អានតួអត្ថបទ
កម្ពជា

កម្ពុជា​រំពឹង​ទទួល​បាន​ផល​វិជ្ជ​មាន​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​មួយ​អាមេរិក ខណៈ​លោក John Kerry បំពេញ​ទស្សនៈ​នៅ​កម្ពុជា​

បញ្ហា​សេដ្ឋកិច្ច​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក John Kerry នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​ ២៥ មករា​នេះ ដល់​ថ្ងៃ​២៦ មករា​ស្អែក​។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រំពឹង​ថា ក្នុង​ឱកាស​នេះ​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ច្រើន​ ហើយ​សង្ឃឹម​ថា​ភាគី​អា​មេរិក​នឹង​ផ្តល់​ការ​អនុគ្រោះ​ «ការ​នាំ​ចូល​តាម​រយៈ​កូតា​សេរី និង​ពន្ធ​គយ​សេរី​» ដូច​ដែល​កម្ពុជា​បាន​ស្នើ​សុំ​អាមេរិក​ជា​ច្រើន​ដង​មក​ហើយ​។

ប្រមុខ​ការ​ទូត​អាមេរិក​ លោក​ John Kerry ​
ប្រមុខ​ការ​ទូត​អាមេរិក​ លោក​ John Kerry ​
ផ្សាយពាណិជ្ជកម្ម

 

អាមេរិក​គឺ​ជា​ទីផ្សារ​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​ និង​កាណាដា​។ ប៉ុន្តែ​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​នេះ ត្រូវ​បាន​សហរដ្ឋអាមេរិក​យក​ពន្ធ​លើ​គ្រប់​ទំនិញ​ទាំង​អស់​របស់​ខ្លួន​ ដែល​នាំ​ចូល​ទៅ​កាន់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​មួយ​នេះ​ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ដោយ​សេរី​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប និង​កាណាដា​។

លោក​សួន ពិសិទ្ធ ប្រធាន​នាយកដ្ឋាន​អាមេរិក​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ ក្រសួង​ពាណិជ្ជកម្ម​ផ្ទាល់​ ក៏​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា​ដែរ​ ធ្លាប់​បាន​ស្នើ​សុំ​អាមេរិក​ឲ្យ​អនុគ្រោះ​ដល់​ការ​នាំ​ចូល​តាម​រយៈ​កូតា​សេរី​ និង​ពន្ធ​គយ​សេរី​។ ប៉ុន្តែ​កន្លង​មក​មិន​ទាន់​ទទួល​បាន​ផល​វិជ្ជ​មាន​នៅ​ឡើយ​ទេ​។

លោក​សង្ឃឹម​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក John Kerry នៅ​កម្ពុជា​នៅ​ពេល​នេះ រដ្ឋាភិបាល​អាមេរិក​និង​ផ្តល់​សញ្ញាណ​វិជ្ជ​មាន​ច្រើន​ដល់​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​ពីរ​។

លើស​ពី​នេះ​ទៅ​ទៀត លោក​សួន ពិសិដ្ឋ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ខាង​ភាគី​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​អាមេរិក​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន ផ្តល់​ជំនួយ​បច្ចេក​ទេស​ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ គឺ​ស្នើ​ឲ្យ​ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ USAID ដែល​ធ្លាប់​តែ​ធ្វើ​ការ​ជា​មួយ​និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ ងាក​មក​ចាប់​ដៃ​គូ​ជា​មួយ​និង​ស្ថាប័ន​រដ្ឋ ដើម្បី​ធ្វើ​ការ​ងារ​ដោយ​ផ្ទាល់​ និង​ជួយ​កសាង​ធន​ធាន​មនុស្ស​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។

ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​ផ្តល់​ការ​អនុគ្រោះ​ ដល់​ការ​នាំ​ចូល​តាម​រយៈ​កូតា​សេរី​ និង​ពន្ធ​គយ​សេរី​ ជូន​ដល់​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ក៏​ដូច​ជា​តំបន់​អាស៊ាន​នៅ​ឡើយ​ទេ​។ គឺ​មាន​តែ​ការ​ផ្តល់​ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​សាហារ៉ា​អាហ្វ្រិក ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កម្មវិធី​មួយ​ឈ្មោះ​ថា African Growth and Opportunity Act ឬហៅ​កាត់​ថា​ AGOA ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក​ Clinton ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០០០​មក។

សូម​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក John Kerry នៅ​កម្ពុជា​នៅ​ពេល​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​សហ​រដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​១៥ ដល់១៦ កុម្ភៈខាង​មុខ​នេះ​ ដែល​នឹង​មាន​ប្រមុខ​ដឹក​នាំ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​ចូល​រួម​។ ហើយ​ចំណង​ការ​ទូត​របស់​អាមេរិក​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ពេល​ថ្មី​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​មហា​អំណាច​សេដ្ឋកិច្ច​ចិន​នៅ​ក្នុង​តំបន់​មួយ​នេះ​៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ