អានតួអត្ថបទ
កម្ពុជា

លោក ចាន់ យុត្ថា៖ ស្ថានភាព​ទឹក​ជំនន់​នៅ​ស្ទឹង​ព្រែក​ត្នោត​ មិន​ទាន់​ស្រាកស្រាន្ត

រយៈពេល ៤​ថ្ងៃ​មក​ហើយ គិត​ត្រឹម ថ្ងៃ​ទី ២០ តុលា​នេះ ​កម្រិត​ទឹក​ជំនន់​នៅ​ឯ​ស្ទឹង​ព្រែក​ត្នោត​ នៃ​ខេត្ត​កំពង់ស្ពឺ ​មិន​ទាន់​ថយ​ចុះ​នោះ​ទេ។ នេះក៏​ដោយសារ​តែ​ស្ថានភាព​ទឹក​ជំនន់​បាន​ឡើង​ហួស​កម្ពស់​ត្រូវ​ប្រកាស​អាសន្ន។ នេះ​ជា​មូលហេតុ​ ដែល​សាលារាជធានី​ភ្នំពេញ​បាន​ប្រកាស​បិទ​ចរាចរ​នៅ​សង្កាត់​ចំនួន​ ៥​ក្នុង​ខណ្ឌ​ដង្កោ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ផ្លូវ​ចំការ​ដូង​ក៏​ត្រូវ​បាន​បិទ​ទាំង​ស្រុង​ដែរ។​

រយៈពេល ៤ថ្ងៃមកហើយ គិតត្រឹម ថ្ងៃទី ២០ តុលានេះ កម្រិតទឹកជំនន់នៅឯស្ទឹងព្រែកត្នោត នៃខេត្តកំពង់ស្ពឺ មិនទាន់ថយចុះនោះទេ។
រយៈពេល ៤ថ្ងៃមកហើយ គិតត្រឹម ថ្ងៃទី ២០ តុលានេះ កម្រិតទឹកជំនន់នៅឯស្ទឹងព្រែកត្នោត នៃខេត្តកំពង់ស្ពឺ មិនទាន់ថយចុះនោះទេ។
ផ្សាយពាណិជ្ជកម្ម

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុ​និយម​បាន​គូស​បញ្ជាក់​ថា​មូលហេតុ​ ដែល​នាំ​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ នៅ​ស្ទឹង​ព្រែក​ត្នោត​នោះ​ មិន​ទាន់​ស្រាក​ស្រាន្ត​ ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​បន្ថែមទៀត។ នៅ​ថ្ងៃ​ទី​ ២០​តុលា​នេះ​ ទឹក​ស្ទឹង​ព្រែក​ត្នោត​ឡើង​ដល់​កម្រិត​អតិបរិមា​ ប្រមាណ​ជាង​មួយ​ពាន់​ម៉ែត្រ​គីប​ ក្នុង​មួយ​វិនាទី។ លោក ចាន់ យុត្ថា ចាត់​ទុក​កម្រិត​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត​ជា​ករណី​មួយ​មិន​ងាយ​ជួប​ប្រទះ​ ពោល​គឺ​ ២០ ឆ្នាំ​ ឬ​ ១៥​ឆ្នាំ​ទើប​ជួប​ម្ដង។

អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​រូប​នេះ​ឲ្យ​ដឹង​ថា ដំណោះ​ស្រាយ​ ដែល​កំពុង​តែ​អនុវត្ត​នា​ពេល​នេះ​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​ដោះ​ទឹក​មួយ​ចំនួន​ទៀត​រួម​មាន៖ ព្រែក​ធម្មជាតិ ប្រឡាយ និង​ប្រព័ន្ធ​លូ​ជា​ដើម។

ខណៈ​ដែល​ជំនន់​នៅ​ស្ទឹង​ព្រែក​ត្នោត​បង្ក​ឲ្យ​មាន​ការ​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ខេត្ត​កណ្ដាល​និង​ជាយ​រាជធានី​ភ្នំពេញ​ជា​ពិសេស​ក្នុង​ខណ្ឌ​ដង្កោ​តែ​ម្ដង ក្រសួង​ក៏​បាន​បង្វែរ​ និង​ស្ទាក់​ទឹក​ទុក​ខ្លះ​នៅ​តាម​ប្រឡាយ​មេ​មួយ​ចំនួន ដើម្បី​ការពារ​រាជធានី​ភ្នំពេញ​កុំ​ឲ្យ​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ។ អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ក៏​បាន​ព្រមាន​ថា​ប្រសិន​បើ​បណ្ដោយ​ឲ្យ​ទឹក​ហូរ​តាម​ធម្មជាតិទៀត​ នោះ​រាជធានី​ភ្នំពេញ​នឹង​ប្រឈម​ការ​ជន់​លិច​ខ្លាំងជាមិនខាន​។
 
យ៉ាងណាមិញ លោក ចាន់ យុត្ថា អះអាង​ថា ស្ថានភាព​ទឹក​ ដែល​កំពុង​ជន់​លិច​នៅ​ជាយក្រុង​នា​ពេល​នេះ​នឹង​មិន​អាច​ហូរ​មក​ដល់​រាជធានី​ភ្នំពេញ​បាន​ទេ​ ដោយសារ​អាជ្ញាធរ​មាន​ប្រព័ន្ធ​ទំនើប​ការពារ។
 
សូម​បញ្ជាក់​ថា ជំនន់​ទឹក​ភ្លៀងនេះ បាន​បណ្តាល​ឲ្យ​បាក់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​មួយ​កន្លែង តែ​មិន​បង្ក​ឲ្យ​លិច​លង់​ធ្ងន់ធ្ងរ​នោះ​ទេ។ របាយការណ៍​បឋម បង្ហាញ​ថា​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាង​ ៣០០​ហិចតា បាន​លិច​លង់ តែ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ពី​ករណី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ