អានតួអត្ថបទ
កម្ពុជា-សហភាអឺរ៉ុប

ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប ព្រមាន​ចាត់​វិធានការ​ជាក់​ស្តែង​លើ​រដ្ឋាភិបាល​កម្ពុជា

ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​រដ្ឋមន្ត្រី​តំណាង​ឲ្យ​២៨​ប្រទេស បាន​ចេញ​សម្រេច​ថ្មី​មួយ​ កាល​ពី​ម្សិល​មិញ ដោយ​ព្រមាន​ចាត់«​វិធានការ​ជាក់​ស្តែង​»លើ​រដ្ឋាភិបាល​កម្ពុជា ​ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​នេះ​នៅ​តែ​មិន​ល្អ​ដូច​បច្ចុប្បន្ន​។ នេះ​ជា​សេចក្តី​សម្រេច​ដែល​ធ្វើ​ឡើង​​ក្រោយ​ពី​កិច្ច​ប្រជុំ​នៅ ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ថ្ងៃទី​២៦ ខែ​កុម្ភៈ​នេះ។ តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ចាត់​ទុក​វិធានការ​នេះ ថា​គ្មាន​ប្រសិទ្ធភាព​លើ​រដ្ឋាភិបាល​កម្ពុជា​ដដែល។

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​សម្រេច​ចំនួន​១១​ចំណុច ពី​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប នៅ​តែ​ទទូច​ជា​ថ្មី​ទៀត​ឲ្យ​ដោះ​លែង លោក កឹម សុខា និង​បើក​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ។ បើ​ពុំ​ដូច​នោះ​ទេ បណ្តុំ​ប្រទេស​ចំនួន​២៨​នេះ ព្រមាន​ថា​នឹង​ចាត់​​វិធានការ​ជាក់​ស្តែង​មួយ​ចំនួន ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ឲ្យ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ខាង​មុខ។

សេចក្តី​សម្រេច​កម្រាស់ ៤​ទំព័រ​នេះ ​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​ក៏​បាន​រំលឹក​ជា​ថ្មី​ម្តង​ទៀត​ថា សហភាព​អឺរ៉ុប គឺ​ជា​ទី​ផ្សារ​នាំ​ចេញ​ទំនិញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ដែល​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ ក្រោម​កិច្ច​ព្រម​ព្រៀង​ទំនិញ​គ្រប់​មុខ​លើក​លែង​តែ​អាវុធ។ ប៉ុន្តែ​ក្រុម​ប្រឹក្សា​សហភាព​​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់ៗ​ថា ការ​អនុគ្រោះ​ពន្ធ​អាច​បន្ត​អនុវត្ត​ទៅ​បាន លុះ​ត្រា​តែ​កម្ពុជា គោរព​សិទ្ធិ​មនុស្ស សេរី​ភាព​ជា​មូលដ្ឋាន និង​​សិទ្ធិ​ការងារ។

នៅ​ចុង​បញ្ចប់ ​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប បាន​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​ការ​វិវឌ្ឍន៍​​នៃ​ស្ថានភាព​ប្រទេស​កម្ពុជា។

លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​មាន​ជំហរ​រក្សា​ទំនាក់​ល្អ​ជាមួយ​សហភាព​អឺរ៉ុប​ឈរ​លើ​មូល​ដ្ឋាន​មិន​ជ្រៀត​ជ្រែក​កម្ពុជា​ផ្ទៃ​រវាង​គ្នា​នឹង​គ្នា ហើយ​សង្ឃឹម​ថា​EU ក៏​មាន​ជំហរ​បែប​នេះ​ដែរ។

យ៉ាង​នេះ​ក្តី ដោយ​ភ្ជាប់​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុបនេះ លោក សម រង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​ព្រមាន​ថា ”បើ​លោក ហ៊ុន សែន នៅ​តែ​កាន់​អំណាច​បែប​នេះ​ទៀត ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន នឹង​បាត់​បង់​ការងារ​ បាត់​បង់​ជីវភាព​រស់​នៅ និង​បាត់​បង់​សិទ្ធិ​សេរីភាព​ទាំង​អស់”

ប៉ុន្តែ​លោក កឹម សុខា តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក គឺ​គ្រាន់​តែ​បញ្ជាក់​ថា “ប្រសិន​បើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​ប្រសើរ​ឡើង​ទេ សហគមន៍​អឺរ៉ុប​ដែល​ជា​ទី​ផ្សារ​ធំ​បំផុត​របស់​កម្ពុជា​នឹង​ចាត់​វិធានការ​ទណ្ឌកម្ម​ជាក់​លាក់​មួយ​ចំនួន”។

ផ្ទុយ​ទៅ​វិញ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​អះអាង​ថា អ្វី​ដែល​សហភាព​អឺរ៉ុប​ទាម​ទារ​ឲ្យ​​ដោះ​លែង លោក កឹម សុខា គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។​ ចំណែក ការ​ទាមទារ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ក៏​ដូច​គ្នា​នេះ​ដែរ ដោយ​លោក​សំអាង​ថា ជា​ការ​អនុវត្តន៍​ច្បាប់​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ