អានតួអត្ថបទ
កម្ពុជា

អគ្គី​ភ័យ​​បំផ្លាញ​​តូប​​លក់ដូរ​​និង​​សំភារៈ​​ក្នុង​ផ្សារ​​ចាស់​៣០០ ទាំង​ព្រឹក

អគ្គីភ័យ​បាន​ឆាបឆេះ​រយៈពេល​ជិត៣ម៉ោង​ធ្វើ​ឲ្យ​តូប​និង​សំភារៈ​នៅក្នុង​ផ្សារ​ចាស់​ជិត​៥០​​ភាគ​រយ ក្នុងចំណោម​តូប​ជិត១ពាន់ ត្រូវ​ខូចខាត។អគ្គីភ័យ​ដែល​គេ​សង្ស័យថា​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​មិនបាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ទេ។ អាជ្ញាធរ​ត្អូញត្អែរថា ស្ថានភាព​តូប​នៅក្នុង​ផ្សារធ្វើ​ឲ្យ​អង្គភាព​ពន្លត់អគ្គីភ័យ​ពិបាក​នឹង​ជួយសង្គ្រោះ​ឲ្យ​ចំ​គោលដៅ រួមផ្សំ​នឹង​កង្វះខាត​ក្នុង​ការ​បង្ការ​​បំពង់​ពន្លត់​អគ្គីភ័យ​ក្នុង​ចំណោម​អាជីវករ​ផងដែរ។​

អគ្គិសនី​លេប​ត្របាក់ ផ្សារ​ចាស់​ កាលពីថ្ងៃចន្ទ ទី២៤ឆ្នាំ២០១៤
អគ្គិសនី​លេប​ត្របាក់ ផ្សារ​ចាស់​ កាលពីថ្ងៃចន្ទ ទី២៤ឆ្នាំ២០១៤ @siv channa
ផ្សាយពាណិជ្ជកម្ម

អាជីវករ​ផ្សារ​ចាស់​ភាគច្រើន​បាននាំគ្នា​រើកកាយ​គំនរ​ផេះផង់​ពី​ភ្នក់ភ្លើង​ចុងក្រោយ​ដែល​បាន​រលត់​បន្ទាប់ពី​បាន​ឆាបឆេះ​អស់​រយៈពេល ជិត​បី​ម៉ោង ក្រែងលោ​អាច​រកឃើញ​វត្ថុ​មានតម្លៃ​មួយចំនួន​ដែល​ពួកគេ​យកចេញ​មិនទាន់ ហើយ​ភ្លើង​មិនបាន​ឆេះ។

ក៏ប៉ុន្តែ​មានសង្ឃឹម​តិចតួច​ណាស់ ដោយសារ​អគ្គីភ័យ​ដែល​គេ​សង្ស័យថា​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី បាន​ឆេះ​យ៉ាងខ្លាំង​ចាប់តាំងពី​ម៉ោងជាង៧មកម្ល៉េះ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ សម្រែក​ខ្ញៀវខ្ញារ​របស់​អាជីវករ​ជញ្ជូន​អីវ៉ាន់​ចេញពី​ផ្សារ ប្រជែង​នឹង​សម្លេង​ស៊ី​រ៉ែ​ន​ឡានទឹក ក្រោម​កំសួល​ផ្សែងខ្មៅ​បាញ់​ឡើង​ទៅលើ​អាកាស​តូប​លក់​អីវ៉ាន់ និង​អីវ៉ាន់​ជាច្រើន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់។

រថយន្ត​ពន្លត់អគ្គីភ័យ​ប្រមាណ​ជា២០គ្រឿង​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ជាច្រើន​ក្រុម ត្រូវគេ​បញ្ជូន​ទៅកាន់​ជុំវិញ​ជ្រុង​ទាំង៤នៃ​ផ្សារ និង​ធ្វើ​ការបាញ់ទឹក​ពន្លត់ភ្លើង ជា​អកុសល​ភ្លើង​រលត់​នៅពេលដែល​តូប​លក់ដូរ​ចំនួន៣០០។ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ដែរនោះថ្លែងថា បំពង់​ហ្គាស​បាន​បន្ត​ផ្ទុះ​បន្ថែម​ពីលើ​ភ្លើង​ដែល​ឆាបឆេះ​នៅ​កណ្តាល​ផ្សារ ខណៈដែលកាស​ង្គ្រោះ និង​ពន្លត់ភ្លើង​របស់​អង្គភាព​ពន្លត់​អគ្គីភ័យ​​មានការ​លំបាក​ដោយ​ដោយ​ដំបូល​តូប​ទាប​ពេក។

ជាមួយគ្នានេះ​លោក ព្រុំ យ៉​ន ប្រធានការិយាល័យ​បង្កា​និង​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​ប៉ូលីស
ក្រុងភ្នំពេញ ថ្លែងថា​ការខូចខាត​សម្ភារៈ​មាន​សភាព​ធ្ងន់ធ្ងរ ដោយសារតែ​តូប​មួយចំនួន​សំបូរ
ដោយ​ជាតិ​ក្រណាត់ ធូប ទៀន និង​សំភារៈ​ងាយ​ឆេះ​ជាច្រើន​ទៀត។ សូមបញ្ជាក់ថា ផ្សារ​ចាស់​ដែល​បាន​បើក​ឲ្យ​អាជីវករ​លក់ដូរ​ជាច្រើន​ជំនាន់​មកហើយ កន្លងមក​មាន​ភាព​ចម្រូង​ចម្រាស់​​រវាង​អាជ្ញាធរ​ក្រុង​និង​អាជីវករ​ពី​ព័ត៌មាន​ដោះដូរ​និង​រុះរើ​ផ្សារ​ជាថ្មី ឲ្យ​មាន​លក្ខណៈ​ទំនើបកម្ម​កន្លែង​លក់ដូរ។ ក៏ប៉ុន្តែ​គម្រោង​នេះ​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ។

ទោះ​យ៉ាងនេះ​ក្តី​លោក​ឃួ​ង ស្រេង បាន​បដិសេធ​ពី​ការអត្ថាធិប្បាយ​ស្តីពី​ការស្តារ​ឡើងវិញ​បន្ទាប់ពី​អគ្គីភ័យ ដោយ​តម្រូវ​ថា​គួរ​សង់​ផ្សារ​រឹងមាំ​ដូចជា​ផ្សារ​អូឡាំពិក​ឬ​យ៉ាងណា​នោះទេ។
លោក​អភិបាលរង​គ្រាន់តែ​បញ្ជាក់ថា យើង​ជួយសង្គ្រោះ​សភាពការណ៍​ពេលនេះ​សិន។
សូមបញ្ជាក់ថា​នេះ​ជា​អគ្គីភ័យ​ធំ​លើក​ទី១ហើយ​នៅ​រាជធានី​ភ្នំពេញ​ខណៈដែល​ប្រទេស​កម្ពុជា​ឈានចូល​រដូវរំហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ