ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
កម្ពុជា

អ្នក​ជំនាញ​​ឯកភាព​គ្នា​​ថា កម្ពុជា​​ត្រូវ​ការ​​ច្បាប់​​គ្រប់​គ្រង​​គ្រឿង​​ស្រវឹង​​ជា​បន្ទាន់​

media  
សកម្មភាពទិញលក់គ្រឿងស្រវឹងក្នុងពេលចូលឆ្នាំថ្មី នៅទីជនបទ RFI/Im Navin

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​បាន​ឯកភាព​គ្នា​ថា ​កម្ពុជា​ត្រូវ​ការ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ជា​បន្ទាន់​ និង​ចាំ​បាច់​បំផុត។ តម្រូវ​ការ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ ដែល​របាយការណ៍​ស្ទង់​មតិ​មួយ​នៅ​ចុង​ឆ្នាំ​២០១៤​បាន​បង្ហាញ​ថា ​ប្រជាពលរដ្ឋ​ពេញវ័យ​កម្ពុជា​លើស​ពី​៥០%​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​នោះ ​មាន​ស្រ្តី​២៣%។

 

កំណើន​នៃ​អ្នក​សេព​គ្រឿង​ស្រវឹង​និង​ឥទ្ធិពល​អាក្រក់​របស់​វា បាន​ក្លាយ​ជា​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ សម្រាប់​អ្នកជំនាញ​ខាង​សុខភាព​សាធារណៈ និង​ក្រុមអ្នកកាសែត​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​រយៈពេល​២​ថ្ងៃ​ស្តី​ពី​គ្រឿង​ស្រវឹង និង​វិធានការ​កាត់បន្ថយ​ការ​ប្រើប្រាស់ ដែល​បាន​បិទ​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អង្គារ​ទី១២​ឧសភា​នៅឯ​មន្ទីរពេទ្យ​កុមារ​ជាតិ។ 

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ដែល​ផ្តួចផ្តើម​ឱ្យមាន​សិក្ខាសាលា​នេះ បាន​លើក​ឡើង​ពី​របាយការណ៍​ស្ទង់​មតិ​មួយ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ឆ្នាំ២០១៤​ថា​ ក្នុង​រយៈពេល​១២ខែ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ពេញ​វ័យ​៥៤% បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង ក្នុងនោះ​បុរស​មាន៧៣.៣% និង​ស្ត្រី​មាន២៣.២%។

របាយការណ៍​ស្ទង់​មតិ​ដែល​បានធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ចុង​ឆ្នាំ​២០១៤ ​ក្រោម​ការ​គាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១១៥៦​នាក់។  របាយការណ៍​នេះ​បាន​បង្ហាញ​ដែរ​ថា ប្រជាពលរដ្ឋកម្ពុជា​ភាគច្រើន​បាន​ចាប់​ផ្តើម​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​វ័យ​យុវជន​និង​កុមារ​មាន​៩១%​ឯណោះ។ ចំនួន​នេះ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​អនាគត​របស់​ពួក​គេ ដែល​កំពុងតែ​ពង្វក់​ទៅ​ដោយ​គ្រឿង​ស្រវឹង តាមរយៈ​ការ​អូសទាញ​មួយ​ចំនួន​តួយ៉ាង​ដូចជា​ការ ផ្សាយពាណិជ្ជកម្ម​ ការ​ប្រកួត​​ប្រជែង​គ្នា​ផឹក ការ​ជំរុញ​ និង​ការ​លើក​ទឹក​ចិត្ត​ជា​ដើម។

ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ លោក មុំ គង់ បាន​លើក​ឡើង​ពី យុទ្ធសាស្ត្រ​សកល​របស់​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ឆ្នាំ​២០១០​ថា ​មាន​វិធានការ​ចាំបាច់​និង​មាន​ប្រសិទ្ធភាព​ចំនួន៤ លើ​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ គឺ​ទី១.រដ្ឋាភិបាល​ត្រូវមាន​វិធានការ​តម្លើង​ពន្ធ ទី២.ហាម​ផ្សាយពាណិជ្ជកម្ម ទី៣.កំហិត​ការលក់​គ្រឿង​ស្រវឹង និង​ទី៤ គឺកំណត់​អាយុ​អ្នក​អាច​ប្រើប្រាស់​គ្រឿង​ស្រវឹង​បាន។ បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល ត្រូវ​បង្កើត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​ឱ្យបាន​ឆាប់​បំផុត។ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រសួង​សុខាភិបាល មិនទាន់​ត្រូវ​បាន​បង្ហាញ​ពី​​ភាព​ជឿនលឿន​ណាមួយ​នៅឡើយ​ទេ ខណៈ​ដែល​មន្ត្រី​ក្រសួង​សុខាភិបាល​ក៏​មិនទាន់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ លើ​សេចក្តីព្រាងច្បាប់​នេះ​នៅឡើយ​ដែរ។

សូម​បញ្ជាក់​ថា ស្រាបៀរ​គឺជា​ប្រភេទ​គ្រឿង​ស្រវឹង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​និយម​សេព​ច្រើនជាងគេ​ដែលមាន​រហូត​ដល់​៨៤%៕    

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ