អានតួអត្ថបទ
កម្ពុជា-សហភាអឺរ៉ុប

លោក​រ៉ុង ឈុន ព្រមាន​ដឹក​នាំ​បាតុ​កម្ម ទទូច​​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទទួល​យក​សំណើ​ពី​សហ​ភាព​អឺរ៉ុប​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ កញ្ញា​នេះ បាន​ប្រកាស​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បន្ទន់​ឥរិយាបថ និង​ចូល​តុ​ចរ​ចា​។ ចូល​តុ​ចរ​ចា គឺ​ដើម្បី​បញ្ជៀស​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប បន្ទាប់​ពី​សភា​ ​​ដែល​​មាន​​សមាជិក​​ចំនួន​​២៨​ប្រទេស​​នេះ បាន​ដាក់​ឱសាន​វាទ​៣​ខែ ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​។ តែ​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា បាន​ព្រមាន​បង្ក្រាប បើ​ជា​បាតុកម្ម​ខុស​ច្បាប់​។ 

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ កញ្ញា​នេះ លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើក​ឡើង​​នូវ​ក្តី​​​បារម្ភ​របស់​លោក ពី​អនាគត​កម្មករ​កម្ពុជា​រាប់​ម៉ឺន​នាក់ ដែល​ប្រឈម​នឹង​​ការ​បាត់​បង់​ការងារ ប្រសិន​បើ​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា​។

ប្រឈម​នឹង​ការ​ព្រួយ​បារម្ភ​នេះ អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​រូប​នេះ បាន​អះ​អាង​ថា លោក​នឹង​ដឹក​នាំ​ធ្វើ​បាតុ​កម្ម​មួយ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ទទួល​យក​សំណើ​របស់​សភា​សហភាព​អឺរ៉ុប ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​។ អ្វី​ដែល​ជា​​ការ​​ចង់បាន​របស់​សហភាព​អឺរ៉ុប​នោះ​គឺ ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី ការ​ដោះ​លែង​លោក កឹម សុខា ​ប្រធាន​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។ បាតុកម្ម​របស់​លោក រ៉ុង ឈុន គ្រោង​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នា​អំឡុង​ចុង​ខែ​តុលា​ខាង​មុខ​នេះ ដោយ​មាន​ការ​ដើរ​ដង្ហែរ​ក្បួន​ផង​។

យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​​​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាត់​ទុក​ថា គម្រោង​ធ្វើ​បាតុកម្ម​របស់​លោក រ៉ុង ឈុន នេះ ថា​គឺ​ជា​លេស​មួយ ដើម្បី​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​។ លោក ផៃ ស៊ីផាន បាន​ព្រមាន​​ថា​សមត្ថកិច្ច​​ ​នឹង​​​បង្ក្រាប​ទៅ​លើ​​បាតុកម្ម​​របស់​​លោក​ រ៉ុង ឈុន ប្រសិន​​បើ​​បាតុកម្ម​​នោះ ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​។

គួរ​ជំរាប​ជូន​ថា សភា​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី ១៣កញ្ញា ​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ ​ស្តី​ពីការ​ស្តារ​ស្ថានការណ៍​​នយោបាយ​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ឡើង​វិញ​។ ដោយ​ក្នុង​នោះ សភា​សហភាព​អឺរ៉ុប បាន​ស្នើ​ដល់​រដ្ឋា​ភិបាល​ទីក្រុង​ភ្នំពេញ​ឲ្យ​ទម្លាក់​ចោល​គ្រប់​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​លោក ​កឹម សុខា ​ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ។ ក្រៅ​ពី​នោះ សភា​អឺរ៉ុប​ ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​​ទម្លាក់​​ចោល​នូវ​បទ​​ចោទ​​ទាំងឡាយ​ ​លើ​ថ្នាក់​ដឹក​នាំ​​នយោបាយ​​ផ្សេង​​ទៀត រួម​មាន​ទាំង​​លោក ​សម រង្ស៊ី​ ផង​​ដែរ​។

ចំណែក​​ប្រមុខ​​ការ​​ទូត​​អឺរ៉ុប​​លោកស្រី ​ហ្វេដេរីកា ម៉ូហ្កេរីនី​ ក៏​បាន​ទាមទារ​ដូច​សមាជិក​សភា​​អឺរ៉ុប​​ដែរ ដោយ​​បាន​​ទទូច​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិត​គូរ​ឡើង​វិញ​ពី​បញ្ហា​នេះ និង​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​គ្មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបទ​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ពី​ពេល​នេះ​ទេ នោះ​ក្រុម​ប្រឹក្សា​អឺរ៉ុប ​នឹង​ចាត់​វិធានការ​ឲ្យ​​សក្តិសម​បំផុត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ