ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/05 12h00 GMT
កម្ពុជា

ថៅកែរោងចក្រហ្គាវ័ន្ត ប្តឹងសហជីព ស៊ីខាវឌូ ករណីកម្មករតវ៉ាបិទផ្លូវ

media  
ការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​ ហ្គា​វ័ន្ត ថ្មីៗនេះ @សហការី

ថៅ​​កែ​​រោង​ចក្រ​​ហ្គាវ័ន្ត​​ អឹម​ភើរៀល ​​នៅ​សង្កាត់​​តាខ្មៅ​ ​ខេត្ត​​កណ្តាល ​​បាន​​ប្តឹង​​សហជីព​ស៊ីខាវឌូ​ ទៅ​​រដ្ឋមន្រ្តី​​​ក្រសួង​​ការងារ​​ ដោយ​​ចោទ​ថា​​ សហជីព​​មួយ​នេះ​​​​ ញុះញង់​​ឲ្យ​​កម្មករ​ធ្វើ​​ការ​តវ៉ា​​ដោយ​​បិទ​​ផ្លូវ​​។ ​ប៉ុន្តែ​​ក្រុម​កម្មករ​​ និង​​សហជីព ​​បាន​​អះអាង​ថា​​ មូលហេតុ​​ដែល​ពួក​គេ​​តវ៉ា​​ជា​​ច្រើន​ថ្ងៃ​​ជាប់​ៗ​​គ្នា​​មក​​នោះ ​គឺ​​ដោយ​សារ​​តែ​​ថៅ​កែ​​​ស្រី​​ជនជាតិ​​កូរ៉េ​រូប​​នេះ ​​មិន​ព្រម​​បើក​​ប្រាក់​​ឈ្នួល​​ឲ្យ​ពួកគេ​ ​និង​​មិន​​គោរព​​ច្បាប់​​ការងារ​​។

 

ដោយ អ៊ឹង ប៊ុនថន

នៅក្នុង​លិខិត​ចុះថ្ងៃទី​១៥​មករា ដាក់​ទៅ លោក អិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ លោកស្រី ឆា​ ក្យុងហ៊ី ថៅកែ​រោងចក្រ​រោងចក្រ ហ្គាវ័ន្ត បាន​អះអាងថា ការ​ដែល​កម្មករ​នាំគ្នា​ធ្វើ​កូដកម្ម ដោយសារ​តែមាន​ការ​ញុះញង់​ពី​សហជីព​ស៊ីខៅឌូ​។​ ជាមួយគ្នានោះ ថៅ​កែ​ស្រី ជាជន​ជាតិ​កូរ៉េរូប​នេះ បាន​អះអាង​ទៀតថា​ ក្រុមហ៊ុន​បាន​ព្យាយាម​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​កម្មករនិយោជិត នៅ​តែមិនគោ​រពតាម​ការ​បញ្ជា​ឲ្យចូល​ធ្វើការ​វិញ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។​ មិន​តែប៉ុណ្ណោះ តុលាការ​ខេត្តកណ្តាល ក៏បាន​ចេញដីកា​សម្រេច​រក្សា​ការពារ​នៅថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​បញ្ជាឲ្យ​កម្មករ​និយោជិត​ទាំងអស់ ចូល​ធ្វើការ​វិញ​ជាបន្ទាន់​។

ក្នុងលិខិត​ចំនួន​២​ទំព័រ​នោះ លោកស្រី ឆា​ ក្យុងហ៊ី បាន​បន្តចោទ​ថា សហជីព​ស៊ីខៅឌូ មិនគោរព​ទៅ​តាមដី​ការក្សា​ការពារ របស់​សាលាដំបូង​ខេត្តកណ្ដាល ដោយ​បន្ត​ញុះញង់​ដឹក​នាំ កម្មករ​ឲ្យ​បិទទ្វារ​ច្រក​ចេញ ចូល​ក្រុម​ហ៊ុន​ទាំងមុខ និង​ក្រោយ​ហើយ​មិន​ឲ្យ​ក្រុមហ៊ុន​ដឹក​ទំនិញ ចូល និង​កម្មករ​ដទៃទៀត​ចូលធ្វើការ​បាន​ឡើយ​។

ប៉ុន្តែ លោក អាត់ ធន់ ប្រធាន​សហជីព​ស៊ីខាវឌូ បាន​ថ្លែងថា ថៅកែ​រោងចក្រ​នេះ​មិន​គោរ​ព​ច្បាប់​ការងារ ដោយ​មិនបើក​ប្រាក់​ខែ​ឲ្យ​កម្មករ​នោះទេ ​បើគ្មានការ​ធ្វើ​កូដកម្ម។ លោក​បន្តថា មូល​ហេតុ​ដែល​កម្មករ​បិទ​ផ្លូវក៏ព្រោះតែ​មិនចង់​ឲ្យ​ថៅកែដឹក​ម៉ាស៊ីដេរចេញពីរោងចក្រ ដោយ​សារ​តែនៅជំពាក់​​ប្រាក់​ឈ្នួល​និង​អត្ថ​ប្រយោជន៍​ផ្សេង​របស់​កម្មករ។ អត្ថប្រយោជន៍​របស់​កម្មករ​ក្នុង​ម្នាក់​ៗខ្ទង់រាប់​ពាន់​ដុល្លារ នៃចំនួនកម្មរសរុប ប្រហែល១ពាន់នាក់ ​នៅរោង​ចក្រ​ ហ្គាវ័ន្ត ទាំងពីរទីតាំង។ នេះជាបញ្ជាក់​របស់លោក អាត់ ធន់។

​លោក ហេង សួ អ្នកនាំពាក្យ​ក្រសួងការងារ ប្រាប់​វិទ្យុបារាំងRFIថា សំណុំរឿង​នេះ​ក្រសួង​កំពុង​តែពិនិត្យហើយ​រក​ឃើញថា ភាគីថៅកែជាអ្នកខុស គឺក្រសួង​ចាប់​បង្ខំឲ្យ​​សង​សំណង​ទៅ​កម្មករ តែបើ​រក​ឃើញថា សហជីពជាអ្នកខុសនោះ គឺអនុវត្តទៅតាម​ច្បាប់​ស្តី​ពី​កូដកម្ម និង​បាតុកម្ម ដោយ​សន្តិវិធី។

សូមបញ្ជាក់ថា ក្រុម​កម្មករ​នៃ​រោងចក្រ​ ហ្គាវ័ន្ត បាន​បន្ត​ធ្វើ​កូដកម្ម​​ទាមទារ​បប្រាក់​ឈ្នួល​ពី​ថៅកែ​រោងចក្រ​នេះ ចំនួន៦ថ្ងៃជាប់ៗ គិតត្រឹម​​ថ្ងៃទី១៥​ខែមករា ឆ្នាំនេះ។ ក្រុមកម្មករធ្លាប់អះ​អាងថាថៅកែរោងចក្រនេះ មិនព្រមបើកប្រាក់ឈ្នួលឲ្យកម្មករជាទៀងទាត់ និងមិនបង់ថ្លៃសេវាគាំពារសុខភាព (ប.ស.ស.) ជូនកម្មករឡើយ បើទោះបីបានកាត់លុយពីកម្មករហើយក៏ដោយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ