អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំ​រឿង​ក្លែង​បន្លំ​ចំនួន​“Like”​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន បាន​ធ្លាក់​ដល់​ដៃ​តុលាការ​អាមេរិក

អតីត​ប្រមុខ​បក្ស​ប្រឆាំង​លោក​សម រង្ស៊ី តាម​រយៈ​មេធាវី​អាមេរិកាំង​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​តុលាការ​ថ្នាក់​សង្កាត់​នៃ​ភាគ​ខាង​ជើង​រដ្ឋ California សហរដ្ឋ​អាមេរិក​ដោយ​ប្តឹង​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ចេញ​នូវ​ព័ត៌មាន​ពិត​ជុំវិញ​ចំនួន​“Like”​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​មេធាវី​លោក​សម រង្ស៊ី កាល​ពី​ម្សិល​មិញ។ ជា​ការ​កត់​សម្គាល់ ពាក្យ​ប្តឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​សម រង្ស៊ី ធ្លាប់​បាន​ចាញ់​ក្តី​ជុំវិញ​រឿង​នេះ​ប្តឹង​រួច​មក​ហើយ​នៅ​តុលាការ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។

ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន
ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន @សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ជូន​ដំណឹង​របស់​មេធាវី​លោក​សម រង្ស៊ី​ចុះ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា បណ្តឹង​របស់​លោក​សម រង្ស៊ីនេះ គឺ​ដើម្បី​ស្វែង​រក​ព័ត៌មាន​ផ្សេងៗ​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​ចំពោះ​អ្វី​ដែល​លោក​សម រង្ស៊ី បាន​ចោទ​ថា លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខុស​ទិស​ដៅ ដោយ​បោក​បញ្ចោត​អ្នក​បោះ​ឆ្នោត​នៅ​កម្ពុជា និង​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស​ផង​ទៀត។ បើ​តាម សេចក្តី​ជូន​ដំណឹងបញ្ហា​សំខាន់​មួយ​នៅ​ក្នុង​រឿង​នេះ គឺ​ការ​ក្លែង​បន្លំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក្នុង​ការ​បង្កើន​ប្រជាប្រិយ​ភាព​របស់​គាត់​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយ​ឈ្មោះ​ថា​ “click farms” ដើម្បី​បង្កើត​ចំនួន​ចុច “Like” ក្លែង​ក្លាយ​រាប់​លាន​នៅ​លើ​ហ្វេសប៊ុក​របស់​គាត់។ សេចក្តី​ជូន​ដំណឹង​នេះ ក៏​បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្រើ​ប្រាស់​ទំព័រ​ហ្វេសប៊ុក​នេះ ដើម្បី​គំរាម​សម្លាប់​អ្នក​នយោបាយ​ជំទាស់​ក្នុង​នោះ​រួម​ទាំង​លោក​សម រង្ស៊ី ផង ហើយ​សកម្មភាព​ទាំង​អស់​នេះ គឺ​បំពាន​នឹង​គោលការណ៍ និង​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក​សម រង្ស៊ី បាន​ប្តឹង​ទៅ​កាន់​តុលាការ​អាមេរិក​អំពី​រឿង​ក្លែង​បន្លំ​ចំនួន​អ្នក​ចុច “Like”​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នេះ។ ការ​ប្តឹង​លើក​នេះ គឺ​បន្ទាប់​ពី​លោក​សម រង្ស៊ី បាន​ចាញ់​ក្តី​រឿង​នេះ​ម្តង​រួច​មក​ហើយ​នៅ​តុលាការ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦។ កាល​ណោះ លោក​សម រង្ស៊ី​បាន​ចាញ់​ក្តី​លោក​សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ដោយ​ត្រូវ​បង់​ប្រាក់​ចំនួន​១៥​លាន​រៀល​ឲ្យ​ទៅ​ដើម​បណ្តឹង។ លោក​សោម សឿន ពេល​នោះ​បាន​ប្តឹង​លោក​សម រង្ស៊ី ពី​បទ«បរិហារ​កេរ្តិ៍​ជា​សាធារណៈ» បន្ទាប់​អតីត​​មេ​បក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​លោក​ថា បាន​រៀប​ចំ​បង្កើត​ឲ្យ​មាន​គណនី​ហ្វេស​ប៊ុក​ក្លែង​ក្លាយ ដើម្បី​យក​ទៅ​ចុច like លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន សែន។

ជុំវិញ​បញ្ហា​ចុច “Like” នេះ លោក​សម រង្ស៊ី បាន​អះ​អាង​ថា ភស្តុតាង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​នឹង​ជួយ​បំភ្លឺ​ទៅ​លើ​ការ​ខិត​ខំ​បោក​បញ្ឆោត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​អំពី​រឿង​នេះ។ លោក​ថា លោក​កំពុង​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​ជួយ​បំភ្លឺ​អំពី​រឿង​នេះ ហើយ​ថា​ប្រសិន​បើ​លោក​ហ៊ុន សែន គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ទេ គឺ​គួរ​តែ​គាំទ្រ​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។ លោក​សម រង្ស៊ី គូស​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ត្រូវ​ការ​ដឹង​ការ​ពិត។

ចំណែក​មេធាវី​របស់​លោក​សម រង្ស៊ី គឺ​លោក Noah Hagey​វិញ បាន​លើក​ឡើង​ថា ហ្វេស​ប៊ុក​បាន​បង្ហាញ​នូវ​សក្តានុពល​របស់​ខ្លួន​ក្នុង​ការ​ជួយ​បង្កើន​ការ​ចែក​ចាយ​ព័ត៌មាន និង​តម្លាភាព​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​តួ​យ៉ាង​ប្រទេស​កម្ពុជា។ ដូច្នេះ​បញ្ហា​នេះ​បាន​ចោទ​សួរ​អំពី​តួនាទី​របស់​ហ្វេសប៊ុក​នៅ​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ រួម​ទាំង​ប្រតិកម្ម​របស់​ខ្លួន​នៅ​ពេល​មាន​ការ​បោក​បញ្ឆោត​បែប​នេះ។ មេធាវី​រូប​នេះ ក៏​បាន​អះអាង​ថា នឹង​រង់​ចាំ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំ​បាច់​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​បណ្តឹង​ផ្លូវ​ច្បាប់​របស់​កូន​ក្តី​របស់​លោក និង ដើម្បី​បង្ហាញ​នូវ​ការ​ពិត​នៅ​ពី​ក្រោយ​ការ​បោក​បញ្ឆោត​ជា​ច្រើន​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ