អានតួអត្ថបទ
កម្ពុជា

សភាអឺរ៉ុប​ត្រៀម​យក​បញ្ហា​កម្ពុជា​មក​ពិភាក្សា​ជា​ថ្មី ខណៈ​សភា​អាមេរិក​ទើប​អនុម័ត​ដីកា​លេខ៧២៨​ស្តីពី​កម្ពុជា

សភា​សហភាព​អឺរ៉ុប​ ដែល​តំណាង​ឲ្យ​ស្ថាប័ន​នីតិ​បញ្ញត្តិ​នៃ​ប្រទេស​ចំនួន​២៨ នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កក្កដា​ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​របស់​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែង​ការណ៍ នៅ​ចំពោះ​មុខ​សមាជិក​សភា​សហភាព​អឺរ៉ុប​នេះ​ដែរ។ កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​អនុគណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​អាមេរិក ទើប​តែ​អនុម័ត​ជា​ឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​ទី​៦​កក្កដា លើ​សេចក្ដី​សម្រេច​ចិត្ត​ លេខ​៧២៨ ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ចប់​រាល់​ការ​យាយី និង​ការ​គំរាម​កំហែង​មក​លើ​គណ​បក្ស​ប្រឆាំង។

លោ​ក​សម ​រង្ស៊ី ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែងការណ៍​ នៅ​ចំពោះ​មុខ​សមាជិក​សភាស​ហភាព​អឺរ៉ុប នៅថ្ងៃ​ទី​ ១៣​ ខែ​កក្កដា​ខាង​មុខ​នេះ ​​
លោ​ក​សម ​រង្ស៊ី ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែងការណ៍​ នៅ​ចំពោះ​មុខ​សមាជិក​សភាស​ហភាព​អឺរ៉ុប នៅថ្ងៃ​ទី​ ១៣​ ខែ​កក្កដា​ខាង​មុខ​នេះ ​​
ផ្សាយពាណិជ្ជកម្ម

ជា​ដំបូង គួរ​រំលឹក​ជូន​ថា នេះ​គឺ​ជា​លើក​ទី​៣​ហើយ ដែល​សភា​សហភាព​អឺរ៉ុប បាន​លើក​យក​បញ្ហា​របស់​ប្រទេស​កម្ពុជា​មក​ពិភាក្សា ចាប់​តាំង​ពី​កម្តៅ​នយោបាយ​នៅ​កម្ពុជា​បាន​ផ្តើម​ឡើង​វិញ នៅ​ខែ​កក្កដា​ឆ្នាំ​២០១៥​មក។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សភា​សហភាព​អឺរ៉ុប បាន​ចេញ​ដីកា​ដំណោះ​ស្រាយ​រួម​មួយ ​សម្រាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា គឺ​នៅ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ ការ​កាត់​ទោស ​ការ​គំរាម​កំហែង ​និង​ការ​វាយ​ប្រហារ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង និង​ការ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ ចំណែក​សេចក្តី​សម្រេច​មួយ​ទៀត ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១៦ ដែល​បាន​អនុម័ត​នូវ​ដីកា​ដំណោះ​ស្រាយ​លេខ 2016/2753 (SRP) ស្តី​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។ តាម​រយៈ​ដីកា​ដំណោះ​ស្រាយ​ចុង​ក្រោយ​នេះ សភា​សហភាព​អឺរ៉ុប​ ដែល​មាន​ប្រទេស​ចំនួន​២៨ តំណាង​ដោយ​សមាជិក​សភា​ជាង​៦០០​នាក់ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​សមាជិក គ.ជ.ប មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​អស់​។ ​ជា​សេចក្តី​សម្រេច​ចិត្ត អម​ដោយ​ការ​ព្រមាន​ផ្អឹប​ទុក​នូវ​ជំនួយ​ ៤៦៥​លាន​ដុល្លារ ដែល​ត្រូវ​ផ្ដល់​ឲ្យ​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០២០។ ប៉ុន្តែ​សេចក្តី​សម្រេច​ទាំង​នោះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១២​មិថុនា ដោយ​បាន​ចាត់​ទុក​សេចក្តី​សម្រេច​ចិត្ត​នោះ​ថា គឺ​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត​ជា​ច្រើន។

លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៧​កក្កដា​ថា​ លោក សម រង្ស៊ី នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែងការណ៍​នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​សភា​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៣ កក្កដា ខាង​មុខ​នេះ។

គួរ​ជម្រាប​ជូន​ថា កិច្ច​ប្រជុំ​សភា​សហភាព​អឺរ៉ុប​ស្តីពី​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​នេះ ធ្វើ​ឡើង ស្រប​ពេល​ដែល​ប្រតិកម្ម​ពី​សហគមន៏​អន្តរជាតិ​បាន​ធ្លាក់​មក​បន្ត​កន្ទុយ​គ្នា​ ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ កាល​ពី​ថ្ងៃ​ទី​៦​កក្កដា​ថ្មី​ៗ​នេះ អនុគណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​អាមេរិក ទើប​តែ​បាន​អនុម័ត​នូវ​សេចក្តី​សម្រេច​ចិត្ត​ លេខ​៧២៨ ដោយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ឈប់​ការ​យាយី និង​គំរាម​កំហែង​មក​លើ​គណបក្ស​ប្រឆាំង។ សេចក្ដី​សម្រេច​ចិត្ត​នេះ​ក៏​ថ្កោល​ទោស​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជំរុញ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះដែរ​។ ដោយ​ឡែក កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៣២ កាល​ពី​ថ្ងៃ​ទី​១ ​កក្កដា ក៏​បាន​សម្រេច​ដាក់​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ការ​កត់​សម្គាល់​អវិជ្ជមាន​ផង​ដែរ។ ក្រៅ​ពី​នេះ នៅ​មាន​ប្រតិកម្ម​ពី​ព្រឹទ្ធសមាជិក​សភា​អាមេរិក ដែល​បាន​ព្រមាន​ពី​ការ​ស្នើ​សុំ​ផ្តាច់​ជំនួយ​ពី​កម្ពុជា ជាង​៨០​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ប្រតិកម្ម​ពី​តំណាង​ស្ថាប័ន​នីតិ​បញ្ញត្តិ​ទាំង​នេះ ហាក់​ពុំ​សូវ​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ