ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT
general

ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ហើយ

media  
​រដ្ឋសភា​ជាតិ REUTERS/SAMRANG PRING

ច្បាប់ ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ ឬ ហៅ​ថា ច្បាប់​ថវិកា​ជាតិ ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា​ ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ​ កាល​ពី​ថ្ងៃ​ទី ​២៥ ធ្នូ បន្ទាប់​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា​បាន​អនុម័ត​រួច​កាល​ពី​ខែ​វិច្ឆិកា។ ច្បាប់​ថវិកា​ជាតិ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ ត្រូវ​បង្កើន​ពី​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ដល់​៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨។

បើ​ទោះ​បី​ជា​មាន​ការ​រិះ​គន់​និង​ការ​ព្រួយ​បារម្ភ​ពី​ការ​បង្កើន​ថវិកា​រជាតិ​នៅ​ឆ្នាំ​ក្រោយ​ក្តី ក៏​ប៉ុន្តែ​នៅ​ទី​បំផុត​ទៅ ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ បាន​ឆ្លង​ផុត​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​ហើយ។ កាល​ពី​ថ្ងៃ​ទី ២៥ ធ្នូ ឆ្នាំ​២០១៧ ព្រះ​មហាក្សត្រ​កម្ពុជា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហនុមី បាន​ចេញ​ព្រះ​រាជក្រម ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ បន្ទាប់​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា​បាន​អនុម័ត​រួច កាល​ពី​ខែ​វិច្ឆិកា។

គួរ​ជំរាប​ជូន​ថា ច្បាប់ ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ មាន​៦​ជំពូក និង​១៥​មាត្រា ត្រូវ​បាន​រដ្ឋសភា​ជាតិ​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ ហើយ​បន្ទាប់​មក​ត្រូវ​បាន​ព្រឹទ្ធសភា​កម្ពុជា​ពិនិត្យ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា​នា​សម័យ​ប្រជុំ​ពេញ​អង្គរ លើក​ទី​១១ នីតិកាល​ទី​៣។ ថវិកា​ជាតិ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បង្កើន​ការ​ចំណាយ​ពី ៥,២០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨ ពោល​គឺ​កើន​ឡើង​ប្រមាណ​ជា​១៥.២ %។ បើ​យោង​តាម​របាយការណ៍​សង្ខេប​នៃ​ច្បាប់​ស្តី​ពី ថវិកា​ជាតិ​ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឲ្យ​ដឹង​ថា ថវិកា​ជាតិ​ដែល​ត្រូវ​បាន​បង្កើន​ប្រមាណ​ជា​១៥%​នៅ​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​បែង​ចែក​ជា​២​ធំៗ​គឺ ទី​១. ការ​ចំណាយ​ចរន្ត​ថវិកា​រដ្ឋ​ប្រមាណ​ជា ៣៩៨០​លាន​ដុល្លារ និង​ទី​២. ចំណាយ​មូលធន​ថវិកា​រដ្ឋ ប្រមាណ​ជា​ ២១០០​លាន​ដុល្លារ។

កន្លង​មក​មាន​ការ​រិះ​គន់​និង​ព្រួយ​បារម្ភ​ពី​ការ​បង្កើន​ថវិកា​ជាតិ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ នេះ ខណៈ​កម្ពុជា​បន្ត​ជំពាក់​បំណុល​បរទេស ដែល​គិត​ត្រឹម​ឆ្នាំ​២០១៧​មាន​ប្រមាណ​ជា​៦​ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​បង្កើន​នេះ ត្រូវ​បាន​ភាគី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ដោយ​យោង​លើ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​​ឆ្នាំ​២០១៨ ដែល​នឹង​បន្ត​កើន​ឡើង​ក្នុង​អាត្រា​ ៦.៩%៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ