អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

Facebook ជា​ទីលាន​ថ្មី​នៃ​ការ​ប្រជែង​អំណាច​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

​Facebook បាន​ក្លាយ​ជា​ទីលាន​ថ្មី​នៃ​ការ​ប្រកួត​ប្រជែង​អំណាច​របស់​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ ២០១៦ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា​ ទំព័រ​ហ្វេសបុក​ផ្លូវ​ការ​របស់​លោក​មាន​ចំនួន​អ្នក​ចុច (Like) ជាង 2,099,740 នាក់។ ចំនួន​នេះ​ មាន​ន័យ​ថា ទំព័រ​ហ្វេសបុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​យក​ឈ្នះ​លើ​ចំនួន​អ្នក​ចុច (Like) នៅ​លើ​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ។ តែ​យ៉ាង​ណា​ក៏​ដោយ និន្នាការ​នៃ​ការ​ប្រជែង​គ្នា​លើ​បណ្តាញ​សង្គម​មួយ​នេះ​ គឺ​ជា​សញ្ញាណ​វិជ្ជមាន​មួយ។

លោកសម រង្ស៊ី ​និង​លោក​ហ៊ុន សែន ​បង្ហោះ​រូប​ភាព​របស់​ខ្លួន​នៅ​ក្នុង​ហ្វេស​បុក។​
លោកសម រង្ស៊ី ​និង​លោក​ហ៊ុន សែន ​បង្ហោះ​រូប​ភាព​របស់​ខ្លួន​នៅ​ក្នុង​ហ្វេស​បុក។​
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ Facebook កំពុង​ក្លាយ​ជា​ទីលាន​នៃ​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​រវាង​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ និយាយ​ជារួម និង​និយាយ​ដោយ​ឡែក គឺ​រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង។ មេដឹកនាំ​នៃ​គណបក្ស​ដែល​មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​ បាន​ដឹង​យ៉ាង​ច្បាស់​ថា បណ្តាញ​ទំនាក់​ទំនង​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នេះ កំពុង​ជួយ​គៀងគរ​សម្លេង​ឆ្នោត​របស់​ពួកគេ​បាន​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។

សម្រាប់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសបុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ ២០១៦ នេះ ទើប​តែ​បាន​ប្រកាស​ថា ទំព័រ​ហ្វេសបុក​ផ្លូវ​ការ​របស់​លោក​មាន​ចំនួន​អ្នក​ចុច (Like) ជាង 2,099,740នាក់។ ចំនួន​នេះ គឺ​បាន​យក​ឈ្នះ​លើ​ចំនួន​អ្នក​ចុច (Like) នៅ​លើ​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង។ ការ​ប្រជែង​គ្នា​នេះ ​រហូត​មាន​ការ​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ដណ្តើម​តំណែង​នាយក​រដ្ឋមន្រ្តី​ហ្វេសបុក​ពី​លោក សម រង្ស៊ី ផង ខណៈ​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ផ្លូវ​ការ​ក៏​ជា​របស់​លោក។

សម្រាប់​ក្រុម​អ្នក​វិភាគ និន្នាការ​នៃ​ការ​ប្រជែង​គ្នា​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​នេះ គឺ​ជា​សញ្ញាណ​វិជ្ជមាន​មួយ។ ព្រោះ​ចង់​មិន​ចង់ តាម​រយៈ​បណ្តាញ​សង្គម​មួយ​នេះ អ្នក​នយោបាយ​កំពូល​ទាំងពីរ ហាក់​កំពុង​តែ​យក​ចិត្ត​យក​ថ្លើម​ចំពោះ​ប្រជាពលរដ្ឋ​ជា​ខ្លាំង។ នោះ​ហើយ គឺ​ជា​សញ្ញាណ​វិជ្ជមាន​មួយ។ ជាក់ស្តែង នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសបុក​នេះ នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​និង​ជួប​ជាមួយ​មហាជន​នៅ​តាម​ទីសាធារណៈ​ជា​ដើម។ តួយ៉ាង ដូចជា​លោក បាន​ចំណាយ​ពេល​វេលា​ក្នុង​ការ​អង្គុយ​ជជែក​លេង ជាមួយ​នឹង​ក្រុម​អ្នក​ធាក់​ស៊ីក្លូ​ក្នុង​ក្រុង​ភ្នំពេញ ហើយ​គេ​ក៏​បាន​ឃើញ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្រោច​ទឹក​ផ្កា​នៅ​លើ​សួន​ច្បារ​សាធារណៈ និង​ក៏​បាន​ឃើញ​លោក​នាយក​រដ្ឋ​មន្រ្តី ចុះ​ជួប​សួរ​សុខ​ទុក្ខ​និង​ថត​រូប​ភាព ប្រជាពលរដ្ឋ​នៅ​តាម​សួន​ច្បារ​សាធារណៈ​នានា​ក្នុង​ក្រុង​ភ្នំពេញ ស្ថិត​ក្នុង​សំលៀក​បំពាក់​យ៉ាង​សាមញ្ញ​បំផុត។ បន្ថែម​លើ​នេះ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ដដែល គេ​ក៏​បាន​ឃើញ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់។

ចំណែក​ឯ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​ពេល​នេះ កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​បរទេស​នោះ បើ​ទោះ​បី​ជា​មិន​បង្ហាញ​សកម្មភាព​ជួប​ជុំ​ជាមួយ​ប្រជាពល​រដ្ឋ​ថ្មី​ៗ​នេះ​ក្តី តែ​ជា​រើយ​ៗ​គេ​បាន​ឃើញ​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់​លោក បាន​បង្ហោះ​សកម្មភាព​ដែល​បាន​ជួបជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​ក្នុង​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត និង​ជួប​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​លោក​បាន​ចុះ​ទៅ​កាន់​ខេត្ត​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បណ្តាញ​ទំនាក់​ទំនង​សង្គម Facebook ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤ ដោយ​ជន​ជាតិ​អាមេរិក​កាំង និង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​នៅ​ក្នុង​ឆ្នាំ​២០០៦។ វា​បាន​ក្លាយ​ជា​មធ្យោបាយ​ផ្តល់​ព័ត៌មាន និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដ៏​ទូលំ​ទូលាយ​និង​ប្រកប​ដោយ​ប្រជាប្រិយ​ភាព​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ យោង​តាម​របាយការណ៍​សិក្សា​មួយ​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ២៤.៩% បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសបុក រឺ​អ៊ីនធ័រណែត ដើម្បី​ទាញ​យក​ព័ត៌មាន ឬ​ចែក​រំលែក​ព័ត៌មាន ខណៈ​ដែល​មនុស្ស ៣១.៨% បាន​បន្ត​មើល​ទូរទស្សន៍ និង​មនុស្ស​ចំនួន ១៧.៨% បន្ត​ស្តាប់​វិទ្យុ។ ការ​កើន​ឡើង​នេះ គឺ​ជា​ការ​ផ្លាស់​ប្តូរ​សង្គម​ដ៏​ធំ​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​គេ​បាន​ឃើញ​អ្នក​នយោបាយ​ខ្មែរ បាន​ចាប់​ផ្តើម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសបុក (Facebook)នេះ ដើម្បី​ជា​មធ្យោបាយ​ទាក់​ទាញ​ប្រជាប្រិយភាព​របស់​ខ្លួន។

សម្រាប់​ក្រុម​អ្នក​វិភាគ Facebook កំពុង​ក្លាយ​ជា​ទីលាន​ថ្មី​នៃ​ការ​ប្រកួត​ប្រជែង​របស់​អ្នក​នយោបាយ​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​របស់​ខ្លួន។ ព្រោះ​ថា ចង់​មិន​ចង់ Facbook ពេល​នេះ បាន​ក្លាយ​ជាវេទិកា​នៃ​ការ​បញ្ចេញ​មតិ, ​ជា​ទី​កន្លែង​នៃ​ការ​ទំនាក់​ទំនង​ដោយ​ត្រង់​រវាង​ប្រជាពលរដ្ឋ​ ទៅ​កាន់​នាយក​រដ្ឋមន្រ្តី និង​ពី​នាយក​រដ្ឋ​មន្រ្តី​ទៅ​កាន់​ប្រជាពលរដ្ឋ ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​អ្នក​នាំ​ពាក្យ ឬ​មន្រ្តី​ខុទ្ទកាល័យ​នោះ​ទេ និង​ខណៈ​ដែល​ម៉ាស៊ីន​ឃោសនា​មហាជន​ដូចជា​ កាសែត វិទ្យុ និង​ទូរទស្សន៍​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ផ្សព្វ​ផ្សាយ​នោះ​។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ក្រុម​អ្នក​វិភាគ បើ​ទោះ​ក្នុង​គោល​បំណង​អ្វី​ក៏​ដោយ តែ​អ្វី​ដែល​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រឆាំង កំពុង​តែ​ធ្វើ​នៅ​ពេល​នេះ គឺ​ជា​កាយ​វិការ​ដ៏​ល្អ​ប្រពៃ​មួយ ហើយ​ជា​អ្វី​ដែល​មេដឹកនាំ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​នៅ​លើ​ពិភព​លោក​កំពុង​អនុវត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ