អានតួអត្ថបទ
បទយកការណ៍

អ្នកស្រី​ ទុន សារ៉ន ​រស់​នៅ​១០​ឆ្នាំ​ជាមួយ​អណ្ដើកហ្លួង ស្រឡាញ់​អណ្ដើក​ហ្លួង​ដូច​កូន!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អណ្ដើក​ហ្លួង​គឺ​ជា​អណ្ដើក​មួយ​ប្រភេទ​ដែល​កំពុង​រង​គ្រោះជិត​ផុត​ពូជ​បំផុត​នៅ​លើ​សកល​លោក​។ នៅ​កម្ពុជា កាល​ពី​ម្សិលមិញ អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ សហការ​ជាមួយ​រដ្ឋបាល​ជលផល បាន​ដឹក​ជញ្ជូន​សត្វ​អណ្ដើក​ហ្លួង​ចំនួន​២០៦​ក្បាល ទៅ​កាន់​មជ្ឈមណ្ឌល​ថ្មី​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ដើម្បី​ចិញ្ចឹម ថែ​រក្សា និង​បង្កាត់​ពូជ​។ អ្នក​កាសែត​វិទ្យុ​បារាំង អ៊ឹម រចនា បាន​ទៅ​ដល់​ទីនោះកាល​ពី​ម្សិលមិញ ហើយ​បាន​ជួប​ជាមួយ​អ្នក​ស្រី ទុន សារ៉ន ដែល​បាន​ប្រើ​ពេល​១០​ឆ្នាំ​រស់​នៅ​ជាមួយ​សត្វ​អណ្ដើក​ហ្លួង​​​។ មនោសញ្ចេតនា​រវាង​អ្នក​ស្រី ជាមួយ​នឹង​អណ្ដើក មាន​លើស​ពីមិត្តភាព​។ អ្នក​ស្រី បញ្ជាក់​ថា អ្នកស្រី​ស្រឡាញ់​​សត្វ​អណ្ដើក​ហ្លួង​ប្រៀប​បាន​នឹងកូន​ដូច្នេះ​ដែរ​។

អ្នក​ស្រី ទុន សារ៉ន បុគ្គលិក​អង្គការ​សមាគម​ការពារ​សត្វ​ព្រៃ លើក​សត្វ​អណ្ដើកហ្លួង​បង្ហាញ​អ្នក​កាសែត​វិទ្យុ​បារាំង
អ្នក​ស្រី ទុន សារ៉ន បុគ្គលិក​អង្គការ​សមាគម​ការពារ​សត្វ​ព្រៃ លើក​សត្វ​អណ្ដើកហ្លួង​បង្ហាញ​អ្នក​កាសែត​វិទ្យុ​បារាំង RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

​មិន​ត្រឹម​តែ​ជា​ខេត្ត​ទេសចរណ៍​មាត់​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ខេត្ត​កោះកុង​ក៏​ជាជម្រក​តែ​មួយ​គត់​របស់​សត្វ​អណ្ដើក​ហ្លួង​ សត្វ​ល្មូន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល​ជា​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សកល​លោក​ផង​ដែរ​។ 

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ សហការ​ជាមួយ​រដ្ឋបាល​ជលផល បាន​រក​ឃើញ​អណ្ដើក​ហ្លួង ឬ​អណ្ដើក​សរសៃ​នេះ តាំង​ពី​ឆ្នាំ​២០០០ និង​រួម​គ្នា​​អភិរក្ស​រហូត​មក​។ ហើយ​ដើម្បី​ឲ្យ​ការងារ​អភិរក្ស​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ និង​រដ្ឋបាល​ជលផល បាន​នាំ​យក​សត្វ​អណ្ដើក​ហ្លួង​ចំនួន​២០៦​ក្បាល ទៅ​ថែ​រក្សា​នៅ​មជ្ឈមណ្ឌល​អភិរក្ស​ថ្មី នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​​ខេត្ត​កោះកុង​។ នៅ​ទីនោះ ​បុគ្គលិក​មួយ​រូប​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ គឺ អ្នក​ស្រី ទុន សារ៉ន កំពុងតែដើរពិនិត្យ​មើល​អណ្ដើក​ហ្លួង។ អ្នក​ស្រី សារ៉ន បាន​អះអាង​ប្រាប់ថា គាត់​បាន​​​រស់​នៅ​ជាមួយ​សត្វ​អណ្ដើក​ហ្លួង​ទាំង​នេះ ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំមក​ហើយ​​​។

ក្រោម​ដំណក់​ទឹក​ភ្លៀង បើ​ទោះ​បី​ជា​កំពុង​តែ​មមាញឹក​ក្នុង​ការ​រាប់​ចំនួន​អណ្ដើក​ដែល​ត្រូវ​យក​មក​ដាក់​នៅ​ទីតាំង​ថ្មី​ក៏​ដោយ ក៏​ស្ដ្រី​រូប​នេះ​មិន​រួញរា​ឡើយ​ក្នុង​ការ​ឆ្លើយ​សំនួរ​របស់​អ្នក​កាសែត។ អ្នក​ស្រី សារ៉ន រំលឹក​ថា មុន​ពេល​ដែល​ចាប់​អាជីព​ជា​អ្នក​មើល​ថែ​អណ្ដើក​នេះ អ្នក​ស្រី​គ្រាន់​តែ​ជា​ស្ដ្រី​មេផ្ទះ​ធម្មតា​ប៉ុណ្ណោះ​។ នៅ​ពេល​ចាប់​ផ្ដើម​មើល​ថែ​អណ្ដើក​ហ្លួង​នៅ​ឆ្នាំ​២០០៦ អ្នក​ស្រី សារ៉ន បាន​ទទួល​បាន​ការ​បង្ហាត់​បង្ហាញ​ពី​មន្ដ្រី​ជំនាញ ឲ្យ​ដឹង​ពី​ការងារ​ដែល​ត្រូវ​ធ្វើ​សម្រាប់​សត្វ​អណ្ដើក​ហ្លួង​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ជា​ទូទៅ​រួម​មាន ការ​ប្ដូរ​ទឹក និង​ឲ្យ​ចំណី។

ឥឡូវ​នេះ អ្នក​ស្រី សារ៉ន មាន​បទពិសោធ​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ចិញ្ចឹម​និង​ថែ​រក្សា​សត្វ​អណ្ដើក​ហ្លួង​។ គ្រាន់​តែ​ក្រឡេក អ្នក​ស្រី​អាច​ដឹង​បាន​ភ្លាមថា អណ្ដើក​មួយ​ណា​មាន​សុខភាព​ល្អ ឬ​មួយ​ណា​មាន​ជំងឺ​។ នៅ​ពេល​អណ្ដើក​ឈឺ អ្នក​ស្រី​ព្យាបាល​បញ្ចុក​ចំណី​ឲ្យ​វា ហើយ​តាម​ដាន​រហូត​ដល់​វា​ជា​សះ​ស្បើយ​។

១០​ឆ្នាំ​រស់​នៅ​ជាមួយអណ្ដើក​ហ្លួង អ្នក​ស្រី ទុន សារ៉ន មាន​អារម្មណ៍​ជាប់​ជំពាក់​​ស្អិត​ល្មួត​ជាមួយ​សត្វ​ទាំង​នេះ​។ ស្ដ្រី​រូប​នេះ ស្រឡាញ់​សត្វ​អណ្ដើក​ហ្លួង​ដូចសាច់ញាតិ ​កូនក្មួយ​​អ៊ីចឹង​ដែរ​។ អ្នក​ស្រី​ប្រាប់ថា ពេល​ទៅ​ណា​មក​ណា ចិត្ត​របស់​អ្នក​ស្រី​មិន​ស្ងប់ គិត​ដល់​តែ​អណ្ដើក។

និយាយ​គ្នា​មិន​ទាន់​ចប់​ស្រួល​បួល​ផង អ្នក​ស្រី​សារ៉ុម​ត្រូវ​បាន​មិត្ត​រួម​ការងារ​ហៅ​ឲ្យ​យក​សត្វ​អណ្ដើក​ហ្លួង​ទៅ​ព្រលែង​នៅ​ក្នុង​ស្រះ។ ស្រះ​មួយ​ក្នុង​ចំណោម​ស្រះ​ចំនួន​៥​ ដែល​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​ខេត្ត​កោះកុង ជីក​ត្រៀម​ទុក​សម្រាប់ទទួល​សត្វ​អណ្ដើក​ហ្លួង​ទាំង​២០៦​ក្បាល​។ បុគ្គលិក​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ និង​មន្ដ្រី​ជលផល ជាង​១០​នាក់ លើក​អណ្ដើក​ហ្លួង​ទម្ងន់​មួយ​ៗ​ជិត​១០​គីឡូក្រាម ដើរ​កាត់​ទឹក​ភ្លៀង​តម្រង់​ទៅ​កាន​ស្រះ​ទឹក ហើយ​រាប់​មួយ​ពីរ​បី មុន​នឹង​ព្រលែង។

​បន្ទាប់​ពី​ព្រលែង​អណ្ដើក​ចូល​ស្រះ​រួច អ្នក​ស្រី សារ៉ន បាន​បន្ត​កិច្ច​សន្ទនា​ជាមួយ​វិទ្យុបារាំង ដោយ​​​បញ្ជាក់​ថា នៅ​ពេល​ត្រូវ​ផ្លាស់​អណ្ដើក​មក​ទីតាំង​ថ្មី អ្នកស្រី​សម្រាន្ត​មិន​លក់ ទើប​ក្រោក​តាំង​ពី​ម៉ោង​៤​ភ្លឺ ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​អាង​ចិញ្ចឹម​នៅ​មណ្ឌល​ចាស់ ហើយ​រៀប​អណ្ដើក​ចូល​ធុង​ស្នោរ ត្រៀម​សម្រាប់​ការ​ដឹក​ជញ្ជូន​​។ សម្រាប់​បុគ្គលិក​អង្គការ​សមាគមន៍​អភិរក្ស​សត្វ​ព្រៃ​រូប​នេះ ចិត្ត​មួយ ចេះ​តែ​​រសេះរសស់​នៅ​មិន​ស្ងប់ ប៉ុន្តែ​ចិត្ត​មួយ​ទៀត​លួច​អរ​ជំនួស​សត្វ​អណ្ដើក ព្រោះ​ទីតាំង​ថ្មី​ទូលាយ​ជាង​មុន មាន​ទំហំ​ធំរហូត​ដល់​ទៅ​ជិត​១០​ហិកតា​ឯណោះ​​។ ស្ដ្រី​រូប​នេះ​សង្ឃឹម​ថា អណ្ដើក​ហ្លួង​ដែល​អ្នក​ស្រី​ធ្លាប់​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ដូច​កូន នឹង​មាន​សេរីភាព ក៏​ដូច​ជា​មានជីវិត​ល្អ​ប្រសើរ​ជាង​មុន​។ មិន​ត្រឹម​តែ​​ប៉ុណ្ណោះ​ទេ អ្នក​ស្រី ទុន សារ៉ុម សង្ឃឹម​ថា លោក​អ្នក​​​នឹង​ឆ្លៀតឱកាស​ទៅ​ទស្សនា​សត្វ​អណ្ដើក​ហ្លួង​នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​ទីរួម​ខេត្ត​កោះកុង។

នា​ពេល​ដ៏​ឆាប់​ខាង​មុខ មួយ​ផ្នែក​នៃ​មជ្ឈមណ្ឌល​នេះ នឹង​ត្រូវ​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍ ដើម្បី​ទាក់ទាញ​សាធារណៈជន​ឲ្យ​ចូល​ទស្សនា​ស្វែង​យល់​ពី​សត្វ​អណ្ដើក​ហ្លួង​។ ថវិកា​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​មជ្ឈមណ្ឌល​នេះ នឹង​ត្រូវ​បង្វិល​ទាំង​ស្រុង​ចូល​ទៅ​ក្នុង​មូលនិធិ​សម្រាប់​ការ​អភិរក្ស និង​ថែ​រក្សា​សត្វ​អណ្ដើក​ហ្លួង​។

នៅ​លើ​ពិភពលោក សត្វ​អណ្ដើក​ហ្លួងមាន​វត្តមាន​តែ​នៅ​ក្នុង​ប្រទេស​ចំនួន​៤​ប៉ុណ្ណោះ គឺ​កម្ពុជា ឥណ្ឌា បង់ក្លាដែស និង​ឥណ្ឌូនេស៊ី​។ ក្នុង​នោះ​សត្វ​អណ្ដើក​ហ្លួង​នៅ​កម្ពុជា មាន​ចំនួន​ច្រើនជាង​គេ​។ អណ្ដើក​ហ្លួង ឬ​អណ្ដើក​សរសៃ ដែល​​ជា​សត្វ​ល្មូន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​បាន​បញ្ជូល​ទៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN និង​អនុក្រឹត្យ​លេខ ១២៣ អនក្រ បក ចុះ​ថ្ងៃ​ទី​១២​សីហា ឆ្នាំ​២០១៤ ថា​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជនៅ​កម្ពុជា​​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ