អានតួអត្ថបទ
កម្ពុជា-ច្បាប់-ដីធ្លី-ជនជាតិដើមភាគតិច

ជនជាតិដើមភាគតិចត្អូញត្អែរពីភាពយឺតយ៉ាវរបស់អាជ្ញាធរក្នុងការរៀបចំបញ្ជីកម្មសិទ្ធិដីសមូហភាព

ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ធំបាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​មាន​ភាព​យឺត​យ៉ាវ​ ក្នុងរៀប​ចំបញ្ជី​កម្មសិទ្ធិ​ដី​សមូហ​ភាព​ជួន​ពួក​គេ។​ ភាព​យឺតយ៉ាវ​នេះ ​ធ្វើ​ឲ្យ​មាន​ការរាំង​ស្ទះ​ទៅ​លើ​ការ​ប្រកបរបរ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ដើម​ភាគ​តិច​ និងបណ្ដាល​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​បន្ត​បំផ្លាញ​ព្រៃ​និងដី​សហគមន៍​នៅតំបន់​គោលដៅ។​ ការ​លើកឡើង​នេះ ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្ដី​ពីការ​ចុះបញ្ជី​កម្មសិទ្ធ​ដី​សមូហភាព​ ដែលរៀបចំដោយ វេទិការអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃ​ទី០៤​ សីហានេះ​។

NGO Forum
NGO Forum NGO Forum
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ​៖ ទី កញ្ញា ​និង​ ហេង ​ពុធីរៈ​

អ្នកស្រី ​ទេព​ ទឹក​ សមាជិក​សហគមន៍​ប្រមេរ​ ខេត្តព្រះវិហារ​ បានលើកឡើងថា​ ជនជាតិ​ដើម​ភាគតិច​ ជាង៣៥០​ គ្រួសារ​ បានរៀបចំ​ឯកសារ​ទាក់ទង​នានា​ទៅ​ក្រសួងដែន​ដី ​កាល​ពីថ្ងៃ​ទី១០​ កក្កដា​ រួចហើយ​ ក៏ប៉ុន្តែ​រ​ហូត​មក​ទល់ពេល​នេះ ​ពុំទាន់​មាន​ការ​ឆ្លើយ​តប​នៅឡើយ​។ នៅ​ពេល​ដែល​ដំណើរ​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​ការ​រាំង​ស្ទះ ​ក្រុមហ៊ុន​ឯក​ជនបាន​ធ្វើការ​ឈូសឆាយ​ដីសមូហភាព​របស់ជនជាតិ​ ធ្វើឲ្យកសិករ​បាត់បង​មុខរបរ​ ប្រព័ន្ធ​ទឹកតាមតំបន់​។ ដោយ​ក្រុមហ៊ុន​សំអាង​ថា ​ដីដែល​គ្មានប្លង់​កម្មសិទ្ធិ​ជាដីរបស់រដ្ឋ​ និង​ជាដី​សម្បទាន​សេដ្ឋកិច្ច​។ អ្នក​ស្រី​បាន​អះអាង​ថា អាជ្ញាធ​រមិនទាន់​យកចិត្ត​ទុកដាក់​ពីបញ្ហានេះ​ឡើយ ​​ដែល​ជាហេតុ​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​នៅតែបន្ត​សកម្មភាព​បំពាន​ ហើយ​កាល​ណា​បាត់បង់​ដី និងព្រៃ​សមូហភាព​ គឺ​បាត់បង់​ប្រពៃណី ​និងអត្តសញ្ញាណ​របស់​ជនជាតិ​ដើមភាគ​តិច​របស់ពួកគេ។

ចំណែក​ លោក ក្រាត់​ នឿន​ អនុប្រធាន​សហគមន៍​ជនជាតិព្នង​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ បានឲ្យដឹង​ថា ​ដីសហគមន៍​ប្រមាណ​៨០០​ ហិចតា​ មិនទាន់​បានចុះ​បញ្ជី​ជាផ្លូវការ​ ហើយ​មិនទាន់​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​នោះទេ​។ លោក​បាន​បន្ថែម​ទៀតថា​ ដី​ទាំងនោះ​ជា​ដី​ស​មូហភាព​ដែល ​សំបូរ​ទៅ​ដោយ​ព្រៃក្រាស់ ​ហើយ​គ្មានបុគ្គល​ណា​មាន​សិទ្ធិ​ក្នុង​ការលក់នោះ​ទេ​។ ​តំបន់​ដែល​មិនទាន់​បាន​ចុះ​បញ្ជី​ គឺ​ជា​តំ​បន់​សម្រាប់​ប្រជា​សហគមន៍​អាស្រ័យ​ផល​ដើម្បី​ជីវភាព​រស់នៅ ​ដោយ​ពឹងផ្អែក​លើ​ដើមជ័រ​ជាគោល​តាំង​ពីដូនតា​ ​ប៉ុន្តែ​សព្វថ្ងៃ ​តំបន់​នោះគឺ​មានការ​បំពាន​ពី​អ្នកខាងក្រៅ​សហគមន៍​។

ជាក់ស្ដែង​ ប្រជា​សហគមន៍​មួយ​ចំនួន​មិនទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ឬ​ផែនទី​បឋម​ ដើម្បី​ដាក់​ស្នើរ​ទៅ​ក្រសួង​នៅឡើ​យទេ​ ហើយ​មួយ​ចំនួន​ទៀត​មានភាព​មមាញឹក​ក្នុងជីវភាព​ប្រចាំថ្ងៃ។ ​ហេតុដូច្នេះ ​ការចុះបញ្ជី​កម្មសិទ្ធិ​ដីសមូហភាព​នៅមាន​ភាព​យឺតយ៉ាវ​។ ​បន្ថែម​ពីនេះ ​កាលណា​សហគមន៍​មិនមាន​ប្លង់​កម្មសិទ្ធិ​ ធ្វើ​ឲ្យពួកគាត់​មិនមាន​សុវត្ថិភាព​ក្នុងការប្រើប្រាស់​ដីធ្លី​ និង​ធ្វើឲ្យអ្នកដទៃ​អាចបំពាន​ដីរបស់​ពួកគាត់​បានដោយសេរី​។ នេះ​បើតាមលោក ​អៀ ​ចុង​ ប្រធាន​កម្មវិធី​ដីធ្លី ​និងជីវភាព​ នៃវេទិការអង្គការមិនមែនរដ្ឋាភិបាល​។ លោក​គ្រោង​នឹង​សំណូមពរ​ទៅកាន់​ក្រសួងពាក់ព័ន្ធ​ ដើម្បី​សហការដោះ​ស្រាយ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគតិច​ ឬ​ធ្វើ​វេទិកា​រួមមួយ​រវាង​ក្រសួង​និង​ប្រជាសហគមន៍​។

គួរបញ្ជាក់ថា​ ក្រុម​ប្រជាសហគមន៍​ដែល​ជួប​ប​ញ្ហា​នេះ ​គឺ​នៅតំបន់​គោលដៅ​នៃខេត្តរតនគិរី​ មណ្ឌលគិរី​ ក្រចេះ ​ស្ទឹងត្រែង​ និង​ព្រះវិហារ​។ ចំណែក​ឯ ក្រ​សួងពាក់​ព័ន្ធ​ជាមួយបញ្ហានេះមាន​ ក្រសួងដែនដី​ ក្រសួងបរិស្ថាន​ ក្រសួងអភិវឌ្ឍជនបទ​ ក្រសួងកសិកម្ម​ និងក្រសួងមហាផ្ទៃ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ