ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT
កម្ពុជា

លោក​ហ៊ុន ម៉ា​ណែត៖​ ពិ​ព័រ​ណ៍​កងទ័ព​និង​ការ​ប្រកួត​កីឡា​យោធា​មិនមែន​ជា​ការ​គំរាមកំហែង​អ្វី​ទេ

media  
រថពាសដែក ដែលគេដាក់តាំងនៅកោះពេជ្រក្នុងព្រឹត្តិការណ៍ពិព័រណ៌កងទ័ព សហការី

ពិ​ព័រ​ណ៍​យោធា ​និង​ការ​ប្រកួត​កីឡា​កងទ័ព​នឹងត្រូវ​បើក​ធ្វើ​ជា​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​១២ ​១៣ ​និង​១៤​ ខែ​មករា​នេះ ​ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​២​នៃ​ការ​រៀបចំ​បង្ហាញ​សកម្មភាព​ពី​សមិទ្ធផល​យោធា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។ ​សកម្មភាព​នេះ ​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​លើកឡើង​ថា​ជា​ការ​បង្ហាញ​សព្វាវុធ ​និង​កងទ័ព ​ដែល​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​។ ​ក៏​ប៉ុន្តែ ​មន្ត្រី​យោធា​ដែល​រៀបចំ​កម្មវិធី​នេះ​ អះអាង​ថា​វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មាន​ការ​គាំទ្រ​និង​ចូលរួម​ច្រើន​ពី​មហាជន​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត ​កូន​ប្រុស​លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែលជា​អ្នកដឹកនាំ​រៀបចំ​ពិព័រណ៍​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​កីឡា​កងទ័ព​នេះ ​បាន​ថ្លែងថា​ការ​បង្កើត​ពិធី​នេះ​ឡើង​គឺ​មាន​គោលបំណង​ធំ​ៗ​ចំនួន​។ ​គោលបំណង​ទាំង​៤​នោះ​គឺ ​ទី​១ ​អបអរ​ខួប​លើក​ទី​៣៩​នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា ​ទី​២ ​រំលឹក​ដល់​គុណូបការៈ​ដល់​អតីតយុទ្ធជន​ក​ម្ពុ​ជា ​ទី​៣ គឺ​ដើម្បី​ឲ្យ​មហាជន ​និង​យុវជន ​បាន​ស្វែងយល់​អំពី​កងទ័ព​ក្នុងការ​ចូលរួម​ការពា​រ​ជាតិ​និង​រក្សា​សន្តិភាព ​និង​ចុង​ក្រោយ ​គឺ​ដើម្បី​បង្កើន​ទំនាក់ទំនង​រឹងមាំ​រវាង​មហាជន​និង​កងទ័ព​។

កាល​ពី​ថ្ងៃ​ទី​៥​មករា ​សាលា​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ពី​ការ​ចល័ត​រថ​ពាសដែក​ចូលទៅ​កាន់​កោះ​ពេជ្រ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ជូន​សព្វាវុធ​យោធា​ទៅ​កាន់​ទី​តាំង​ពិព័រណ៍ ដើម្បី​បង្ហាញ​ជូន​សាធារណជន​ទស្សនា ​រួម​ជាមួយ​នឹង​សម្ភារៈ​សឹក​ជា​ច្រើន​ទៀត​ដូចជា​ឧទ្ធម្ភាគចក្រ​ កាំភ្លើង​ធំ ​អូប័រ ​ទីតាំង​បញ្ជា​ការ ​និង​ទីតាំង​លេណ​ដ្ឋា​ន​ដូច​សមរភូមិ ​ព្រៃ​សិប្បនិម្មិត ​អមដោយ​ស្តង់​សហគ្រាស​ឯកជន ​ព្រមទាំង​មាន​ការ​ប្រគុំ​តន្ត្រី​កំសាន្ត​ជាដើម​។

អ្វី​ដែល​ជាការ​កត់​សម្គាល់​នោះ​គឺ​តាម​រយៈ​ពិ​ព័រណ៌​កងទ័ព​កាល​ពី​ឆ្នាំ​ទៅ ​ធ្វើ​ឲ្យ​ការ​ចាប់អារម្មណ៍​ពី​មហាជន​និង​យុវជន ​ដោយ​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ ​ការ​ស្ម័គ្រចិត្ត​ដាក់​ពាក្យ​ប្រលង​ចូល​កងទ័ព​មាន​ការ​កើនឡើង​មួយ​ជា​បី​។ ​នេះ​បើតាម​លោក​ហ៊ុន ម៉ា​ណែ​ត​។

ឆ្លើយតប​ទៅនឹង​ថា​តើ​ការ​ដាក់​តាំង​បង្ហាញ​សព្វាវុធ​ទាំងនេះ ​ធ្វើ​ឲ្យ​មហាជន​ភ័យខ្លាច​នោះ​ លោក​ហ៊ុន ម៉ា​ណែ​ត ​បញ្ជាក់​ថា​មហាជន​មិន​យល់​ដូច្នោះ​ទេ​ ពួក​គាត់​មាន​ការ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ជាច្រើន​ម៉ឺន​នាក់ ​រួមទាំង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​នឹង​កងទ័ព ​និង​សព្វាវុធ​យោធា​ផងដែរ​។

ជាមួយ​គ្នា​នេះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រសៀល​នេះ​ថា ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​នៅក្នុង​ឱកាស​នេះ ​ដឹង​និង​ស្វែង​យល់​អំពី​ការងារ​របស់​កងទ័ព​។ ​ក្នុង​ឯកសណ្ឋាន​កងទ័ព​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ​កងទ័ព​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះឆ្នោត​រយៈពេល​៥​ឆ្នាំ​ម្តង ​និង​ប្រឆាំង​ដាច់ខាត​នូវ​រូបភាព​បដិវត្តន៍​ព័ណ៌​។

ដោយឡែក​ការ​ប្រកួត​កីឡា​កងទ័ព​នៅ​ឆ្នាំ​នេះ ​ត្រូវបាន​រៀបចំ​ឡើងជា​លក្ខណៈ​មិត្តភាព​បែប​ហ្វឹកហ្វឺន​យោធា ​មាន​ការ​ប្រកួត​ប្រជែង​បែប​យុទ្ធសាស្ត្រ​និង​ឆ្លងកាត់​ឧបសគ្គ ​ដែល​សរុប​មាន​កងទ័ព​៤៦​ក្រុម ​និង​ការ​ចូលរួម​ពី​អ្នក​កីឡា​ស៊ីវិល​២៨​ក្រុម​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ