អានតួអត្ថបទ
កម្ពុជា

គជប៖ មួយ​សប្ដាហ៍ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​ដំណើរ​ការ​ល្អ​

តាំង​ពី​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ រហូត​មក​ទល់​ពេល​នេះ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​ដំណើរ​ការ​ ក្នុង​បរិយាកាស​ល្អ​ប្រសើរ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅកាត់​ថា គជប។ មាន​បញ្ហា​បច្ចេកទេស​តិច​តួច​កើត​ឡើង ប៉ុន្តែ​បើ​តាម​លោក ហង្ស ពុទ្ធា គជប អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​។ គជប ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មានឆន្ទៈ​ចូល​រួម​សហការ​ជាមួយ​ខ្លួន ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​នេះ បើ​ទោះ​បី​ជា​មាន​ការ​រំខាន​ពី​​អាកាស​ធាតុ​មិន​ល្អ​​ក៏​ដោយ​។

សកម្មភាព​ប្រជាពលរដ្ឋ ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង តាម​បែប​ប្រព័ន្ធ​កុំព្យូទ័រ
សកម្មភាព​ប្រជាពលរដ្ឋ ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង តាម​បែប​ប្រព័ន្ធ​កុំព្យូទ័រ RFI/Pisey
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​នៅ ទូទាំង​២៥​រាជធានី​ខេត្ត បាន​រៀបចំ​ឡើង​តាម​ការ​គ្រោង​ទុក ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា​។ រហូត​មក​ទល់ ថ្ងៃ​សៅរ៍​ទី​០៧​វិច្ឆិកា​នេះ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ធំ​ដុំ​គួរ​ឲ្យ​កត់​សម្គាល់​ទេ​។ ផ្ទុយ​ទៅ​វិញ គណៈកម្មាធិការ​ជាតិ សង្កេត​ឃើញ​ចំណុច​ល្អ​៣​យ៉ាង​។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ គជប ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សោរ៍​នេះ​។

ចំណុច​ល្អ​ទី​១ គឺ​ការ​ចូល​រួម​សហការ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ដែន​ដី ចាប់​តាំង​ពី​ថ្នាក់​ភូមិ ឃុំ និង​សង្កាត់​។

ចំណុច​ល្អ​ទី​២ គឺ​បញ្ហា​បច្ចេកទេស ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជាក់​ច្បាស់​របស់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ បើ​តាម​លោក ហង្ស ពុទ្ធា នៅ​ក្នុង​ការងារ​បច្ចេកទេស​នេះ មាន​បញ្ហា​កើត​ឡើង​តិច​តួច ដូច​ជា​សេវា​អ៊ីនធឺណែតខ្សោយ និង​កន្លែង​ខ្លះ​មិន​មាន​អគ្គីសនី​ទៅ​ដល់​ជា​ដើម​។ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​ គឺ​សុទ្ធ​តែ​អាច​ដោះ​ស្រាយ​​បាន​នៅ​នឹង​កន្លែង​។

ចំណុច​ល្អ​ទី​៣ ជុំ​វិញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​នេះ​ដែរ គឺ​ឆន្ទៈ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​។ បើ​ទោះ​បី​ជា​មាន​ការ​រំខាន​ពី​​អាកាស​ធាតុ​មិន​ល្អ​​ក៏​ដោយ​ លោក ហង្ស ពុទ្ធា បាន​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​តែ​ឆ្លៀត​ពេល​វេលា​មក​ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង តាម​ការ​អញ្ជើញ​របស់ គជប​។ គិត​ត្រឹម​ថ្ងៃ​សុក្រ​ម្សិលមិញ មាន​ប្រជាពលរដ្ឋ​​ជាង​៩​ពាន់៨​រយ​​នាក់ ដែលបាន​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង នៅ​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប៉ាន់​ស្មាន​ប្រមាណ​៣​ម៉ឺន​៣​ពាន់​នាក់​។ ចំនួន​នេះ ស្មើ​នឹង​ប្រមាណ​៣០​ភាគ​រយ​។

គជប សង្ឃឹម​ថា នៅ​ចុង​សប្ដាហ៍​នេះ ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង នឹងកើន​ឡើង​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់​។ ​ ​នៅ​ចុង​បញ្ចប់​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង នៅ​ថ្ងៃ​ទី​១៥​វិច្ឆិកា ប្រសិន​បើមាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​លើស​ពី​៥០​ភាគ​រយ នោះ គជប នឹង​ទទួល​បាន​នូវ​លទ្ធផល​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ទាំង​អស់។ នៅ​ពេល​នោះ គជប នឹង​សរសេរ​បញ្ចប់​នូវ​បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ