អានតួអត្ថបទ
កម្ពុជា

កម្មករ​រាប់​សិប​នាក់​ផេ្សង​ទៀត​នៅ​បាវិត​ត្រូវ​បាន​ចាប់​ខ្លួន ​បន្ទាប់​ពី​កម្មករ​៤​នាក់​ត្រូវ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ

នៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង កម្មករ​រោង​ចក្រ​ជាង​១​ម៉ឺន​នាក់​ ដែល​បាន​បន្ត​ការ​តវ៉ា​របស់​ខ្លួន ​នាព្រឹក​ថ្ងៃ​ទី​ ២១​ខែ​ធ្នូ​នេះ នៅ​ឯ​តំបន់​ឧស្សាហកម្ម​តាយសេង បាន​ទទួល​រង​ការ​បាញ់​ទឹក​បង្រា្កប​ពី​សំណាក់​សមត្ថកិច្ច។ យ៉ាងណា​ក៏​ដោយ​មិន​មាន​របាយការណ៍​ជន​រង​គ្រោះ​នោះ​ទេ។

កម្មករ​-​កម្មការិនី​ខ្មែរ​ឈរលើក​ស្ទីកឃ័រ​ពណ៌​បៃតង ​នៅ​ក្នុង​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​ នាពេលកន្លងមក។​
កម្មករ​-​កម្មការិនី​ខ្មែរ​ឈរលើក​ស្ទីកឃ័រ​ពណ៌​បៃតង ​នៅ​ក្នុង​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​ នាពេលកន្លងមក។​ @/Facebook
ផ្សាយពាណិជ្ជកម្ម

ក្រុម​កម្មករ​ដែល​បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ​នា​ព្រឹក​ថ្ងៃ​ទី ២១​ ខែ​ធ្នូ​នេះ​ ត្រូវ​បាន​បំបែក ដោយ​ឡាន​បាញ់​ទឹក។

នៅ​ក្នុង​ការ​បង្រ្កាប​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ មិន​មាន​ការ​រាយការណ៍​អំពី​អ្នក​រង​របួស​នោះ​ទេ​ ក៏​ប៉ុន្តែ​កម្មករ​រាប់​សិប​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​បង្រ្កាប​នេះ ។ ​នេះ​បើ​យោង​តាម​លោក អ៊ូ សាខឿន អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយ​រៀង។ លោក អ៊ូ សាខឿន បញ្ជាក់​ថា ការ​តវ៉ា​នៅ​ថ្ងៃ​នេះ​ មាន​តែ​កម្មករ​រោងចក្រ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង ប៉ុណ្ណោះ ​។ ចំនែក​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន គឺ​ធ្វើ​ការ​ជា​ធម្មតា។

ការ​ឃាត់​ខ្លួន​កម្មករ​នៅ​ថ្ងៃ​ទី​ ២១​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី កម្មករ​៤​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ធ្វើ​សំណុំ​រឿង ទៅ​កាន់​តុលាការ​ ដើម្បី​សាកសួរ​ ទាក់​ទង​ទៅ ​នឹង​ការ​គប់​ដុំថ្ម បំផ្លាញ​ទ្រព្យ​សម្បត្តិ បង្អួច​ទ្វារ​កញ្ចក់​របស់​រោងចក្រ ក្នុង​ពេល​ធ្វើ​កូដកម្ម ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​១៦ ខែ​ធ្នូ​មក​ម្ល៉េះ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា នៅ​ពេល​នេះ​សហជីព​របស់​លោក​កំពុង​តែ​តាម​អង្កេត​សំណុំ​រឿង​របស់​កម្មករ​ទាំង​៤​នាក់ ថា​តើ​ពួក​គេ​ពិត​ជា​មាន​បទល្មើស​មែន​ដែរ​ឬ​ទេ។ ក្រៅ​ពី​នេះ លោក ប៉ាវ ស៊ីណា ក៏​បាន​ថ្កោល​ទោស​ថា ការ​បង្រាប​ទាំង​នេះ គឺ​បាន​រំលោភ​លើ​សិទ្ធិ​របស់​ក្រុម​កម្មករ ។

មូលហេតុ​ដែល​ធ្វើ​អោយ​កម្មករ​រោង​ចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង  ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន ផ្ទុះ​ការ​តវ៉ា ត្រូវ​បាន​លោក ឃុន សុខុម អ្នក​សម្រប​សម្រួល​ខេត្ត​ស្វាយ​រៀង រប​ស់សហពន្ធ័​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និយាយ​ថា គឺ​បាន​កើត​ឡើង​ដោយសារ​តែ​ថៅកែ​រោងចក្រ​មិនព្រម​តម្លើង​ប្រាក់​២០​ដុល្លារ​ ដូច​ដែល​ធ្លាប់​បាន​សន្យា។ លោក​បន្ត​បញ្ជាក់​ថា​ នៅ​ឆ្នាំ​ចាស់ រោងចក្រ​បាន​សន្យាថា​ ប្រសិន​បើ​កម្មករ​មិន​ចូល​រួម​ការ​តវ៉ា​ណាមួយ​ជាមួយ​សហជីព នោះ​គេ នឹង​តម្លើង​ប្រាក់​ខែ​ម្នាក់​២០​ដុល្លារ នៅ​ក្នុង​ឆ្នាំ​ថ្មី។ ក៏​ប៉ុន្តែ ប្រាក់​ខែ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ គឺ​រោងចក្រ​តម្លើង​បន្ថែម​អោយ​បាន​តែ​ ១២ដុល្លារ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ