អានតួអត្ថបទ
កម្ពុជា-នយោបាយ

អឺរ៉ុប​អំពាវនាវ​ជា​ថ្មី​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ

ជា​ថ្មី​ម្តង​ទៀត សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​កឹម សុខា ជា​បន្ទាន់​ពី​ពន្ធនាគារ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយ​តំណាង​សហភាព​អឺរ៉ុប​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​១៤ មីនា។ ការ​អំពាវនាវ​នេះ​ទៀត​សោត ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​មេធាវី កំពុង​ខ្នះ​ខ្នែង​ស្នើ​នាំ​យក​លោក​កឹម សុខា ទៅ​ព្យាបាល​ជំងឺ​នៅ​ឯ​មន្ទីរពេទ្យ។

លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​១៤ មីនា សហភាព​អឺរ៉ុប​បាន​អះអាង​ថា ខ្លួន​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​បង្រ្កាប​រឹង​រឹត​តែ​ខ្លាំង​ឡើង​ទៅ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ សហភាព​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់ មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​លោក​កឹម សុខា ពី​ពន្ធនាគារ។ ចំពោះ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​វិញ សហភាព​អឺរ៉ុប បាន​អះអាង​ថា ការ​រំលាយ​ដោយ​បង្ខំ​នេះ គឺ​ជា​ការ​ដើរ​ខុស​គន្លង​មាគ៌ា​ប្រព័ន្ធ​ពហុបក្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។

សម្រាប់​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា ការ​ចាប់​ខ្លួន​លោក​កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ជា​ការ​អនុវត្ត​ទៅ​ច្បាប់​របស់​កម្ពុជា​ក្នុង​បុព្វហេតុ​ការពារ​ផល​ប្រយោជន៍​ខ្មែរ​ហើយ​ជា​ពិសេស​នោះ គឺ​ការពារ​សន្តិភាព។ គឺ​នៅ​ក្រោម​ហេតុផល​សន្តិភាព​នេះ​ហើយ​ដែល​លោក​កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ខណៈ​គណបក្ស​សង្រ្គោះ​ជាតិ​វិញ ត្រូវ​បាន​រំលាយ​ដោយ​ចោទ​ថា​ បាន​រៀប​ចំ​ធ្វើ​បដិវត្តពណ៌​នៅ​កម្ពុជា។

ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា និង​ទាមទារ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ដើម្បី​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ពេល​ខាង​មុខ​នេះ។ ពួក​គេ​ថែម​ទាំង​ព្រមាន​ទៀត​ថា បើ​សិន​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូល​រួម​ទេ នោះ​ការ​បោះ​ឆ្នោត​នឹង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ឡើយ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប​ក៏​យល់​ឃើញ​ដូច​គ្នា​នេះ។ សហភាព​អឺរ៉ុប បាន​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ដែល​គ្មាន​វត្តមាន​បក្ស​ប្រឆាំង គឺ​ជា​ការ​បោះ​ឆ្នោត​មិន​ស្រប​ច្បាប់។

ប្រឈម​នឹង​បញ្ហា​នេះ សហភាព​អឺរ៉ុប បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​មាន​ការ​ដាក់​ឲ្យ​ដំណើរ​ការ​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ​ឲ្យ​បាន​រហ័ស ព្រម​ទាំង​ផ្តល់​ភាព​ជា​តំណាង​រាស្រ្ត​និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ដល់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ។ ទន្ទឹម​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បំពេញ​តួ​នាទី​ស្រប​ច្បាប់​របស់​ពួក​គេ​បាន​ពេញ​លេញ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ