អានតួអត្ថបទ
បារាំង

លោក François Fillon បេក្ខជន​ប្រធានាធិបតី​បារាំង កាន់តែ​ឌុកដាន់ដោយរឿង​អាស្រូវ​!

លោក François Fillon គឺជាបេក្ខជនប្រធានាធិបតី មក​ពី​គណ​បក្ស​សាធារណៈរដ្ឋ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធីបតី​​បារាំង នៅ​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ​​។ ក៏ប៉ុន្តែ លោក Fillon កំពុង​តែ​បាន​​ប្រឈម​មុខនឹង​​រឿង​អាស្រូវ​​ជា​បន្ត​បន្ទាប់។ ក្រោយ​ពី​លេច​ធ្លាយ​រឿង​ពុករលួយ​ពាក់ព័ន្ធ​នឹង​​ប្រពន្ធកូន នៅពេល​នេះ ​ឈាន​ដល់​អាស្រូវ​ថ្មីមួយទៀត គឺការ​ទទួល​លុយ​កាត់​សម្លៀក​បំពាក់ ​រហូត​ដល់​ជិត​៥ម៉ឺន​អឺរ៉ូ។

ផ្សាយពាណិជ្ជកម្ម

ជុំវិញ​ការ​យក​ប្រពន្ធ​មកធ្វើ​ជា​ជំនួយការ​ ហើយ​ផ្តល់​ការងារ​មាន​តួនាទី​ជា​មេធាវី ដល់​កូន ដែលតាម​ពិត កូន​នោះ គឺគ្រាន់តែជា​និស្សិតច្បាប់​​សោះ គឺត្រូវ​តុលាការ​បារាំង​ បាន​ដាក់​លោក François Fillon ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ ហើយ​លោក​ក៏ត្រូវ​បានចៅក្រម​ស៊ើប កោះ​ហៅ​ទៅ​សួរ​នាំ​រួច​មកហើយ។

នៅពេល​នេះ អ្នក​តំណាង​រាស្ត្រនិង​ជា​​បេក្ខជនប្រធានាធិបតីបារាំង​ មក​ពី​គណ​បក្ស​សាធារណៈ​រដ្ឋ រូប​នេះ បាន​ប្រទះ​នឹង​រឿង​អាស្រូវ​ថែម​មួយ​ទៀត គឺ​លោក​ François Fillon បានទទួល​លុយ​ពីមិត្ត​ភក្តិ ដើម្បី​កាត់​ខោអាវ​រហូត​ដល់ ៤៨ ៥០០ អឺរ៉ូ។ ក្នុ​ងបទសម្ភាស​ជាមួយ​កាសែត​បារាំង​មួយ លោក François Fillon បាន​សារភាពក្នុង​សម្តី​ដើម​​ថា «មិត្ត​ខ្ញុំ​ម្នាក់ បាន​ជូន​អំណាយ​ខ្ញុំ​ កាលពី​ខែ​កុម្ភៈ​កន្លងទៅនេះ​។ ចុះ​វា​យ៉ាងម៉េច?​»។

អ្នក​កាសែត​បារាំង​បាន​ជជីកឫសគល់ ហើយ​ក៏​បាន​រក​ឃើញថា អ្នក​នយោបាយ​រូបនេះ បា​នទទួល​អំណោយ​ជា​ Chèque ចំនួន​១៣ ០០០ អឺរូ នៅថ្ងៃទី​២០កុម្ភៈ ដើម្បី​កាត់​សម្លៀក​បំពាក់​ ពីរ​កំប្លេ នៅ​ហាង​ដ៏ល្បី​ ឈ្មោះ​ Arnys នៅ​កណ្តាល​ក្រុង​ប៉ារីស។ ហើយ​គេ​បាន​រក​ឃើញ​ទៀតថា ពីមុន​មក គេ​បាន​ជួយ​ចេញ​ការ​ចំណាយដល់​រូប​លោក​​ ជា​លុយ​សុទ្ធ​រហូត​ដល់​៣៥ ៥០០អឺរ៉ូ ដើម្បី​​កាត់​ខោអាវ​នៅ​ហាង​ដ៏​ថ្លៃ​ដដែល​នោះ ចាប់​តាំងពី​ឆ្នាំ​២០១២មក ជា​សរុប​គឺ​ជិត​ដល់​៥ម៉ឺន​អឺរូ​។​

ប្រឈម​មុខ​នឹង​ការ​រាវ​រក​ឃើញ​ដូច្នេះ បេក្ខជនប្រធានាធិបតី François Fillon បាន​ប្រកែក​ដោយ​ចោទ​សួរ​ទៅវិញ​ថា ហេតុ​អ្វី​រឿង​បុគ្គល​ឯកជន​ផ្ទាល់​របស់​លោក​សោះ ម្តេច​ក៏​ចេះតែ​មក​គាស់​កកាយ​យ៉ាង​ដូច្នេះ? ទាំង​អស់​នេះ គឺ​មាន​ចេតនា​ចង់​បំផ្លាញ់​រូបលោក​​យ៉ាង​ប្រាកដ ដើម្បី​​ឲ្យ​លោក​ខ្ទាតចេញពី​​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ប្រធានាធិបតីបារាំង​។

គួរ​ជម្រាប​ជូន​ថា ​តាម​ច្បាប់​បារាំង បើអ្នក​តំណាង​រាស្ត្រ​​ទទួល​អំណាយ ​លើសពី​១៥០អឺរ៉ូ គឺត្រូវ​តែ​ប្រកាស​ឲ្យ​គេ​ឯង​បា​នដឹង តែ​ចំពោះ​លោក François Fillon បា​នទទួល​អំណោយ​លើស​ពីនេះ​រាប់​សិប​ដង គឺមិន​បាន​ប្រកាសបន្តិច​សោះ រហូត​ដល់​មាន​ការ​បែក​ធ្លាយ​នៅពេ​ល​នេះ។ ហេតុ​នេះ​ហើយ ទើប​មាន​ការ​ចោទ​សួរ​ពី​ភាព​សុចរិត និង​ក្រម​សីលធម៌​របស់​អ្នក​នយោបាយ ពិសេស​អ្នក​តំណាង​រាស្ត្រ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ