អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​តម្លើង​ប្រាក់ឈ្នួល​កម្មករ​ឆ្នាំ​២០១៦​ មិន​បាន​អនុវត្ត​តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​ការ​រំពឹង​ទុក​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នៃ​វិស័យ​កាត់ដេរ​និង​ដេរ​ស្បែក​ជើង​នៅ​ឆ្នាំ​២០១៦​ខាង​មុខអា​ច​នឹង​ឡើងខ្ពស់ជាង១៣៣ដុល្លារ តែមិនអាចដល់១៦០ដុល្លារនោះទេ។ទោះយ៉ាងនេះក្តី ​ការ​តម្លើង​ប្រាក់​ឈ្នួល​មួយ​ដែល​មាន​លក្ខណៈ​តឹងតែង​គឺ​ជា​ចរិក​នៃ​ពាណិជ្ជករ​ ​ដែល​រក​ប្រាក់​ចំណេញ ​ក៏​ប៉ុន្តែ​ការ​ផ្តល់​ឲ្យ​ដែល​មិនស្រប​​ទៅ​នឹង​​ស្ថានភាព​​រស់នៅ​​ជាក់​ស្តែង​របស់​កម្មករ​ គឺ​ជា​ការ​មិន​អាច​រក​សុខដុម​នីយកម្ម​វិជ្ជាជីវៈ​នៃ​វិស័យ​នេះ​បាន​ឡើយ។​

កម្មករ​រោងចក្រ​​អូសេអង់​​​ ធ្វើ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ​ នា​ពេល​កន្លង​មក​​
កម្មករ​រោងចក្រ​​អូសេអង់​​​ ធ្វើ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ​ នា​ពេល​កន្លង​មក​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ទាមទារ​របស់​សហជីព​ ដែល​តំណាង​ឲ្យ​កម្មករ​នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ដេរ​ស្បែក​ជើង​ ទី​បំផុត​ប្រហែល​ជា​មិន​អាច​ខិតចូ​ល​ជិត​គ្នា​ ទៅនឹ​ង​ការ​ផ្តល់​ឲ្យ​របស់​និយោជក​ទេ ​ទោះ​ជា​ត្រូវ​ជជែក​គ្នា​រាប់​សិប​លើក​ទៀត​ក៏​ដោយ។ គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ ​នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ភាគី​ទាំងបី​ត្រូវ​ឡើង​ជ្រុញ​ចិញ្ច្រាំ​គ្នា​ចុង​ក្រោយ​ ហើយ​សម្រេច​ថា​វាសនា​ប្រាក់ខែ​អប្បរមា​កម្មករ​កាត់ដេរ​នឹង​ត្រូវ​បាន​ប៉ុន្មាន​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ។​

គេ​មិន​អាច​ដឹង​បាន​ប្រាកដថា​ ប្រាក់ខែ​អប្បបរមា​នឹង​ត្រូវ​ឡើង​ប៉ុន្មាន​ទេ​​ពី​លើ​ប្រាក់ខែ​ចាស់​១២៨​ដុល្លារ។ ​ក៏ប៉ុ​ន្តែតាមការ​ជជែក​ពិភាក្សាគ្នា​ជា​ហូរហែរម​​កទល់​ពេលនេះ ​ឃើញ​ថា​ភាគី​ថៅកែ​រោងចក្រ​បាន​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន​ទាំង​ថ្ងូរ​គឃឹស​ថា​នឹង​ឡើង​ប្រាក់​ខែ​ដល់​កម្មករ​ប្រមាណ​ជា​៤% ​គឺ​ស្មើ​នឹង​៥,១២ដុល្លារ។​ មានន័យថា​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បរមា​ ចំនួន​១៣៣,១២ដុល្លារ​ ក្នុង​មួយ​ខែ ​សម្រាប់​ឆ្នាំ​២០១៦។

​ផ្ទុយ​ទៅវិញ​ភាគី​សហជីពដែ​ល​មាន​និន្នាការ​ផ្សេង​ៗ​គ្នា​ ម្តង​មូល​មតិគ្នា​ ម្តង​ខ្វែង​គំនិត​គ្នា​ បាន​សម្រេច​ចុងក្រោយ​បញ្ចុះ​២៥%​គឺ​ស្មើ​នឹង​១៦០​ដុល្លារ។​ តាមរយៈ​តួលេខ​នេះ​ ឃើញ​ថា​នៅ​តែ​មាន​គំលាត​គ្នា​នៅ​ឡើយ​រវាង​ការ​ស្នើ​សុំ​និង​ការ​ផ្តល់​ឲ្យ។

ប៉ុន្តែ​វា​សឹងតែ​ជា​ទំលាប់​ទៅ​ហើយ​ចំពោះ​ការ​ទាមទារ​និង​ការ​ផ្តល់​ឲ្យ​ទាក់ទង​ទៅនឹង​ប្រាក់​ឈ្នួល​នៃវិ​ស័យ​ឧស្សាហកម្ម​នេះ​ក្នុង​មួយ​ឆ្នាំ​ៗ។​ជា​ការ​កត់​សម្គាល់​ភាគី​និយោជក​តែងតែ​ផ្តល់​ឲ្យ​ក្នុង​កម្រិត​​មួយ​​របស់​ខ្លួន​ជាក់លាក់គឺ​ក្នុង​រង្វង់​៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដោយ​មាន​ការ​រអូរទាំ​ថា​ វិស័យ​កាត់ដេរ​រងការ​ប្រឈម​ជា​រៀងរាល់​ឆ្នាំ​ ព្រម​ទាំង​ព្រមាន​ពី​ការ​បិទ​រោងចក្រ​រត់​ចេញ​ពី​ប្រទេស​កម្ពុជា​ទៀតផង។​

ជាការ​ពិត​ការ​បិទ​រោងចក្រ​រត់​ចោល​ដោយ​មិន​ទទួល​ខុស​ត្រូវ​ តែង​កើត​មាន​ជា​ហូរហែរ ​ដោយ​សារ​តែ​ថៅកែ​រោងចក្រ​មួយ​ចំនួន​ខាត​បង់​ពី​មូលហេតុ​ផ្សេងៗ​ មិនមែន​ខាត​ដោយសារ​តែ​បណ្តាក់​ទុន​ពិត​ប្រាកដ​លើ​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានោះ​ឡើយ។

​ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​ទាមទារ​របស់ស​ហជីពកម្មករ​ ក្នុង​មួយឆ្នាំ​ៗ​បាន​ធ្វើ​ឡើង​យោង​ទៅ​តាម​ស្ថានភាព​ពិតប្រាកដ​នៃ​សេដ្ឋកិច្ចនិង​សង្គម ដែល​កម្មករ​ម្នាក់​ៗ​អាច​រស់នៅ ​ធ្វើ​ការ​បាន​នៅ​ទីប្រជុំជន​ ទីក្រុង ​ឆ្ងាយ​ដាច់​សង្វែង​ពី​ស្រុក​កំណើត​របស់​ពួកគេ។

​ក៏​ប៉ុន្តែ​ការ​ទាមទារ ​ដែល​សហជីព​អះអាង​ថា​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ជាក់លាក់​ មិន​ត្រូវ​បាន​ទទួល​យក​ពី​ភាគី​និយោជក​ឡើយ។​ ជា​ឧទាហរណ៍​ ការ​ជជែក​គ្នា​តម្លើង​ប្រាក់ខែ​ដល់​កម្មករ​មក​ទល់​ពេល​នេះ ​ភាគី​នីមួយៗ​សុទ្ធតែ​លើក​ឡើង​ពី​របៀប​ធ្វើ​ការ​តាម​លក្ខណៈ​បច្ចេកទេស​រៀង​ៗខ្លួន​ តែ​ផ្ទុយ​ទៅ​វិញអ្វី​ដែល​ភាគី​ថៅកែ​ហ៊ាន​នោះ​ គឺ​យោង​ទៅ​លើ​ការ​ជជែក​គ្នា​ជាក់​ស្តែង​​។

​សម្រាប់​ការទា​មទារ​តម្លើ​ងប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​នៅ​ក្នុង​ឆ្នាំ​នេះ ​មើលទៅ​មិនខុស​ពី​ឆ្នាំ​កន្លង​ទៅទេ ​គឺ​មាន​សភាព​តានតឹង។ ​ស្ថានភាព​បែបនេះ​ជម្រុញ​ឲ្យ​សហជីព​មាន​ជំរើស​ពីរ​​គឺ​ទី១​រង់ចាំ​ការ​តវ៉ា​ទឹក​ចុង​ក្រោយ​ និង​លើកដៃ​សម្រេច​នៅ​ថ្ងៃ​ទី​៨​តុលាស្អែក។ ទី២​ ជា​យុទ្ធសាស្ត្រ​ចាស់​ គឺ​ការ​ទាមទារ​ដោយ​ធ្វើ​កូដកម្ម​ បាតុកម្ម​ មុខ​រោងចក្រ​មួយ​ចំនួន​ ដែល​ពួកគេ​យល់​ថាជា​ការ​ដាក់​សម្ពាធ​១​ថ្ងៃ​មុន​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ។​

ក៏​ប៉ុន្តែ​ការ​អនុវត្ត​តាម​វិធី​ទី​២នេះ​ ប្រហែល​មាន​ការ​លំបាក​បន្តិច​ ដោយសារ​ការ​ពង្រឹង​កំលាំង​ការពារ ​ទប់ស្កាត់​នឹ​ង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​កាន់​តែ​មាន​សភាព​វិវត្តន៍​ជាង​មុន។ហើយ​ម្យ៉ាង​ទៀត​ មេដឹកនាំ​សហជីព​មួយ​ចំនួន​សុទ្ធតែ​នៅជាប់​បណ្តឹង​ចាស់​ ខ្លះ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​ប្រព័ន្ធ​តុលាការ។

​តាមពិត​ មិន​ថ្វី​ទេ ​ដោយសារ​នៅ​កម្ពុជា​អ្វី​ៗទាំ​ងអស់​គឺ​តែងផ្សារ​ភ្ជាប់​នឹង​បញ្ហា​គុណស​ម្បត្តិ​ រាល់ការ​សម្រេ​ចយ៉ាងណា​មួ​យ​ដែល​គេ​យល់​ថា​ជា​ការ​ប៉ះពាល់​ការ​គាំ​ទ្រ​ធ្ងន់ធ្ង​រ ប្រហែល​ជា​មិនសូវ​កើត​មាន​នោះ​ទេ។ ចង់​មិន​ចង់​កម្មករ​កាត់ដេរ​ជាង​៦០​ម៉ឺន​នាក់​ ​គឺ​ជា​ចំនួន​មួយ​ដែល​ច្រើន​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ការ​ធ្វើ​សេចក្តី​សម្រេច​ធំៗ​ ដូចជា​ការ​តម្លើង​ប្រាក់​ឈ្នួល​លើ ​វិស័យកាត់ដេរ​នេះ​ជា​ដើម។

តាម​ទំលាប់​ ទោះ​ជា​ភាគី​រដ្ឋាភិបាល​បាន​អះអាង​ថា​ខ្លួន​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក​សម្រប​សម្រួល​រវាង​និយោជក ​និង​សហជីព​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ជា​រៀង​រាល់​លើក ​រដ្ឋាភិបាល​តែង​បន្ថែម​ថវិកា​របស់​ខ្លួន​ទៅលើ​តួលេខ​ដែល​និយោជក​ផ្តល់​ឲ្យ​កម្មករ។ ​សម្រាប់​ការ​កំណត់​តម្លើង​ប្រាក់​ខែ​គោល​នៅ​ឆ្នាំ​២០១៦ខាងមុខ​ ទោះ​យ៉ាង​ណា ​គេ​រំពឹង​ថា​រដ្ឋាភិបាល​អាច​នឹង​មាន​ខ្ទង់​ខ្លះ​សម្រាប់​ចាយ​លើ​រឿង​នេះ​ដែរ​ មិន​អត់​សោះ​នោះ​ទេ។ ​ការ​តម្លើង​ប្រាក់ឈ្នួល​អប្បរមា​ប៉ុន្មា​ន​ថ្ងៃ​មុន​បុណ្យ​ភ្ជុំបិណ្ឌ ​អាច​ជា​កាដូរ​មួយ​សម្រាប់​កម្មករ​ផងដែរ​ ត្រង់ថា​កាដូរ​នោះ​ធំ​ឬ​តូច​ប៉ុណ្ណា​ ហើយ​មាន​សារៈសំខាន់​សម្រាប់​តម្រូវ​ការ​កម្មករ​ប៉ុណ្ណា​ អាស្រ័យ​លើ​ឆន្ទៈ​អ្នក​ពាក់ព័ន្ធទាំ​ងអស់​នៅ​ក្នុ​ងឧស្សាហកម្ម​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ​ ដែល​មាន​ការ​នាំចេញ​ជាង​៥​ពាន់​លាន​ដុល្លារ ក្នុង១ឆ្នាំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ