ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

សភាព​អឺរ៉ុប​ជំរុញ​កម្ពុជា​ពិចារណា​ឡើង​វិញ​បណ្តឹង​រំលាយ​បក្ស​ប្រឆាំង

media  
សភាអឺរ៉ុប @សហការី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​និង​សហភាព​អឺរ៉ុប​ដែល​ជា​បណ្តុំ​ប្រទេស​បើក​កូតា​ឲ្យ​កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​នេះ​ដោយ​​មិន​បាច់​បង់​ពន្ធ​នោះ បាន​ចេញ​សេច​ក្តី​​ថ្លែង​ការណ៍​ថ្មី​មួយ​ដោយ​ឡែក​ពី​គ្នា ដោយ​​ជំ​រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​ចំពោះ​ការប្តឹង​រំលាយ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។ តែ​អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ហៅ​ការ​លើកឡើង​នេះ​ថា ​កំពុង​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​។

អត្ថបទដោយ៖ ​អ៊ឹង ប៊ុនថន

ក្នុង​សេច​​ក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៩​តុលា សហភាព​អឺរ៉ុប បាន​បញ្ជាក់​ច្បាស់ៗ​ថា ក្នុង​បរិបថ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាត់​ឡើង​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​រំលាយ​បក្ស​ប្រឆាំង​​ដ៏​ធំ គឺ​មាន​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ សហ​ភាព​អឺរ៉ុប លើក​ឡើង​ថា ការ​ដក​យក​ចេញ​ដោយ​បង្ខំ​ពី​ឆាក​នយោបាយនៃ​គណបក្ស​មួយ​ដែល​ឈ្នះ​សំឡេង​ឆ្នោត​ពលរដ្ឋ​ជាង​៤០%​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ថ្មី​ៗ​នេះ​អាច​ជា​ការ​វាយ​​ប្រហារ​​យ៉ាង​ធ្ងន់​​ធ្ងរ​លើ​​លទ្ធិ​​ប្រ​ជា​ធិប​តេយ្យ​នៅ​​កម្ពុជា​និង​​អាច​​ធ្វើ​​បាត់​​បង់​​កិត្យានុភាព​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​បច្ចុប្បន្ន​។ ផ្អែក​លើ​​ហេតុ​ផល​នេះ​ហើយ សហ​ភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​កម្ពុជា​ពិចារណា​ឡើង​វិញ ​ចំពោះ​ការ​ប្តឹង​រំ​លាយ​បក្ស​សង្រ្គោះ​ជាតិ។

ជាមួយ​គ្នា​នេះ​ដែរ អង្គ​ការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ Human Right Watch បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​១០​តុលា​នេះ​ថា​ប្រ​សិន​រដ្ឋាភិ​បាល​កម្ពុជា​ដាក់​សម្ពាធ​លើ​តុលាការ​កំពូល​នោះ​គណ​បក្ស​សង្រ្គោះ​ជាតិ​នឹង​ត្រូវ​គេ​បដិសេធ​​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ឡើយ​។

លោក James Ross ​នាយក​ផ្នែក​គោល​នយោបាយ​និង​ច្បាប់​នៃ​អង្គការ Human Right Watch បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា បណ្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​ធ្វើ​ឡើង​ដោយ “ឥត​អៀន​ខ្មាស​ដើម្បី​​បន្ត​គ្រប់​គ្រង​អំណាច​”។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​ចាប់​​អារម្មណ៍​លើ​ប្រតិកម្ម​​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​ទេ។ ប៉ុន្តែ​ការ​ប្រតិ​កម្ម​របស់​សហភាព​អឺរ៉ុប លោក​ថា ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​ដោយ​​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​។ លោក សុខ ឥសាន ចាត់​​ទុក​​សេច​ក្តី​ថ្លែង​ការណ៍​​របស់​​សហភាព​អឺរ៉ុប ថា​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ មិនមាន​ឥទ្ធិ​ពល​លើ​​រដ្ឋា​ភិបាល​កម្ពុជា​ឡើយ​។

សូម​បញ្ជាក់​ថា មក​ទល់​ពេលនេះ​​តុ​លា​ការ​កំ​ពូល​កំពុង​តែ​ពិនិត្យ​មើល​លើ​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ជុំវិញ​បណ្តឹង​របស់​គណ​បក្ស​ចំនួន​ពីរ​ដែល​ប្តឹង​ឲ្យ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ