ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

អតីត​​ម្ចាស់​​ដី​តវ៉ា ស្នើ​​ឲ្យ​​ក្រុម​ហ៊ុន​ផ្អាក​​គម្រោង​​សាង​សង់​​អាគារ​​ផ្ទះ​ល្វែង​នៅ​​បឹង​កក់​

media  
អតីតម្ចាស់ដី តវ៉ា ស្នើឲ្យក្រុមហ៊ុន ផ្អាកគម្រោងសាងសង់អាគារផ្ទះល្វែង នៅបឹងកក់។ RFI/Siv Channa

អតីត​អ្នកភូមិ​បឹងកក់ ប្រមាណ ៥០ នាក់ ដែលជា​ម្ចាស់​ដី បាន​លើកគ្នា​ទៅ​តវ៉ា នៅមុខ​ការដ្ឋាន​របស់​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន ទាមទារ​ឲ្យ​ក្រុមហ៊ុន ផ្អាក​គម្រោង​សាងសង់​អាគារ​ផ្ទះល្វែង និង​ផ្សារ​ទំនើប នៅ​តំបន់​បឹងកក់។ ក្រុមអ្នកតវ៉ា នៅ​ព្រឹក​ថ្ងៃទី២៩មេសា​នេះ ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្តល់​សំណង​បន្ថែម ជា​ដី​នៅ​តំបន់​បឹងកក់ និង​អ្នកខ្លះ​ស្នើសុំ​លុយ​បន្ថែម ២ ម៉ឺន​ដុល្លារ ក្នុង​មួយ​គ្រួសារ។ តែ​អាជ្ញាធរ​រាជធានី ចាត់ទុកថា ការទាមទារ​នោះ ផុតពី​លទ្ធភាព។ រីឯ​ក្រុមហ៊ុន បន្ត​ការដ្ឋាន​សាងសង់ ដោយ​មិនបាន​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​នៅឡើយ​ទេ។

ការតវ៉ា​របស់​អតីត​អ្នកភូមិ​បឹងកក់ នៅ​ព្រឹក​ថ្ងៃទី២៩មេសា បានធ្វើ​ឡើង ខណៈដែល ក្រុមហ៊ុន​សូ​កា​គូ​អ៊ី​ន របស់លោក​ឧកញ៉ា ឡៅ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភា ចាប់ផ្តើម​បុកគ្រឹះ សាង​សង​​សំណង់​អាគារ​ផ្ទះល្វែង ខុន​ដូ សាលារៀន កន្លែង​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោល និង​សួនច្បារ​សម្រាប់​លេង​កម្សាន្ត ដែលមាន​តម្លៃ​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក  នៅ​ដី​បឹងកក់ ទំហំ​ជាង ១០០ ហិកតា។

 
ចាប់តាំងពី​ឆ្នាំ២០០៦ ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន បាន​បូម​ខ្សាច់ ចាក់​លុប​បឹងកក់ ដើម្បី​វិនិយោគ​អភិវឌ្ឍន៍​ជាទី​ក្រុង​រណប ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៤០០០ គ្រួសារ ត្រូវ​រុះរើ​លំនៅដ្ឋាន បង្ក​ឲ្យ​មានការ​តវ៉ា​ជា​ញឹកញាប់។ រហូតដល់​ពេលនេះ អតីត​អ្នកភូមិ​បឹងកក់ ១២៣៩ គ្រួសារ បាន​តវ៉ា ទាមទារ​សំណង​បន្ថែម។ តំណាង​អ្នក​តវ៉ា អ្នកស្រី សៀ ណា​រ៉េត លើកឡើងថា អ្នកខ្លះ ស្នើសុំ​ដី ១ឡូត៍ ដើម្បី​សង់ផ្ទះ​នៅ​តំបន់​បឹងកក់ និង​អ្នក​ខ្លះទៀត ស្នើសុំ​លុយ​សំណង​បន្ថែម ២ ម៉ឺន​ដុល្លារ ក្នុង​មួយ​គ្រួសារ។

ប៉ុន្តែ​ការប្រមូលផ្តុំ​តវ៉ា នៅមុខ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី២៩មេសា​នេះ អាជ្ញាធរ មិន​ចេញ​មកជួប ឬក៏​ឆ្លើយតប​យ៉ាងណាទេ។

ក្រុមអ្នកតវ៉ា ក៏បាន​បន្ត​ហែ​ក្បួន ទៅ​តវ៉ា នៅមុខ​ការដ្ឋាន​សំណង់​នៅ​បឹងកក់ ដែល​ស្ថិត​នៅ​ក្រោយ​​សាលា​រាជធានី​ភ្នំពេញ។ តាម​អ្នកស្រី សៀ ណា​រ៉េត អតីត​អ្នកភូមិ​បឹងកក់ សុំ​ឲ្យ​ក្រុមហ៊ុន ​ដែល​កំពុង​បុកគ្រឹះ ឲ្យ​ផ្អាក​ការសាងសង់ រហូតដល់​មាន​ដំណោះស្រាយ​ដល់​អ្នក​តវ៉ា។

អ្នក​ស្រី សៀ ណា​រ៉េត បញ្ជាក់ថា ក្រុមហ៊ុន កំពុង​បុកគ្រឹះ​សាងសង់​អគារ​ផ្ទះល្វែង ខុន​ដូ លើដី​របស់​​អ្នកស្រី។ អ្នកស្រី ក៏ដូចជា​អ្នក​តវ៉ា​ជាង ១០០០ គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ផ្តល់​​​សំណង​​បន្ថែម ព្រោះ​លុយ ៨០០០ ដុល្លារ និង​ប្រាក់ ២ លាន​រៀល ដែល​អាជ្ញាធរ​ដោះ​ស្រាយ​​កន្លងមក តិចតួច និង​មិនអាច​ទិញ​ផ្ទះ​ថ្មី​រស់នៅ​បានទេ ខណៈដែល​ដី​នៅ​តំបន់​បឹងកក់ សព្វថ្ងៃ ក្រុមហ៊ុន យកទៅលក់​បន្ត ថ្លៃ​កប់​ពពក។

យ៉ាងណាក៏ដោយ ការតវ៉ា​របស់​អតីត​អ្នកភូមិ​បឹងកក់ នៅមុខ​ការដ្ឋាន​ក្រុមហ៊ុន ត្រូវបាន​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ចាត់ទុកថា មិន​ស្រប​ទេ ព្រោះ​អ្នក​តវ៉ា​ទាំង​នោះ​ បានទទួល​សំណង​រួចហើយ ពី​ក្រុមហ៊ុន។ ក្រុមហ៊ុន ដែល​កំពុង​បុកគ្រឹះ​សាងសង់​អគារ​នៅ​​តំបន់​បឹងកក់ មិនបាន​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ នៅឡើយ ជុំវិញ​ការតវ៉ា។  

ជាមួយគ្នា​នោះ លោក ឡុង​ឌី​ម៉​ង់ លើកឡើងថា អាជ្ញាធរ តែងតែ​ទទួលយក​ញត្តិ និង​សំណូមពរ​​របស់​​ប្រជាពលរដ្ឋ​តវ៉ា។ ប៉ុន្តែ​ការស្នើសុំ​របស់​អតីត​អ្នកភូមិ​បឹងកក់​ច្រើនដង ស្នើសុំ​សំណង​បន្ថែម​នោះ គឺ​ផុតពី​លទ្ធភាព​របស់​អាជ្ញាធរ​រាជធានី​ហើយ។ តាម​លោក​ឡុង​ឌី​ម៉​ង់ អាជ្ញាធរ​ នឹង​ព្យាយាម​ដោះស្រាយ​ការស្នើសុំ ដោយ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជា​ដៃគូ ដើម្បី​អភិវឌ្ឍន៍​សហគមន៍ ដែល​អតីត​អ្នកភូមិ​បឹងកក់ កំពុង​រស់នៅ ដូចជា ធ្វើ​ផ្លូវ សាលារៀន និង​បង្កើត​ផ្សារ ជាដើម៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ