អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​តំណាង​ធុរ​កិច្ច​អឺរ៉ុប​នៅ​កម្ពុជា​ជំទាស់​នឹង​ការ​សម្រេច​ដំណើរ​ការ​ព្យួរ​EBA របស់​គណៈ​កម្មការ​អឺរ៉ុប លើ​កម្ពុជា​

វិស័យ​ឯកជន​អឺរ៉ុប​ប្រចាំ​កម្ពុជា​ចំនួន​៥​ តំណាង​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​លោក​ស្រី Cecilia Malmstrom ស្នង​ការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ដើម្បី​សម្តែង​ក្តី​កង្វល់​ចំពោះ​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ការ​ដក​ហូត​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ (EBA) ពី​ប្រទេស​កម្ពុជា និង​ស្នើ​សុំ​ជួប​លោកស្រី ដោយ​ផ្ទាល់​។ ប្រតិកម្ម​របស់​ផ្នែក​ធុរកិច្ច​អឺរ៉ុប​ដូច្នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​៥​តុលា កន្លង​ទៅ បាន​ប្រកាស​ដំណើរ​ការ​ព្យួរ EBA លើ​ប្រទេស​កម្ពុជា​។ 

EuroCham Cambodia
EuroCham Cambodia @FB/ EuroCham Cambodia
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​រួម​គ្នា​មួយ ផ្ញើ​ទៅ​កាន់​លោកស្រី Cecilia Malmstrom ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម វិស័យ​ឯកជន​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ចំនួន​៥ រួម​មាន សភា​ពាណិជ្ជកម្ម​អឺរ៉ុប សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង ក្រុម​ធុរកិច្ច​អាល្លឺម៉ង់ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ខាង​ជើង និង​សមាគម​ធុរកិច្ច​អ៊ីតាលី បាន​ហៅ​ការ​ប្រកាស​របស់​លោក​ស្រី Malmstrom កាល​ពី​ថ្ងៃ​ទី​៥​តុលា​ឆ្នាំ​២០១៨ ថា​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រយោជន៍​ពាណិជ្ជកម្ម​យូរ​អង្វែង​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។

តំណាង​ផ្នែក​ឯកជន​ទាំង​នេះ បាន​អះអាង​ថា ពួក​គេ​បាន​ការពារ​គោល​ការណ៍ និង​គុណ​តម្លៃ​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ ដើម្បី​អភិវឌ្ឍន៍​ទំនាក់ទំនង​ជាមួយ​ផ្នែក​ឯកជន​របស់​កម្ពុជា និង​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា តាម​រយៈ​សកម្មភាព​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នា​។ ក៏​ប៉ុន្តែ សេចក្តី​សង្ឃឹម​នេះ នឹង​មិន​អាច​ទៅ​រួច​ទេ នៅ​ក្នុង​បរិបទ​មួយ ដែល​អាច​នឹង​មាន​ការ​ព្យួរ​ភាព​អនុគ្រោះ EBA ឬ​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​សហភាព​អឺរ៉ុប ដោយ​វិស័យ​ឯកជន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​ធ្វើ​ការ​វាយ​តម្លៃ​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាមុន​សិន អំពី​ផល​វិបាក​ដែល​អាច​បង្ក​ឡើង ដោយ​ការ​ព្យួរ​ឋានៈ​ភាព​អនុគ្រោះ​ក្រោម​របប EBA នេះ​។ នេះ​បើ​តាម​លិខិត​របស់ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។

ទន្ទឹម​គ្នា​នឹង​ស្នើ​ឲ្យ​រក​ផ្លូវ​ធ្វើ​ចំណាត់​ការ​ផ្សេង​វិញ ដើម្បី​លើក​ស្ទួយ​គុណ​តម្លៃ​របស់​សហភាព​អឺរ៉ុប​ ដូច​ជា​សកម្មភាព​សហ​ប្រតិបត្តិការ ជា​ជាង​ការ​អនុវត្ត​វិធានការ​ព្យួរ​ឬ​ដាក់​ទណ្ឌ​កម្ម​ពាក់​ព័ន្ធ​នឹង EBA តំណាង​សហគមន៍​ធុរកិច្ច​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏​បាន​លើក​ឡើង​ពី​ការ​ប្រឹង​ប្រែង​តស៊ូ​មតិ​ជាមួយ​នឹង​រដ្ឋា​ភិបាល​កម្ពុជា ដែល​នាំ​មក​នូវ​បរិយាកាស​ធុរកិច្ច​ល្អ​ប្រសើរ​។

តំណាង​វិស័យ​ឯកជន​អឺរ៉ុប​ទាំង​នេះ ថែម​ទាំង​បាន​ហៅ​ការ​ព្យួរ​ភាព​អនុគ្រោះ EBA ថា​ជា​ការ​ប្រថុយ​ប្រថាន​មួយ​នាំ​មក​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ ពោល​គឺ​គំរាម​ដោយ​ផ្ទាល់​ដល់​ការ​ប្រកួត​ប្រជែង​ផ្នែក​ធុរកិច្ច​អឺរ៉ុប​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ផ្សេងៗ​ទៀត​របស់​អឺរ៉ុប​។

ជាមួយគ្នា​នេះ តាម​រយៈ​លិខិត​របស់​ខ្លួន តំណាង​ឲ្យ​សហគមន៍​ធុរកិច្ច​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏​បាន​ស្នើ​សុំ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ឆាប់ៗ​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​គោល​បំណង​របស់​ខ្លួន ក៏​ដូចជា​វិធាន​ការ​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដែល​គណៈ​កម្មការ​ចង់​ឲ្យ​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​មាន​ភាព​មិន​ច្បាស់​លាស់ និង​មាន​ការ​យល់​ច្រលំ​ច្រើន​ជុំវិញ​សេចក្តី​ប្រកាស​របស់​គណៈ​កម្មការ​អឺរ៉ុប​នេះ​។ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏​ស្នើ​សុំ​ជួប លោក​ស្រី Cecilia Malmstrom ផង​ដែរ នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​រវាង អាស៊ី-អឺរ៉ុប នៅ​ទីក្រុង​ប៊្រុច​សែល ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កង្វល់​របស់​ផ្នែក​ឯកជន​អឺរ៉ុប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ