អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍ

ដំណើរ​ត្រួត​ពិនិត្យ​តាម​ឧទ្ធម្ភាគចក្រ​ពី​សំណាក់​លោក ស ខេង រក​ឃើញ​បទ​ល្មើស​នេសាទ​កើត​មាន​ច្រើន​នៅ​កំពង់ធំ កំពង់ឆ្នាំង

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​២៥​មករា​នេះ បាន​ធ្វើ​ដំណើរ​តាមឧទ្ធម្ភាគចក្រ​ជា​លើក​ដំបូង​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​នៅ​លើ​បឹង​ទន្លេ​សាប ។ ជា​ដំណើរធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បង្កើត​គណៈកម្ម​ការ​បង្រ្កាប និង​ទប់​ស្កាត់​បទ​ល្មើស​លើ​ផ្ទៃបឹង​ទន្លេ​សាប​នៅ​ចុង​ឆ្នាំ​២០១៦។ ដំណើរ​ចុះ​ទៅ​នេះ​រក​ឃើញ​ថា នៅ​ខេត្ត​កំពង់​ធំ​និងកំពង់​ឆ្នាំង បទ​ល្មើស​នេសាទ​កើត​មាន​ច្រើន ខណៈ​នៅ​បាត់​ដំបង សៀមរាប ពោធិ៍​សាត់​មិន​សូវ​កើត​មាន​បទ​ល្មើស។

រូបថត៖ លោក ស ខេង ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​បទ​ល្មើស​នេសាទ​នៅ​ថ្ងៃ​ទី​២៥​មករា​ឆ្នាំ​២០១៧
រូបថត៖ លោក ស ខេង ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​បទ​ល្មើស​នេសាទ​នៅ​ថ្ងៃ​ទី​២៥​មករា​ឆ្នាំ​២០១៧ @facebook
ផ្សាយពាណិជ្ជកម្ម

ប្រឈម​ការ​ឃើញ​បទ​ល្មើស​នេសាទ​កើត​មាន​ច្រើន​នៅ​ខេត្ត​កំពង់ធំ និង កំពង់​ឆ្នាំងយ៉ាង​ដូច្នេះ​​​លោក ស ខេង ប្រធាន​គណៈ​កម្មការ​បង្រ្កាប​និង​ទប់​ស្កាត់​បទ​ល្មើស​លើ​ផ្ទៃបឹង​ទន្លេ​សាប​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​កោះ​អញ្ជើញ​អភិបាល​ខេត្ត​ទាំង​ពីរឡើង​មក​ភ្នំពេញ​ដើម្បី​ជួប​ប្រជុំ​រក​ដំណោះ​ស្រាយ​នៅ​ថ្ងៃ​ទី​២៨​មករា​ខាង​មុខ។ ហើយចំពោះ​ខេត្ត​សៀមរាប បាត់ដំបង ពោធិ៍សាត់ វិញ​អញ្ជើញ​ត្រឹម​អភិបាល​រង​ខេត្ត​មក​ចូលរួម​តែ​ប៉ុណ្ណោះ។ សកម្មភាព​ដែល​ចាត់​ទុក​ថា ជា​បទ​ល្មើស​នេសាទ​នោះ​រួម​មាន ការ​ដាក់របាំង​អួន ស្បៃ​មុង សម្រាស​មែក​ឈើ និង​ការ​ដាក់​លប​ជា​ដើម។

លោក ណៅ ធួក សមាជិក​គណៈ​កម្មការ​បង្រ្កាប និង​ទប់​ស្កាត់​បទ​ល្មើស​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​បាន​គូស​បញ្ជាក់​ប្រាក់​វិទ្យុ​បារាំង​អន្តរជាតិ​ថា មូលហេតុ​ដែល​អាជ្ញាធរ​​ហ៊ាន​អះអាងថា​បទ​ល្មើស​នេសាទ​មាន​ការ​កើន​ឡើង​ឬ​ថយ​ចុះ​នោះ​គឺ​ឧទ្ធម្ភាគចក្រ​បាន​បើក​បន្ទាបជាប់​ផ្ទៃ​ទឹក​គឺ​ពិនិត្យ​ឃើញ​ទាំង​អស់​គ្នា​អំពី​សកម្មភាព​នៃ​បទ​ល្មើស​នេសាទ។  

ហើយ​ការ​សន្និដ្ឋាន​ម្យ៉ាង​ទៀត​នោះ មុន​ដំណើរ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​តាមឧទ្ធម្ភាគ​ចក្រ​​​ពី​សំណាក់​លោក ស ខេង គឺ​កម្លាំង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សក​ម្មភាព​ល្មើស​នានា​តាំង​ពី​ថ្ងៃ​ទី​១៧​មករា​ដោយ​រក​ឃើញ​អួន​ដាក់​ត្រី​ជិត​១០​វង់នៅ​ក្នុង​ខេត្ត​ក្រចេះ។ ការងារ​នេះ​ត្រូវ​បាន លោក​ណៅ ធួក អះ​អាង​ថា ធ្វើ​រហូត​ដល់ម៉ោង​២​រំលង​អាធ្រាត្រ។  

ដោយ​ឡែក​ទាក់​ទង​ករណី​ផ្ទុះ​ហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច​និង​ប្រជានេសាទ​ល្មើស​ច្បាប់វិញ​គឺ​បាន​បញ្ជូន​មនុស្ស​៤០​នាក់​ទៅ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ដើម្បី​ឲ្យ​តុលាការ​ចាត់​ការតាម​នីតិវិធី​ច្បាប់។ ក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​បាញ់​គំរាម​ឡើង​ទៅ​លើ​ព្រោះក្រុម​ប្រជានេសាទ​ប្រដាប់​ដោយ​ពូថៅ កាបិត និង ខ្វៅជាដើម។ តែ​ហេតុការណ៍​នេះលោក ណៅ ធួក ថា​មិន​ធ្ងន់​ធ្ងរ​នោះ​ទេ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ដែរ​ថា បទ​ល្មើស​នេសាទ​នឹង​ធ្វើ​សកម្មភាព​បន្ទាប់​ពី​ការ​ចាក់ចេញ​របស់​កម្លាំង​បង្ក្រាប​លោក ណៅ ធួក មិន​បាន​ប្រកែក​តែ​លោក​បាន​ទទួល​ស្គាល់ថា បណ្ដាល​មក​ពី​កម្លាំង​បង្ក្រាប​នៅ​មាន​ចំនួន​តិច​ដោយ​សារ​តែ​កម្លាំង​ជល​ផល​ម្នាក់ទទួល​បន្ទុក​ពីរ​ទៅ​បី​ស្រុក​ក្នុង​មួយ​ខេត្ត។ លោក​បន្ថែម​ថា នៅ​ក្នុង​ដំណាក់​កាល​ដែលលោក​ទទួល​បន្ទុក​ជា​មន្ត្រី​ជល​ផល​ជាង​៣០​ឆ្នាំ​មក​នេះ គឺ​មន្ត្រី​ជល​ផល​ជិត​២០​នាក់ហើយ​បាន​ស្លាប់​នៅ​ពេល​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ដោយ​សារ​តែ​ការ​ត​ដៃ​ពី​ក្រុមល្មើស​។

សូម​បញ្ជាក់​ថា បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​រាប់​ចាប់​តាំង​ពី​រដ្ឋាភិបាល​បង្កើត​គណៈ​កម្មការ​បង្រ្កាប និង​ទប់​ស្កាត់​បទ​ល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ចុង​ឆ្នាំ​២០១៦​មក​គឺឃាត់​មនុស្ស​បាន​៥២​នាក់​បញ្ជូន​ទៅ​តុលាការ រឹបអូសបានទូក ម៉ាស៊ីន កាណូត ជាង២០​គ្រឿង ហើយ​​រឹប​អូស​បាន​អួន​អូស​និង​ហ៊ុំ​៦​វង់ និង​បាន​ដុត​បំផ្លាញ​ឧបករណ៍​ល្មើសដែល​ជា​ស្បៃ​មុង​ឬ​អួន​រាប់​ពាន់​ម៉ែត្រ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ