុស្ស​ជាទូទៅ​នៅ​ក្នុង​សង្គម​ធ្លាក់​ចុះ​ ការ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ក៏​ថម​ថយ ហើយ​មនសិការ ​ចេះ​ជួយ​យក​អាសា​គ្នា​ ក្នុង​ភាព​ជា​មនុស្ស​ជាតិ​ ក៏​ត្រូវ​ទ្រុឌទ្រោម​
សីលធម៌​មនុស្ស​ជាទូទៅ​នៅ​ក្នុង​សង្គម​ធ្លាក់​ចុះ​ ការ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ក៏​ថម​ថយ ហើយ​មនសិការ ​ចេះ​ជួយ​យក​អាសា​គ្នា​ ក្នុង​ភាព​ជា​មនុស្ស​ជាតិ​ ក៏​ត្រូវ​ទ្រុឌទ្រោម​ Internet
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​សីលធម៌​មនុស្ស​ជាទូទៅ​នៅ​ក្នុង​សង្គម​ធ្លាក់​ចុះ​ ការ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ក៏​ថម​ថយ ហើយ​មនសិការ ​ចេះ​ជួយ​យក​អាសា​គ្នា​ ក្នុង​ភាព​ជា​មនុស្ស​ជាតិ​ ក៏​ត្រូវ​ទ្រុឌទ្រោម​ផង​ដែរ​។

នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា ការ​ជួយ​ដឹង​ទុក្ខ​ធុរៈ ឬ​ក៏​ការ​ផ្តល់​សេវាកម្ម ដែល​ពេល​ខ្លះ ជា​សេវាកម្ម​សាធារណៈ​ចំពោះ​សមូហភាព​សោះ ក៏​គេ​ត្រូវ​គិត​គូរ​ លុយ​កាក់​ជា​ត្រី​មុខ​ ឬ​ជា​សំខាន់​ចម្បង​ដែរ។ ហើយ​ពេល​ខ្លះ គេ​បាន​ផ្អឹប​ទុក​ការ​ចេះ​ជួយ​គ្នា​ក្នុង​ភាព​ជា​មនុស្ស​ជាតិ​ នៅ​កន្លែង​ម្តុំ​សិន។

មាន​ឧទាហរណ៍​ជាក់​ស្តែង​ជា​ច្រើន​ ដែល​គេ​អាច​ឆ្លុះ​បញ្ជាំង​បញ្ហា​នេះ​។​ ការ​ឆេះ​ផ្ទះ ឬ​ទ្រព្យ​សម្បត្តិ​ប្រជាជន​នា​ពេល​ថ្មីៗ​នេះ ឬ​ក៏​អគ្គិភ័យ​នា​ពេល​កន្លង​ទៅ​ ជា​ច្រើន​ករណី​មក​ហើយ ​មាន​ពេល​ខ្លះ ពលរដ្ឋ​ម្ចាស់​ទ្រព្យ បាន​ត្អូញ​ត្អែរ ថា​ត្រូវ​បាត់​បង់​ផ្ទះ​សម្បែង​ និង​ទ្រព្យ​សម្បត្តិ​ទៅ​ហើយ បែរ​ជា​ត្រូវ​បង់​ខាត់​នឹង​សេវា​កម្ម​ពន្លត់​អគ្គិភ័យ​ថែម​ទៅ​ទៀត។ ចំណែក​ឯ​ដំណើរ​ការ​ពន្លត់​ភ្លើង​នោះ​ទៀត​សោត ក៏​មាន​ពេល​ខ្លះ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ជន​រងគ្រោះ​ខ្លួន​ឯង ​លើក​ឡើង​ថា គេ​ត្រូវ​ចរចា​តម្លៃ​ជា​មុន​ថែម​ទៅ​ទៀត ទម្រាំ​មាន​ការ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល​វេលា​។ នៅ​គ្រា​ខ្លះ​ទៀត​ ការ​ចរចា​តម្លៃ​គ្នា​ មិន​ត្រូវ​រ៉ូវ ក៏​បាន​ធ្វើ​ឲ្យ​អាយុ​ជីវិត​មនុស្ស និង​សម្បត្តិ​ទ្រព្យ ​ត្រូវ​ប្រឈម​មុខ​នឹង​ហានិភ័យ​ ផង​ក៏​មាន។​

ពាក្យ​ចាស់​បុរាណ តែង​ពោល​ថា ស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ ស៊ូ​លិច​ទូក​កណ្តាល​ទន្លេ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ! ឃ្លា​ចុង​ក្រោយ​នេះ បាន​សេចក្តីថា ការ​ឆេះ​ផ្ទះ​សម្បែង​ គឺ​វា​ខាង​បង់​ធ្ងន់ធ្ងរ​ខ្លាំង​ក្លា​ណាស់​ចំពោះ​អាយុ​ជីវិត​ និង​សម្បត្តិ​ទ្រព្យ​ធុន​។ មាន​ពេល​ខ្លះ ទ្រព្យ​សម្បត្តិ​ ដែល​គេ​ខំ​ប្តូរ​នឹង​កម្លាំង​ញើស​ឈាម ​ស្ទើរ​តែ​មួយ​ជីវិត ត្រូវ​ផុត​រលត់​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​ ដោយ​សារ​តែ​អគ្គិភ័យ​ និង​ការ​ពន្លត់​ភ្លើង​មិន​ទាន់។ ក៏​ប៉ុន្តែ មាន​ក្រុម​ពន្លត់​អគ្គិភ័យ​ខ្លះ​នោះ​ បែរ​ត្រូវ​រង់​ចាំ​តថ្លៃ​លុយ​កាក់​ឲ្យ​ត្រូវ​រ៉ូវ​គ្នា​ជាមុន​សិន​ មុន​នឹង​សង្គ្រោះ​ជីវិត ឬ​ទ្រព្យ​សម្បត្តិ ទៅ​វិញ​!

នេះ​គេ​នៅ​មិន​ទាន់​រាប់​ពី​ដំណើរ​ការ​ពន្លត់​ភ្លើង​ ដែល​មាន​លក្ខណៈ​មិន​ទាន់​សភាព​ការ​ផង​។​ ជាមួយ​គ្នា​នេះ មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសបុក​ខ្លះ ថែម​ទាំង​បាន​រិះគន់​ដោយ​កាត់ត​រូប​ថត​ ​ឡាន​ពន្លត់​អគ្គិភ័យ​ បាញ់​ទឹក​ដាក់​ក្រុម​បាតុករ ដោយ​មាន​កម្លាំង​ទឹក​ខ្លាំងក្លា​ តែ​ការ​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​វិញ គឺ​បែរ​ជា​ទឹក​ចេញ​តិច​តួច​ទៅ​វិញ​។

នៅ​ក្នុង​វិស័យ​សេវាសាធារណៈ​ផ្សេង​ទៀត​ ដូចជា​វិជ្ជាជីវៈ​ជា​វេជ្ជ​បណ្ឌិត​ជា​ដើម ដែល​គេ​ចាត់​ទុក​ជា​ទេវតា​សង្គ្រោះ​ជាតិ​មនុស្ស។​ ក៏​ប៉ុន្តែ​នៅ​ពេល​ខ្លះ គ្រូ​ពេទ្យ​មួយ​ចំនួន​ បែរ​ជា​សម្លឹង​មើល​លុយ​កាក់​ជា​ធំ មុន​នឹង​សង្គ្រោះ​ជាតិ​ជីវិត​មនុស្ស​ទៅ​វិញ។ មិន​ខ្វះ​ទេ ករណី​ដែល​គេ​អាច​ឆ្លុះ​បញ្ចាំង​រឿង​នេះ។ ត្បិត​កន្លង​មក គឺ​មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ខ្លះ ត្រូវ​ការ​ឆ្លង​ទន្លេ​ប្រសូត្រ​បុត្រ តែ​ត្រូវ​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន ដោយ​សារ​តែ​គ្រូពេទ្យ​មួយ​ចំនួន​ ពុំ​ព្រម​ជួយ​សម្រាល​ ព្រោះ​តែ​គ្នា​ក្រ​គ្មាន​ប្រាក់។

នៅ​មាន​ករណី​ គ្រោះថ្នាក់​បន្ទាន់ៗផ្សេងៗ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់​ធ្ងរ​ជា​ដើម។ ពេល​ខ្លះ​ ជន​រងគ្រោះ​បាត់​ស្មារតី ត្រូវ​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ហើយ គឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​លុយ​កាក់ ​ដោយ​ត្រូវ​តថ្លៃ​រឿង​ថវិកា​ជា​មុន​សិន។ បើ​គ្មាន​លុយ​ទេ ក៏​ត្រូវ​រង់ចាំ​យូរ ឬ​គ្មាន​បាន​ការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ ឲ្យ​បាន​ឆាប់​រហ័ស​ ផង​ក៏​មាន​។ ថែម​ពី​នេះ ការ​លក់​ដូរ​ចំណី​អាហារ បន្លែ​ ផ្លែឈើ ដោយ​ដាក់​ជាតិ​គីមី ដើម្បី​ទុក​បាន​យូរ លក់​បាន​លុយ​ច្រើន ប៉ុន្តែ​អ្នក​លក់​ខ្លះ មិន​បាន​ខ្វល់​ខ្វាយ​គិតគូរ​ពី​ផល​ប៉ះពាល​ដល់​អាយុ​ជីវិត​មនុស្ស​នោះ​ទេ​។ ករណី​ទាំង​នេះ គឺ​មិន​មែន​ជា​រឿង​ថ្មីទេ នៅ​ក្នុង​សង្គម​ខ្មែរ។

សង្គម​ខ្មែរ​ ដែល​ឆ្លង​កាត់​អំពើ​អមនុស្ស​ធម៌ អំពើ​ហិង្សា​រ៉ាំរ៉ៃ​ក្នុង​របប​ខ្មែរ​ក្រហម និង​ក្នុង​សម័យ​ជា​បន្ត​បន្ទាប់​មក​ទៀត​ គឺ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ បាក់​ស្បាត និង​កែប្រែ​ផ្នត់​គំនិត​យ៉ាង​ច្រើន​សម្បើម។ ខ្មែរ​ដែល​ធ្លាប់​តែ​ទន់​ភ្លន់ ញញឹម​ រៀប​សា ចេះ​ដឹង​ទុក្ខ​ធុរៈគ្នា​ អ្នក​ខ្លះ​បែរ​ទៅ​ជា​ច្រលើម​កោង​កាច​ និង​មាន​គំនិត​សួន​តួ ហើយ​គិត​តែ​ពី​លុយ​ និង​អំណាច​បុណ្យ​សក្តិ​ជា​ដើម​។​

ដូច្នេះ បណ្តុះ​សីលធម៌ និង​មនសិការ​វិជ្ជាជីវៈ គួរ​តែ​ត្រូវ​រឹត​បណ្តឹង​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត។ ចំណែក​ការ​ចេះ​ជួយយក​អាសា​​គ្នា​នៅ​ក្នុង​សង្គម គឺ​តម្លៃ​នៃ​មនុស្ស​ជាតិ​ ដែល​គេ​​ពុំតែ​​គួរ​មើល​រំលងឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ