ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/08 12h00 GMT

Facebook នឹង​ក្លាយ​ជា​សមរភូមិ​ក្តៅ​របស់​អ្នក​នយោបាយ សម្រាប់​ការ​បោះឆ្នោត​

Facebook នឹង​ក្លាយ​ជា​សមរភូមិ​ក្តៅ​របស់​អ្នក​នយោបាយ សម្រាប់​ការ​បោះឆ្នោត​
 
ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីត​ប្រធានគណបក្សប្រឆាំង RFI/Rachna

ថ្មីៗ​នេះ គ.ជ.ប. បាន​ណែនាំ​ប្រាប់​​ម្ចាស់​ស្ថានីយទូរទស្សន៍និង​វិទ្យុឯកជន​​ ឲ្យ​ជួល ឬ​លក់​ម៉ោង​ផ្សាយ​របស់​ខ្លួន​ ឲ្យ​ទៅ​គណបក្ស​នយោបាយ សម្រាប់ឱកាស​យុទ្ធនាការ​បោះឆ្នោត​ នាពេល​ខាង​មុខ​នេះ។ ក៏ប៉ុន្តែ ប្រសិន​បើ​ ស្ថានីយទូរទស្សន៍និង​វិទ្យុទាំង​នោះ​ មិនព្រម​លក់ម៉ោងផ្សាយ ឬជួល​ម៉ោង​ឲ្យ​តែ​បក្ស​ណា​មួយដាច់​មុខ ក៏​គ.ជ.ប. មិន​អាច​លូក​ដៃ​បាន​ដែរ ព្រោះ​ជាអាជីវកម្ម​ឯកជន។ ដូច្នេះ អ្នក​វិភាគ​មួយ​ចំនួន ​មើលឃើញថា បណ្តាញ​ព័ត៌មាន​សង្គម ពិសេស​ Facebook គឺ​នៅតែ​ជា​មធ្យោបាយ​សំខាន់​សម្រាប់​គ្រប់គណបក្ស​ ហើយ​​រឹងរឹត​តែ​ចាំបាច់សម្រាប់​បក្ស​ណា ដែល​មិន​សូវ​មាន​ប្រព័ន្ធ​ឃោសនា។

ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ Facebook បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងជីវិត​មនុស្ស​ខ្មែរ​ មិន​ថា​ ​ប្រើ​ប្រាស់​សម្រាប់ទំនាក់ទំនង​​មិត្តភាព ស្នេហា គ្រួសារ និង​ការ​ងារ​នោះទេ! ទន្ទឹមនេះ​ Facebook ក៏បាន​​ក្លាយ​ជា​ទីលាន​សម្រាប់​ការ​ប្រកួត​ប្រជែង​នយោបាយ​ផង​ដែរ។
 
អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ ជាទូទៅ ត្រូវ​គេមើលឃើញថា មាន​ភាព​សកម្ម​ច្រើនទៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ Facebook គឺតាំងពីមុន​ការ​បោះឆ្នោត​ជាតិ​២០១៣មក។ ហើយ​នៅពេលនិងក្រោយ​ពេល ​បោះឆ្នោតឆ្នាំ​២០១៣​នោះ Facebook ក៏​កាន់​តែ​ចាំបាច់ សម្រាប់​ទាក់ទង​សកម្មជន អ្នក​គាំទ្រ និង​អំពាវវនាវ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ជាដើម។
 
ចំពោះ​ថ្នាក់​ដឹក​នាំ​បក្ស​កាន់អំណាច និង​មន្ត្រី​ធំៗ​ដែល​កាន់​ការងារ​រដ្ឋ​វិញ,​ ក្រោយ​ការ​បាត់​បង់កៅអី​រដ្ឋសភា ចំនួន​២២​, ក៏​កាន់តែ​យល់​ច្បាស់មែនទែន ពីឥទ្ធិពល​និង​សារៈប្រយោជន៍​បណ្តាញ​ព័ត៌មាន​សង្គមនេះ។ រហូត​ដល់​មាន​គោល​ការណ៍​ណែនាំ ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ បង្កើត​គណនី Facebook និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ ហើយ​ស្ថាប័ន​សំខាន់​ៗ ក៏ត្រូវឲ្យ​មាន​គេហទំព័រ និង​ទំព័រ​ Facebook របស់​ខ្លួន​ទៀត​ផង។
 
ជារួម គេ​អាច​និយាយ​បាន​ថា ក្នុង​អាណត្តិនីតិកាលទី​៥នេះ  ​និន្នាការ​ប្រើប្រាស់​ Facebook គឺ​កាន់តែ​​មានការ​ពេញនិយមខ្លាំង​ ទន្ទឹម​នឹង​ជម្លោះ​ប្តឹង​ផ្តល់​គ្នា​ដោយសារតែរឿង Facebook ​នេះ ក៏​មាន​យ៉ាងសន្ធឹក​សន្ធាប់​ខ្លាំងក្លាណាស់​ដែរ​​។​
 
បើ​ងាកទៅមើល​ ចំនួន​អ្នក​ប្រើ​ប្រាស់​ Facebook ក៏ឃើញថា ​កាន់តែ​រីកចំនួន​ច្រើន ពី​មួយថ្ងៃទៅមួយ​ថ្ងៃ។​ តាម​របាយការណ៍​ចុងក្រោយ​បំផុត បង្ហាញ​ថា​ នៅ​ស្រុក​ខ្មែរ ចំនួន​អ្នកប្រើប្រាស់​ Facebook ត្រូវគេ​ប៉ាន់​ប្រមាណ​​ថា មានដល់​​​ជិត​៥លាន​នាក់​។ ខណៈ​​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត ជាទូទៅ​​វិញ បាន​កើន​ឡើង​ ជាង​៨​លាន​៩​ម៉ឺន​នាក់ រីឯ​ចំនួន​​អ្នក​ប្រើ​ប្រាស់​ ស៊ីម​កាត​ទូរ​សព្ទ​ចល័ត មាន​ជិត​១០​លាន​នាក់​​ឯណោះ​។ (របាយ​ការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ គិត​ត្រឹម​ចុង​ឆ្នាំ​២០១៦)​។
 
ចំនួន​អ្នក​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបទាំង​នេះ មាន​កំណើន​ដូច្នេះហើយ ទើប​អ្នក​វិភាគ​នយោបាយ​ខ្លះ​ រម្លឹក​ជាថ្មីថា បណ្តាញ​សង្គម និង ​Facebook នឹង​រឹង​រឹត​តែ​ក្លាយ​​ជា​សមរភូមិ​ក្តៅ​​របស់​អ្នក​នយោបាយ សម្រាប់​ការ​បោះឆ្នោត​​ខាង​មុខ​នេះ និង​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​​ឆ្នាំ​ក្រោយ​បន្តទៀត​!​
 
Facebook អាច​ក្លាយ​ជា​សមរភូមិ​ក្តៅ សម្រាប់​អ្នក​នយោបាយ​ ក៏​ព្រោះ​ថា​វា​អាច​មាន​មូលហេតុ​យ៉ាង​តិច​ពីរ។ ទី១ ធំ​បំផុត​នោះ គឺ​ដោយសារតែ​ Facebook ជា​ប្រព័ន្ធ​ឃោសនាមហាជនមួយ ដែល​ងាយ​ស្រួល​ប្រើ ជាទី​ពេញនិយម ឆាប់រហ័ស ប្រកាស​ផ្សព្វ​ផ្សាយ​ បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង​ ឲ្យតែ​មានភ្ជាប់​​អ៊ិនធឺណិត​ គឺអាច​ប្រើប្រាស់​បាន ហើយ​អាច​នឹង​ចំណាយលុយ​តិច ថែមទៀត​ផង​​ (វៀរលែង​តែ​ត្រូវ​ការទិញ​ ពាណិជ្ជកម្ម​ពី​ក្រុម​ហ៊ុន​ហ្វែសបុក)​។​  ម្យ៉ាង ការ​ជឿជាក់​របស់​មហាជន​ភាគច្រើនផង​ គឺ​ផ្តោ​តលើ​ Facebook បើ​ទោះបី​ជាគេ​ពុំ​បាន​ផ្ទៀង​ផ្ទាត់ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ក្តី។
 
ទី​២ គណបក្ស​នយោបាយ ត្រូវ​គ.ជ.ប. អនុញ្ញាត​ពេលវេលា​ត្រឹមតែ​៧នាទីកន្លះប៉ុណ្ណោះ​ សម្រាប់​ឃោសនា នៅ​តាម​បណ្តាញ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​របស់​រដ្ឋ។ ដូច្នេះ ពេលវេលាប៉ុណ្ណេះ​​នេះ គឺ​ទំនង​ជា​មិន​គ្រប់​គ្រាន់នោះ​ឡើយ​ សម្រាប់​អ្នក​នយោបាយ​ដែល​សម្បូរ​​វោហាសាស្ត្រ​។ ហេតុនេះ បក្ស​នយោបាយ​នីមួយៗ ត្រូវ​ជា​ចាំបាច់នូវ​ ​ប្រព័ន្ធ​ឃោសនា​បន្ថែមទៀត​។  
 
នៅ​កម្ពុជា បច្ចុប្បន្ន​ មាន​ស្ថានីយ​ទូរទស្សន៍ ២២ ស្ថានីយវិទ្យុ​ ៣៣០ ស្ថាប័នកាសែត ទស្សនាវដ្តី និង​​រោង​ពុម្ព​ផ្សាយ​ព័ត៌មាន ​ចំនួន​ជាង៨០០ និង​សារព័ត៌មាន​តាម​អ៊ិន​ធឺណិត ចំនួន​៧០។ ក៏​ប៉ុន្តែ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់​នេះ ត្រូវ​សង្គម​ស៊ីវិល​ជាតិ​និងអន្តរជាតិ កត់​សម្គាល់ថា ភាគ​ច្រើន​ ធ្វើ​ជា​ឧបករណ៍​បំពង​សំឡេង​ឲ្យ​បក្ស​កាន់អំណាច។ ឯគណបក្ស​សង្គ្រោះជាតិ ជា​បក្ស​ប្រឆាំង​ធំជាង គឺមាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តិត​តួច គឺ​ជាក់​ស្តែង វិទ្យុ​សំឡេង​សង្គ្រោះជាតិ មាន​ផ្សាយ​នៅ​តាម​រាជធានី​ខេត្ត ចំនួន​៦ និងផ្សាយ​​៨ម៉ោង ក្នុង​មួយថ្ងៃ​​។ ចំណែក​គណបក្ស ​LDP វិញ មាន​​វិទ្យុ​​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​​ជួល​ម៉ោង​គេ​ផ្សាយជាង​៤០ម៉ោងក្នុង​មួយ​ថ្ងៃ និងផ្សាយ​​ជិត​២០ខេត្ត​ តែប៉ុណ្ណោះ។
 
ទោះ​ចង់ឬ​​មិន​ចង់ បណ្តាញសង្គម តួយ៉ាង Facebook YouTube E-radio ជា​ដើម​ គឺសុទ្ធ​សឹង​ជា​មធ្យោបាយបំពង​សំឡេងបន្ថែម សម្រាប់​​បក្ស​នយោបាយ​ណា​ ដែល​មិន​សូវ​សម្បូរ​ប្រព័ន្ធឃោសនា។ ដូច្នេះ បណ្តាញសង្គមនេះ​ហើយ ដែល​អ្នក​នយោបាយ​គ្រប់​ៗរូប នឹង​ត្រូវយក​ជា​ស្ពាន​សម្រាប់​ចម្លង​សារ​និង​មនោគមវិជ្ជា​នយោបាយ​របស់ខ្លួន។ ការ​សម្អិត​សម្រាំង​សារ​និង​កម្មវិធី​នយោបាយ​ដែល​ខ្លី សាមញ្ញ​ ងាយ​យល់​ និងឆាប់​ទាក់ទង​អ្នក​គាំទ្របាន​ច្រើន គឺ​ត្រូវ​គេ​ជឿជាក់ថា ​នឹង​ត្រូវ​អណ្តែង​ព្រោង​ព្រាត នៅពេល​ដ៏ខ្លី​ខាងមុន​នេះ។ ពេល​នោះ​ហើយ ដែល​ Facebook នឹង​ស្តែង​រូប​ជាទីលានសមរភូមិ​​ដ៏​ក្ដៅ​គគុក​របស់​អ្នក​នយោបាយ​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ការ​ប្រកួត​ប្រជែង​របស់​អ្នក​នយោបាយ​ខ្មែរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក

    ស្វែងយល់បន្ថែម

  • កម្ពុជា

    រដ្ឋ​មន្រ្តី ព្រមាន​ប្រើ​ហ្វេសប៊ុក ឃ្លាំ​មើល​ក្រុមហ៊ុន​ដឹក​ជញ្ជួន​ឡើង​ថ្លៃ​ឈ្នួល​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ