ការប្រកួតប្រជែងរបស់អ្នកនយោបាយខ្មែរលើបណ្ដាញសង្គមហ្វេសប៊ុក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៧
ឥឡូវនេះ បណ្ដាញសង្គមហ្វេសប៊ុក បានក្លាយទៅជាកន្លែងណាត់ជួបគ្នាដ៏សំខាន់មួយរវាងអ្នកនយោបាយខ្មែរនិងពលរដ្ឋម្ចាស់ឆ្នោត។ ម្ចាស់ឆ្នោតតាមដានអ្នកនយោបាយតាមហ្វេសប៊ុក។ ចំណែក អ្នកនយោបាយ បានយកវេទិកាហ្វេសប៊ុកដដែលនេះ បង្អួតសកម្មភាពការងាររបស់ខ្លួន និងប្រកួតប្រជែងជាមួយគូបដិបក្ខ។ ប៉ុន្តែនៅលើហ្វេសប៊ុក ការប្រកួតប្រជែងខ្លះជារឿងដែលមិនចាំបាច់ និង អាចធ្វើឲ្យបាត់តម្លៃរបស់អ្នកនយោបាយខ្លួនឯងផងក៏មាន។
ខណៈហ្វេសប៊ុកគឺជាបណ្ដាញសង្គមដ៏ពេញនិយមបំផុតនៅកម្ពុជា ដោយមានពលរដ្ឋកម្ពុជា១ភាគ៣ប្រើប្រាស់ វាមិនមែនជារឿងចម្លែកទាល់តែសោះ ដែលអ្នកនយោបាយខ្មែរជ្រើសយកហ្វេសប៊ុកជាវេទិកាទាក់ទងជាមួយពលរដ្ឋម្ចាស់ឆ្នោត។ អ្នកនយោបាយសំខាន់ៗនៅស្រុកខ្មែរ និយាយដោយចំពោះតែម្ដងគឺលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និង លោក សម រង្ស៊ី គឺសុទ្ធតែជាអ្នកប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកយ៉ាងសកម្ម។
ដំបូងនិយាយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ហ្វេសប៊ុកជារៀងរាល់ថ្ងៃ សម្រាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋ ហើយយកព័ត៌មានទាំងអស់នោះ ចែកចាយទៅតាមក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយ។ សកម្មភាពការងាររបស់លោកនាយករដ្ឋមន្ដ្រី ចុះសម្ពោធស្ពាន បើកការដ្ឋានសាងសង់អគារ ជួបភ្ញៀវ និង វាយកូនហ្គោលជាដើម ត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកមិនលោះថ្ងៃ។ ក្នុងឱកាសពិសេសៗ ប្រមុខរដ្ឋាភិបាលខ្មែរ អួតពីស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា ដែលលោកអះអាងថា បានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាច។
ចំណែកលោក សម រង្ស៊ី វិញ។ ថ្វីត្បិតតែរាងកាយនៅក្រៅប្រទេស ប៉ុន្តែលោកនៅតែរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់លោក តាមរយៈបណ្ដាញសង្គមជារៀងរាល់ថ្ងៃ។ ព័ត៌មានសង្ខេបប្រចាំថ្ងៃដែលភាគច្រើននិយាយពីបក្សសង្គ្រោះជាតិ សារនយោបាយ យុទ្ធនាការទាមទារយុត្តិធម៌ផ្សេងៗ គឺជាអ្វីដែលគេតែងតែឃើញនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ ក្រៅពីនោះ ប្រមុខបក្សប្រឆាំងក៏បានជ្រើសយកទំព័រហ្វេសប៊ុក ដើម្បីវាយប្រហារទៅលើគណបក្សកាន់អំណាច និង លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលជាគូបដិបក្ខផងដែរ។
មែនទែនទៅ ការវាយប្រហារទៅលើដៃគូប្រកួតប្រជែង គឺជារឿងសាមញ្ញណាស់នៅក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យដូចកម្ពុជា។ ការជ្រើសយកហ្វេសប៊ុកជាវេទិកាប្រកួតប្រជែងគ្នារបស់អ្នកនយោបាយ ក៏មិនមែនជារឿងខុសឆ្គង ព្រោះហ្វេសប៊ុក គឺបណ្ដាញសង្គមដ៏ពេញនិយមនៅស្រុកខ្មែរ ដែលមានប្រជាជនខ្មែរ១ភាគ៣ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ហ្វេសប៊ុក ថែមទាំងបានភ្ជាប់ទំនាក់ទំនងរវាងម្ចាស់ឆ្នោតនិងអ្នកនយោបាយខ្មែរទៀតផង។ អ្នកនយោបាយ ប្រើប្រាស់ហ្វេសប៊ុកដើម្បីទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត។ ចំណែកម្ចាស់ឆ្នោតវិញ ប្រើប្រាស់ហ្វេសប៊ុកជាមធ្យោបាយទាក់ទងជាមួយអ្នកនយោបាយ ដើម្បីបង្ហាញពីទុក្ខកង្វល់របស់ខ្លួន។
ប៉ុន្តែនៅលើហ្វេសប៊ុក ការប្រកួតប្រជែងខ្លះជារឿងដែលមិនចាំបាច់ និង អាចធ្វើឲ្យបាត់តម្លៃរបស់អ្នកនយោបាយខ្លួនឯងផងក៏មាន ដូចជាការប្រជែងគ្នាថាអ្នកនយោបាយណាមានអ្នកចុចចូលចិត្តច្រើនជាងជាដើម។ ហេតុអ្វី? ព្រោះការគាំទ្រនៅក្នុងហ្វេសប៊ុក មិនឆ្លុះបញ្ចាំងអំពីសន្លឹកឆ្នោតដែលអ្នកនយោបាយនឹងទទួលបាន នៅពេលបោះឆ្នោតឡើយ។ មានន័យថា ចំនួនចុចចូលចិត្តលើទំព័រហ្វេសប៊ុក ទំនងជាមិនអាចជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខឡើយ។ ព្រោះសូមកុំភ្លេចថា ការចុចចូលចិត្តលើបណ្ដាញសង្គម មិនមែនមានន័យថា ជាការបោះឆ្នោតគាំទ្រទេ។ មួយវិញទៀត បណ្ដាញសង្គមនេះ មានឥទ្ធិពលតិចតួចណាស់នៅតំបន់ជនបទ។ តំបន់ជនបទ ដែលការប្រើប្រាស់អ៊ីនធឺណែតនៅមានកម្រិតនៅឡើយរហូតមកទល់សព្វថ្ងៃ នេះ។
យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា អ្នកនយោបាយមិនគួរប្រើប្រាស់ហ្វេសប៊ុកដើម្បីប្រកួតប្រជែងគ្នាទេ។ ការប្រកួតប្រជែងគ្នារវាងអ្នកនយោបាយ បើទោះបីជាធ្វើឡើងក្នុងរូបភាពអ្វីក៏ដោយ មានសារៈសំខាន់ណាស់នៅក្នុងរបបប្រជាធិបតេយ្យ។ គ្រាន់តែថការប្រកួតប្រជែងគ្នា គួរតែត្រូវធ្វើឡើងដោយសុចរិត ដោយផ្ដោតទៅលើគោលនយោបាយសំខាន់ៗដែលមានឥទ្ធិពលជាវិជ្ជមានដល់សង្គមជាតិ ជាជាងការប្រជែងគ្នាយកឈ្នះលើចំនួនអ្នកចុចចូលចិត្ត។ ចំនួនអ្នកចុចចូលចិត្តលើហ្វេសប៊ុក ដែលមិនឆ្លុះបញ្ចាំងពីអត្រានៃអ្នកគាំទ្រ និងដែលទំនងជាមិនជះឥទ្ធិពលអ្វីទេដល់ការបោះឆ្នោតនាពេលខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ