អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព័ត៌មាន​ក្លែងក្លាយ នៅ​លើ​បណ្ដាញ​សង្គម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព័ត៌មាន​ក្លែងក្លាយ កំពុង​តែ​វាយ​លុក​​​សង្គមខ្មែរ។ នៅ​ពេល​ដែលបណ្ដាញ​សង្គម​​ត្រូវ​បាន​ប្រើ​ប្រាស់​កាន់​តែ​ទូលំទូលាយ ព័ត៌មាន​ក្លែងក្លាយ​កាន់​តែ​អាច​សាយ​ភាយ​លឿន​​រហ័ស បណ្ដាល​ឲ្យ​​ភាន់​ច្រឡំនិង​​ជ្រួល​ច្របល់​​។ ក្នុង​បរិបទ​ដូច្នេះ ការ​សេព​ព័ត៌មាន​របស់​ពលរដ្ឋ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ពិសេស​នៅ​លើ​បណ្ដាញ​សង្គម គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត​។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ មិន​ចាំ​បាច់​និយាយ​ដល់​ព័ត៌មាន​ក្លែង​ក្លាយ​ឬ​ដំណឹង​​ចចាម​អារាម​អ្វី​ណា​ទេ គ្រាន់​តែ​ព័ត៌មាន​ពិត​ប្រាកដ​ក៏​មាន​ច្រើន ស្វែង​យល់​មិន​អស់​ទៅ​ហើយ​។ ឥឡូវ​នេះ បន្ថែម​ពី​លើ​ព័ត៌មាន​ដែល​មាន​ស្រាប់ គេ​សង្កេត​ឃើញ​មានព័ត៌មាន​ក្លែង​ក្លាយ​ថែម​ទៀត​។ ព័ត៌មាន​បែប​ណា​ដែល​គេ​អាច​ចាត់​ទុក​ថា ជា​ព័ត៌មាន​ក្លែងក្លាយ?

ព័ត៌មាន​ក្លែង​ក្លាយ គឺ​ជា​ពាក្យ​ចចាម​អារាម​មួយ​ប្រភេទ ឬព័ត៌មាន​ប្រឌិត ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោ​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ក្នុង​គោលដៅ​បង្កាច់​បង្ខូច​ បង្កើត​ជា​ការ​ភាន់​ច្រឡំ និង​ភាព​ជ្រួល​ច្របល់​​។ ព័ត៌មាន​ក្លែង​ក្លាយ​ពេល​ខ្លះ​ក៏​ត្រូវ​បាន​ប្រឌិត​ឡើង​ផង​ដែរ ដើម្បី​ទទួល​បាន​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ឬ​កេញ​ចំណេញ​ផ្នែក​នយោបាយ​។

កាល​ពី​មុន ព័ត៌មាន​ក្លែង​ក្លាយ​ពិបាក​នឹង​ធ្វើ​ឲ្យ​សង្គម​ជ្រួល​ច្របល់ ព្រោះ​លទ្ធភាព​នៃ​ការ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត​។ ប៉ុន្តែ​ឥឡូវ​នេះ នៅ​ពេល​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន លទ្ធភាព​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​មាន​កាន់​តែ​ទូលំទូលាយ ពិសេស​នៅ​តាម​បណ្ដាញ​សង្គម​។ តាម​រយៈ​មធ្យោបាយ​នេះ ព័ត៌មាន​ដែល​ពេល​ខ្លះ​ត្រូវ​បាន​ប្រឌិត​ឡើង អាច​ទៅ​ដល់​ដៃ​មនុស្ស​រាប់​ម៉ឺន រាប់​សែន ឬ​រហូត​ដល់​រាប់​លាន​នាក់​ក្នុង​ពេល​តែ​មួយ​។

សព្វ​ថ្ងៃ ​ព័ត៌មានបែក​ធ្លាយ និង​ដំណឹង​​ចចាម​អារាម​កាន់​តែ​ច្រើន​ឡើង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​ព័ត៌មាន​ទាំង​នេះ មួយ​ចំនួន​ធំ​មិន​អាច​ស្វែង​រក​ការ​បញ្ជាក់​ពី​ការ​ពិត​បាន ឬ​ខ្លះ​ទៀត​ត្រូវ​បាន​បុគ្គល​ពាក់ព័ន្ធ​ច្រាន​ចោល​​តែ​ម្ដង ​ថា​ជា​ព័ត៌មាន​ក្លែង​ក្លាយ​។ ប៉ុន្តែ បើ​ទោះ​បី​ជា​មាន​ឬ​គ្មាន​ការ​បដិសេធ​ក៏​ដោយ ​ចង់​ឬ​មិន​ចង់ ព័ត៌មាន​ក្លែង​ក្លាយ​ទាំង​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភាន់​ច្រឡំ និង​ជ្រួល​ច្របល់​ទោះ​ក្នុង​កម្រិត​ណា​មួយ​ក្ដី។

ជា​ការ​ពិត​ហើយ​ថា ការ​សេព​ព័ត៌មាន​គឺ​ជា​រឿង​សំខាន់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្តែ​នៅ​ក្នុង​បរិបទ​ដែល​ព័ត៌មាន​ក្លែង​ក្លាយ​ចាប់​ផ្ដើមរាតត្បាត​បណ្ដាញ​សង្គម ប្រជាពលរដ្ឋ​ខ្មែរ គួរ​តែ​សេព​ព័ត៌មាន​យ៉ាង​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត ធ្វើ​យ៉ាង​ណា​ចៀស​ឲ្យ​ផុត​ពី​ការ​លង់​ជឿ​លើ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ។

ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ត្រូវ​ពិនិត្យ​មើល​ប្រភព​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​មុន​នឹង​ដាក់​ចិត្ត​ជឿ​។ ឬ​បើ​ព័ត៌មាន​នោះមិន​មាន​បញ្ជាក់​ប្រភព​ទេ ការ​ផ្ទៀងផ្ទាត់​លើ​គេហទំព័រ​ព័ត៌មាន កាសែត ឬ​ស្ថាប័ន​ព័ត៌មាន​ដទៃ​ទៀត គួរ​តែ​ត្រូវ​ធ្វើ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ក្នុង​ករណី​​សង្កេត​ឃើញ​ថា ចំណង​ជើង​ព័ត៌មាន​មាន​លក្ខណៈ​ទាក់ទាញ​ខ្លាំង​ពេក ចម្លែក​ពេក ឬ​ពិបាក​ជឿ​ខ្លាំង​ពេក អ្នក​អាន​រឹត​តែ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ដាក់​ចិត្ត​ជឿ​។
លិខិត ឬព័ត៌មាន​ខ្លះ​ជា​រឿង​ចាស់ កើត​ឡើង​តាំង​ពី​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​មុន នៅ​សុខ​ៗ​ស្រាប់​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឡើង​វិញ​ជា​ថ្មី​។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​មិន​បាន​សង្កេត​ច្បាស់ បាន​ចែក​រំលែក​ព័ត៌មាន​នោះ​ឡើង​វិញ បណ្ដាល​ឲ្យ​កើត​ការ​ភាន់​ច្រឡំ​ត​ៗ​គ្នា​មួយ​រំពេច​។ ព័ត៌មាន​ចាស់ មិន​មែន​មិន​អាច​ចែក​រំលែក​ជា​ថ្មី​បាន​ទេ​។ ប៉ុន្តែ​អ្នក​ចែក​រំលែក​នោះ​ត្រូវ​ដឹង​ថា​វា​ជា​រឿង​​ចាស់។ មិន​មែន​ចែក​រំលែក​ព័ត៌មាន​ចាស់​ដោយ​យល់​ថា​វា​ជា​រឿង​ថ្មី​ទេ​។

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ចែក​រំលែក​បន្ត​ព័ត៌មាន អម​ដោយ​ការ​បញ្ចេញ​មតិ​។ នេះ​គឺ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ មុន​ពេល​ប្រតិកម្ម​លើ​ព័ត៌មាន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ត្រូវ​ច្បាស់​ខ្លួន​ឯង​ជា​មុន​សិន​ថា ព័ត៌មាន​នោះ​គឺ​ជា​រឿង​ពិត​។ ព្រោះ​ក្នុង​ករណី​ដែល​វា​ជា​ព័ត៌មាន​មិន​ពិត អ្នក​ដែល​ចែក​រំលែក​ព័ត៌មាន​នោះ អាច​រង​ការ​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​តុលាការ​។

ក្រៅ​ពី​ការ​ការពារ​ខ្លួន​ឯង​មិន​ឲ្យ​រង​គ្រោះ​ព្រោះ​ព័ត៌មាន​ក្លែងក្លាយ អ្នក​ប្រើ​បណ្ដាញ​សង្គម​ក៏​អាច​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​កុំ​ឲ្យ​វា​រីក​រាល​ដាល​វែង​ឆ្ងាយ​បាន​ដែរ ដោយ​ការ​សរសេរ​សារ​បញ្ជាក់​លើ​គណនី​របស់​ខ្លួន​ឯង ឬ​ដាស់​តឿន​អ្នក​ដែល​ចែក​រំលែក​ព័ត៌មាន​ក្លែងក្លាយ​ជា​ដើម​។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នក​ប្រើ​ប្រាស់​ក៏​អាច​រាយការណ៍​អំពី​ព័ត៌មាន​ក្លែងក្លាយ​ដែរ ដែល​ប្រព័ន្ធ​នេះ​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ដាក់​ឲ្យ​ដំណើរការ​តាំង​ពី​ចុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ​។

សរុប​មក​វិញ នៅ​ក្នុង​បរិបទ​ដែល​ព័ត៌មាន​ក្លែងក្លាយ​កំពុង​វាយ​លុក​បណ្ដាញ​សង្គម អ្នក​ប្រើប្រាស់​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មាន​ទែន មុន​ពេល​ដាក់​ចិត្ត​ជឿ ឬ ចែក​រំលែក​បន្ត​។ ពោល​នៅ​ពេល​ឃើញ​ព័ត៌មាន​ដែល​គួរ​ឲ្យ​សង្ស័យ ពលរដ្ឋ​មិន​ត្រូវ​ឆាប់​ប្រតិកម្ម ជឿ ឬ​ចែក​រំលែក​ភ្លាម​ៗ​ទេ ដោយ​ត្រូវ​ពិនិត្យ​ពិច័យ​ស្វែង​រក​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់​សិន​។ ព្រោះ​ព័ត៌មាន​ក្លែងក្លាយ ភាគ​ច្រើន​លើស​លុប​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ជា​ប្រយោជន៍​សេដ្ឋកិច្ច ឬ​ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ