ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 01/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 30/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 30/09 12h00 GMT
កម្ពុជា

ការ​នាំ​ចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ មាន​ទឹក​ប្រាក់​ជាង​៨​ពាន់​លាន​ដុល្លារ​កើន​ឡើង​ជិត​១៧ ភាគរយ

media  
សកម្មភាពកម្មករ កម្មាការិនី នៅក្នុងរោងចក្រ កំពុងបំពេញការងារ សហការី

ការ​នាំ​ចេញ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៥ មាន​ទឹក​ប្រាក់​ចំនួន​ជាង ៨​ពាន់​លាន​ដុល្លារអាមេរិក កើន​ឡើង​ជិត​១៧ភាគរយ ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នាក្នុង​ឆ្នាំ​២០១៤ ដែល​មាន​ទឹក​ប្រាក់ជិត​៧​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។ ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​គឺ​សហភាព​អឺរ៉ុប បន្ទាប់​មក​គឺ​សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងបណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ពិភព​លោក​។

សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​មួយ​ដ៏​ធំ​របស់​កម្ពុជា។ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​សហភាព​អឺរ៉ុប បាន​រហូត​ដល់​ជាង ៣​ពាន់​លាន​ដុល្លារ​។ ចំនួន​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​នេះ​មាន​ការ​កើន​ឡើង​ជាង​កាល​ពី​ឆ្នាំ​២០១៤ ចំនួន ជិត​១៧​ភាគ​រយ​។ ក្នុង​ឆ្នាំ​២០១៤ គឺ​មាន​ទឹក​ប្រាក់​ត្រឹម​តែ​ជិត ៣​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​ទីផ្សារ​កាណាដា​ក៏​មាន​ការ​កើន​ឡើង​ជាង ៥​ភាគ​រយ​ផងដែរ​។ ប៉ុន្តែ​ទីផ្សារ​អាមេរិក​វិញ​មាន​ការ​ធ្លាក់​ចុះ​ជិត​២​ភាគ​រយ​វិញ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រសួង​ពាណិជ្ជកម្ម​។

ផលិត​ផល​សំខាន់ៗ ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប អាមេរិក កាណាដា ជប៉ុន និងបណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នោះ មាន​សម្លៀក​បំពាក់ ផលិត​ផល​វាយនភណ្ឌ ស្បែក​ជើង និង​អង្ករ​ជា​ដើម​។ ការ​នាំ​ចេញ​អង្ករ​មាន​ការ​កើន​ឡើង​រហូត​ដល់​ជាង​៤០ភាគរយ ដែល​មាន​ទឹក​ប្រាក់​ចំនួន ជាង​៣​រយលាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។
 
ស្បែក​ជើង​កើន​ឡើង ជិត​២២​ភាគ​រយ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​៥​រយ​លានដុល្លារ។ ហើយ​សម្លៀក​បំពាក់​វិញ​គឺ​កើន​ឡើង​ជិត​៧​ភាគរយ និង​មាន​ទឹក​ប្រាក់ ជិត​៦​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​ផលិត​ផល​វាយនភណ្ឌ​វិញ​គឺ​មាន​ការ​ធ្លាក់​ចុះ ជិត១៧​ភាគរយ ដែល​មាន​ទឹក​ប្រាក់​ក្នុង​រង្វង់​ជាង​ ៤០​លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ​។
 
បើ​ទោះ​បី​ជា​មាន​ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​កាល​ពី​ដើម​ឆ្នាំ២០១៥ ពី​សំណាក់​កម្មករ​កម្មការនី​រោង​ចក្រកាត់ដេរ​ក៏​ដោយ ក៏​ការ​នាំចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​នៅ​តែ​មាន​ការ​កើន​ឡើង​។ ប៉ុន្តែ​បើ​តាមលោក​កេន លូ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ ឬ​ហៅ​កាត់ថា​GMAC​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​កើន​ឡើង​ដោយ​សារ​តែ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធលើ​អ្វី​ៗ គ្រប់​បែប​យ៉ាង​លើក​លែង​តែ​អាវុធ ពី​សហភាព​អឺរ៉ុប​។
 
លោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​ការនាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​អាច​នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយ​សារ​តែ​ប្រាក់​ឈ្នួល​របស់​កម្មករ​មាន​តម្លៃ​ថ្លៃ ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​។ លោក​បន្ត​ថា កម្ពុជា​អាច​នឹងបាត់​បង់​ឱកាស​កាន់​តែ​ច្រើន​ទៀត នៅ​ពេល​ដែល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាពអឺរ៉ុប និង​វៀត​ណាម ចូល​ជា​ធរ​មាន ហើយ​ចាប់​ផ្តើម​អនុវត្ត​ជា​ផ្លូវ​ការ​នោះ​។
 
គួរ​ជម្រាប​ជូន​ផង​ដែរ​ថា រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទើប​តែ​បាន​ប្រកាស​នៅ​ក្នុង​ឱកាស​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឧស្សាហកម្ម និង​សិប្បកម្ម​ឆ្នាំ២០១៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០១៦ កាល​ពី​ថ្ងៃ​ទី១ កុម្ភៈកន្លង​ទៅ​ថ្មីៗនេះ​ថា ក្នុង​ឆ្នាំ​២០១៥ មាន​រោង​ចក្រ​ប្រមាណ​ ១៦០ ត្រូវបាន​បង្កើត​ឡើង និង​បាន​បង្កើត​ការងារ​ថ្មី​ជូន​ប្រជាពលរដ្ឋ បាន​ជាង​ ៨​ម៉ឺន​កន្លែង។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​សហគ្រាស​ធុន​តូច និង​មធ្យម បាន​ចុះ​បញ្ជី​ចំនួន ៣៧២ និង​បាន​បង្កើត​ការងារ​ចំនួន​ជិត​ ៥​ពាន់កន្លែង​ផង​ដែរ​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ