អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ប្រកួត​ប្រជែង​របស់​អ្នក​នយោបាយ​ខ្មែរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឥឡូវនេះ បណ្ដាញ​សង្គម​ហ្វេសប៊ុក បានក្លាយ​ទៅ​ជា​កន្លែង​ណាត់​ជួប​គ្នា​ដ៏​សំខាន់​មួយ​រវាង​អ្នក​នយោបាយ​ខ្មែរ​និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។ ម្ចាស់​ឆ្នោត​តាម​ដាន​អ្នក​នយោបាយ​តាម​ហ្វេសប៊ុក​។ ចំណែក អ្នក​នយោបាយ បាន​យក​វេទិកា​ហ្វេសប៊ុក​ដដែល​នេះ បង្អួត​សកម្មភាព​ការងារ​របស់​ខ្លួន និង​ប្រកួត​ប្រជែង​ជាមួយ​គូ​បដិបក្ខ​។ ប៉ុន្តែ​នៅ​លើ​ហ្វេសប៊ុក ការ​ប្រកួត​ប្រជែង​ខ្លះ​ជា​រឿង​ដែល​មិន​ចាំ​បាច់ និង អាច​ធ្វើ​ឲ្យ​បាត់​តម្លៃរបស់​​អ្នក​នយោបាយ​ខ្លួន​ឯង​ផង​ក៏​មាន​។

បណ្ដាញ​សង្គម​ហ្វេសប៊ុក បានក្លាយ​ទៅ​ជា​កន្លែង​ណាត់​ជួប​គ្នា​ដ៏​សំខាន់​មួយ​រវាង​អ្នក​នយោបាយ​ខ្មែរ​និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។
បណ្ដាញ​សង្គម​ហ្វេសប៊ុក បានក្លាយ​ទៅ​ជា​កន្លែង​ណាត់​ជួប​គ្នា​ដ៏​សំខាន់​មួយ​រវាង​អ្នក​នយោបាយ​ខ្មែរ​និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។ REUTERS/Dado Ruvic/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

ខណៈ​ហ្វេសប៊ុក​គឺ​ជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​បំផុត​នៅ​កម្ពុជា ដោយ​មាន​ពលរដ្ឋ​កម្ពុជា​១​ភាគ​៣​ប្រើ​ប្រាស់ វា​មិន​មែន​ជា​រឿង​ចម្លែក​ទាល់​តែ​សោះ ដែល​អ្នក​នយោបាយ​ខ្មែរ​ជ្រើស​យក​ហ្វេសប៊ុក​ជា​វេទិកា​ទាក់ទង​ជាមួយ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។ អ្នក​នយោបាយ​សំខាន់​ៗ​នៅ​ស្រុក​ខ្មែរ និយាយ​ដោយ​ចំពោះ​តែ​ម្ដង​គឺ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង លោក សម រង្ស៊ី គឺ​សុទ្ធ​តែ​ជា​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក​យ៉ាង​សកម្ម​។

ដំបូង​និយាយ​ពី​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​រៀង​រាល់​ថ្ងៃ សម្រាប់​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ហើយ​យក​ព័ត៌មាន​ទាំង​អស់​នោះ ចែក​ចាយ​ទៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ដោះ​ស្រាយ​។ សកម្មភាព​ការងារ​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ចុះ​សម្ពោធ​ស្ពាន បើក​ការដ្ឋាន​សាងសង់​អគារ ជួប​ភ្ញៀវ និង វាយ​កូន​ហ្គោល​ជា​ដើម ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មិន​លោះ​ថ្ងៃ​។ ក្នុង​ឱកាស​ពិសេស​ៗ ប្រមុខ​រដ្ឋាភិបាលខ្មែរ អួត​ពី​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សន្តិភាព​នៅ​កម្ពុជា ដែល​លោក​អះអាង​ថា បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​កាន់​អំណាច​។

ចំណែក​លោក សម រង្ស៊ី ​វិញ​។ ថ្វី​ត្បិត​តែ​រាងកាយ​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​លោក​នៅ​តែរក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ​របស់​លោក តាម​រយៈ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​។ ព័ត៌មាន​សង្ខេប​ប្រចាំ​ថ្ងៃ​ដែល​ភាគ​ច្រើន​និយាយ​ពី​បក្ស​សង្គ្រោះ​ជាតិ សារ​នយោបាយ យុទ្ធនាការ​ទាមទារ​យុត្តិធម៌ផ្សេង​ៗ គឺ​ជា​អ្វី​ដែល​គេ​តែង​តែ​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី​។ ក្រៅ​ពី​នោះ ប្រមុខ​បក្ស​ប្រឆាំង​ក៏​បាន​ជ្រើស​យក​ទំព័រ​ហ្វេសប៊ុក ដើម្បី​​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​កាន់​អំណាច និង លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ដែល​ជា​គូបដិបក្ខ​ផង​ដែរ​។

មែន​ទែន​ទៅ ការ​វាយ​ប្រហារ​ទៅ​លើ​ដៃ​គូ​ប្រកួត​ប្រជែង គឺ​ជា​រឿង​សាមញ្ញ​ណាស់​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ដូច​កម្ពុជា​។ ការ​ជ្រើស​យក​ហ្វេសប៊ុក​ជា​វេទិកា​ប្រកួត​ប្រជែង​គ្នា​របស់​អ្នក​នយោបាយ ក៏​មិន​មែន​ជា​រឿង​ខុស​ឆ្គង ព្រោះហ្វេសប៊ុក គឺ​​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​នៅ​ស្រុក​ខ្មែរ ដែល​មាន​ប្រជាជន​ខ្មែរ​១​ភាគ​៣​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ​។ ហ្វេសប៊ុក ថែម​ទាំង​បាន​ភ្ជាប់​ទំនាក់​ទំនង​រវាង​ម្ចាស់​ឆ្នោត​និង​អ្នក​នយោបាយ​ខ្មែរ​ទៀត​ផង​។ អ្នក​នយោបាយ ប្រើ​ប្រាស់​ហ្វេសប៊ុក​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​។ ចំណែក​ម្ចាស់​ឆ្នោត​វិញ ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​មធ្យោបាយ​ទាក់ទង​ជាមួយ​អ្នក​នយោបាយ ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​។

ប៉ុន្តែ​នៅ​លើ​ហ្វេសប៊ុក ការ​ប្រកួត​ប្រជែង​ខ្លះ​ជា​រឿង​ដែល​មិន​ចាំ​បាច់ និង អាច​ធ្វើ​ឲ្យ​បាត់​តម្លៃរបស់​​អ្នក​នយោបាយ​ខ្លួន​ឯង​ផង​ក៏​មាន​ ដូច​ជា​ការ​ប្រជែង​គ្នា​ថា​អ្នក​នយោបាយ​ណា​មាន​អ្នក​ចុច​ចូល​ចិត្ត​​ច្រើន​ជាង​ជា​ដើម​។ ហេតុ​អ្វី? ព្រោះ​ការ​គាំទ្រ​នៅ​ក្នុង​ហ្វេសប៊ុក មិន​ឆ្លុះ​បញ្ចាំង​អំពី​សន្លឹក​ឆ្នោតដែល​អ្នក​នយោបាយ​នឹង​ទទួល​បាន នៅ​ពេល​បោះ​ឆ្នោត​ឡើយ​។ មាន​ន័យ​ថា ​ចំនួន​ចុច​ចូល​ចិត្ត​លើ​ទំព័រ​ហ្វេសប៊ុក ទំនង​ជា​មិន​អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខឡើយ​​។ ព្រោះ​សូម​កុំ​ភ្លេច​ថា ការ​ចុច​ចូល​ចិត្ត​លើ​បណ្ដាញ​សង្គម មិន​មែន​មាន​ន័យ​ថា ជា​ការ​បោះ​ឆ្នោត​គាំទ្រ​ទេ។ មួយ​វិញ​ទៀត បណ្ដាញ​សង្គម​​នេះ មាន​ឥទ្ធិពល​តិច​តួច​ណាស់​នៅ​តំបន់​ជន​បទ​។ តំបន់​ជនបទ ដែល​ការ​​​ប្រើ​ប្រាស់​អ៊ីនធឺណែត​នៅ​មាន​កម្រិត​នៅ​ឡើយរហូត​មក​ទល់​សព្វ​ថ្ងៃ នេះ​។

យ៉ាងណាក៏ដោយ នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​នយោបាយ​មិន​គួរ​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដើម្បី​ប្រកួត​ប្រជែង​គ្នា​ទេ​។ ការ​ប្រកួត​ប្រជែង​គ្នា​រវាង​អ្នក​នយោបាយ បើ​ទោះ​បី​ជា​ធ្វើ​ឡើង​ក្នុង​រូបភាព​អ្វី​ក៏​ដោយ មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​។ គ្រាន់​តែ​ថ​ការ​ប្រកួត​ប្រជែង​គ្នា គួរ​តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​សុចរិត ដោយ​ផ្ដោត​ទៅ​លើ​គោលនយោបាយ​សំខាន់​ៗ​ដែល​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សង្គម​ជាតិ ជាជាង​ការ​ប្រជែង​គ្នា​យក​ឈ្នះ​លើ​ចំនួន​អ្នក​ចុច​ចូល​ចិត្ត។ ចំនួន​អ្នក​ចុច​ចូល​ចិត្ត​លើ​ហ្វេសប៊ុក ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​អត្រា​នៃ​អ្នក​គាំទ្រ និង​ដែល​ទំនង​ជា​មិន​ជះ​ឥទ្ធិពល​អ្វី​ទេ​ដល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ