អានតួអត្ថបទ
កម្ពុជា-សហភាអឺរ៉ុប

​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ព្រុយ​សែល​ចាត់​ទុក​សេចក្តី​សម្រេច​របស់​សភា​អឺរុប​ ថា​លំអៀង​និង​បំផ្លើស​

ភ្លាម​ៗ​ក្រោយ​សភា​អឺរុប​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​ ពី​ស្ថានការណ៍​នៅ​កម្ពុជា ស្ថាន​ទូត​នៃព្រះ​រាជាណាចក្រ​កម្ពុជា ប្រចាំ​ទី​ក្រុង​ព្រុយ​សែល បាន​ឆ្លើយ​តប​ដោយ​សោកស្តាយ​​ថា សភា​អឺរុប អនុម័ត​សេចក្តី​សម្រេច​នោះ ក្នុង​ស្មារតី​លំអៀង និង​បំផ្លើស​។ តំណាង​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​ព្រុយ​សែល បាន​បញ្ជាក់​ថា​មិន​អាច​ទទួល​យក​សេចក្តី​សម្រេច​នោះ​បាន​ទេ ព្រោះ​ក្នុង​ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​នោះ ​មាន​តែ​ការ​ស្រង់​យក​ប្រភព​ពី​ខាង​បក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល មក​ធ្វើ​ជា​សំអាង​ ដើម្បី​ថ្កោល​ទោស​លើ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​។  

ស្ថានទូតខ្មែរប្រចាំព្រុយសែលចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរុប ថាលំអៀងនិងបំផ្លើស
ស្ថានទូតខ្មែរប្រចាំព្រុយសែលចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរុប ថាលំអៀងនិងបំផ្លើស @សហការី
ផ្សាយពាណិជ្ជកម្ម

សំណួរ​ដែល​បញ្ជាក់ ពី​ការ​ទាត់​ចោល​នូវ​សេចក្តី​សម្រេច​របស់​សភា​អឺរុប​នោះ រួម​មាន «បើ​សេចក្តី​សម្រេច​របស់​សភា​អឺរុប​ មិន​អាច​ធ្វើ​ឲ្យ​មាន​ស្តង់ដា​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិតេយ្យ​ក្នុង​រដ្ឋ​ជា​សមាជិក​អឺរុប​ផង តើ​សភា​អឺរុប អាច​មក​រំពឹង​យ៉ាង​ម៉េច​ថា​សេចក្តី​សម្រេច​នោះ អាច​ល្អ​ឥតខ្ចោះ​ក្នុង​ប្រទេស​កម្ពុជា​?» ចំណែក​សំណួរ​ទី ២ គឺ «​បើ​សភា​អឺរុប តែង​តែ​អនុវត្ត ​ស្តង់​ដារ ២ បូក​រួម​នឹង​ការ​បំផ្លើស​ផង​ តើកម្ពុជា អាច​ផ្តល់​តម្លៃ​ដល់​សេចក្តី​សម្រេច​ចិត្ត​នោះ​ដោយ​របៀប​ណា​?»

សូម​រម្លឹក​ជូន​ថា ក្នុង​សេចក្តី​សម្រេច​របស់​សភា​អឺរុប ដែល​មាន​ ១៣​ចំនុច មាន​ការ​អំពាវនាវ​ឲ្យ​ប្រទេស​អឺរុប​ទាំង​អស់ កុំ​គាំ​ទ្រ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិល​ត្រលប់​ទៅ​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​បោះឆ្នោត​នៅ​អណត្តិ​ក្រោយ​ៗ​ទៀត​។

សម្រាប់​សភា​អឺរ៉ុប ការ​បោះឆ្នោត​សភា​នៅ​កម្ពុជា​នា​ចុង​ខែ​កក្កដា​កន្លង​មក ​ដែល​គណបក្សប្រជាជនកម្ពុជា​ទទួល​បាន​អសនៈ​ទាំង​ ១២៥​នោះ ជា​ការ​បោះឆ្នោត​មិន​សេរី និង​មិន​យុត្តិធម៌។ ក្នុង​សេចក្តី​សម្រេច​នោះ ក៏​មាន​ផង​ដែរ ​ការ​​ស្នើ​ដល់​រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ ​ឲ្យ​ទម្លាក់​គ្រប់​បទ​ចោទ​ប្រកាន់ និង​ដោះលែង​លោក​កឹម សុខា​ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ​។ ក្រៅ​ពី​ករណី​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ លោក​កឹម សុខា សភា​អឺរ៉ុប​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹក​នាំ​នយោបាយ​ផ្សេង​ទៀត​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ មាន​ទាំង​លោក​សម រង្ស៊ី​ ផង និង​គ្រប់​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​អស់ បូក​រួម​ទាំង​ផលិតករ​ភាព​យន្ត​ឯកសារ​ជន​ជាតិ​អូស្ត្រាលី លោក James Ricketson ដែល​ទើប​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ រយៈពេល ៦​ឆ្នាំ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប ​ហ្វេដេរីកា ម៉ូហ្កេរីនី​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ គិត​គូរ​ឡើង​វិញ​ពី​បញ្ហា​នេះ និង​ព្រមាន​ទុក​ជា​មុន​ថា បើ​គ្មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបទ​ណា​មួយ​ ពី​រដ្ឋាភិបាល​កម្ពុជា​ទេ នោះ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ នឹង​ចាត់​វិធានការ​ឲ្យ​សក្តិសម​បំផុត​។

ប៉ុន្តែ​ជា​ការ​ឆ្លើយតប តំណាង​រដ្ឋាភិបាល​កម្ពុជា​ អះអាង​ថា ខ្លួន​មាន​ភស្តុតាង​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​នៃ​ការអនុវត្ត​ច្បាប់​ទៅ​លើ​កឹម សុខា និង​ជន​ជាប់​ចោទ​ផ្សេង​ទៀត នា​ពេល​កន្លង​មក​។ ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ព្រុយ​សែល​ដដែល​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​គម្រាម​ដាក់​ទណ្ឌកម្ម​របស់​សភា​អឺរុប ដែល​មិន​មាន​ភាព​យុត្តិធម៌ ខណៈ​ប្រទេស​ដទៃ ដែល​មាន​អំពើ​​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៅ​ទៀត​នោះ នៅ​តែ​អាច​បន្ត​កិច្ច​ព្រៀមព្រៀង​លើក​លែង​ពន្ធ​ពាណិជ្ជកម្ម (EBA) ជាមួយ​អឺរុប​ ដោយ​គ្មាន​ការ​គម្រាមកំហែង​នោះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ