អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធនធាន​ទឹក៖ ១១​ខេត្ត រង​គ្រោះ​ទឹក​ជំនន់​ក្នុង​ឆ្នាំ​នេះ

ទោះ​បី​ជា​ស្ថានភាព ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​កាន់​តែ​ច្រើន​នៅ​ទូទាំង​ប្រទេស ពិសេស​តំបន់​ទំនាប​កណ្តាល និង​ខ្ពង់​រាប តែ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មក​ដល់​ពេល​នេះ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង ក្នុង ១១​ខេត្ត បាន​ធូរស្រាល និង​ស្រក​ជា​បន្ត​បន្ទាប់​ហើយ។ ដូច​គ្នា​ដែរ គណៈកម្មាធិការ​ជាតិ ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បន្ថែម​ថា ជំនន់​ទឹក​ភ្លៀង ក្នុង​រយៈ​ពេល​នេះ មាន​កើត​ឡើង ជា​ហូរ​ហែ តាំង​ពី​ឆមាស​ទី​មួយ តែ​បង្ក​ការ​ខូច​ខាត​តិច​តួច ដល់​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន​តូចៗ​ប៉ុណ្ណោះ។

ទឹក​ជំនន់​កើត​ឡើង​នៅ​កម្ពុជា​ នា​ពេល​កន្លង​មក។​
ទឹក​ជំនន់​កើត​ឡើង​នៅ​កម្ពុជា​ នា​ពេល​កន្លង​មក។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កំពង់ស្ពឺ គឺ​ខេត្ត​ចុង​ក្រោយ ដែល​មាន​ជំនន់​ទឹកភ្លៀង​ច្រើន និង​ទើប​តែ​បាន​រំដោះ​ បន្ទាប់​ពី​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ឧត្តរ​មាន​ជ័យ បន្ទាយ​មាន​ជ័យ រតនគីរី សៀមរាប ​ស្ទឹងត្រែង កណ្តាល និង​ខេត្ត​ស្វាយ​រៀង។ បើ​រាប់​តាំង​ពី​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ រហូត​ដល់​ថ្ងៃ​ទី​១០ តុលា ខេត្ត​ទាំង​ ១១​នេះ បាន​ត្រាំ​ដោយ​ជំនន់​ទឹកភ្លៀង។ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​អង្គារ​នេះ​ថា បរិមាណ​ទឹក​ភ្លៀង ក្នុង​ខេត្ត​កំពង់ស្ពឺ មាន​ច្រើន​មែន​ទែន គឺ​ជាង ២០០​មីលីម៉ែត្រ ដល់​ជាង ​​៣៥០​មីលីម៉ែត្រ។ លោក​បន្ថែម​ថា ក្រុម​ការងារ​អន្តរាគមន៍​បាន​ ចំណាយ​ពេល ប្រាំ​បួន​ថ្ងៃ ទើប​អាច​រំដោះ​ទឹក​ជំនន់​ ពី​ខេត្ត​កំពង់​ស្ពឺ​បាន តាម​រយៈ​ការ​បង្វែរ​ទឹក​ចូល​ក្នុង​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាង​ជើង ដើម្បី​ចែក​ចាយ​តាម​ប្រព័ន្ធ​បង្ហូរ​ទឹក​នានា បន្ទាប់​ពី​ទឹក​នៅ​ក្នុង​អាង​អូរស្សា និង​អាង​ចាន់​ថ្នាល មិន​អាច​ស្តុក​ទឹក​អស់​។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អាច​គ្រប់​គ្រង​ស្ថានភាព​ជំនន់​បាន​ហើយ​នៅ​ពេល​នេះ​ តាម​រយៈ​ការ​ត្រៀម​កម្លាំង​បច្ចេក​ទេស​គ្រប់​ទី​កន្លែង រាជ​ធានី ខេត្ត​ ដើម្បី​អន្តរាគមន៍ ករណី​ជំនន់​ទឹក​ភ្លៀង​កើត​ឡើង​ជា​ថ្មី។ ទោះ​ភ្លៀង​ធ្លាក់​មិន​ទាន់​ឈប់ តែ​កម្ពុជា មាន​អាង​ស្តុក​ទឹក​ធំ​ៗ មួយ​ចំនួន ដូចជា អាង​ទឹក​តាសាល ក្នុង​ខេត្ត​កំពង់​ស្ពឺ អាង​ស្តុក​ទឹក​បាន​ជាង ៦០​លាន​ម៉ែត្រ​គីប អាង​ទឹក​ត្រពាំង​ថ្ម ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ អាច​ស្តុក​ទឹក​បាន ៩០​លាន​ម៉ែត្រ​គីប ឬ​អាង​ទឹក​កំពីង​ពួយ ក្នុង​ខេត្ត​បាត់ដំបង​ជា​ដើម ទើប​យើង​មិន​សូវ​បារម្ភ​ពី​ជំនន់​ដូច​ឆ្នាំ​មុន​ៗ។ លោក ចាន់ យុត្ថា បញ្ជាក់​ថា​មក​ដល់​ពេល​នេះ ក្រសួង​ធនធាន​ទឹក​ បាន​រំដោះ​ទឹក​ដោយ​ជោគជ័យ​ទាំង​ស្រុង បើ​ទោះ​បី​ជា​ជំនន់​កន្លង​មក បាន​ប៉ះពាល់​តិច​តួច ដល់​ប្រឡាយ ខ្នង​ទំនប់ និង​អាច​មាន​ផល​លំបាក​ខ្លះ ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ពលរដ្ឋ​មួយ​រយៈ​ក្តី។

នាយ​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក កែវ វី បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​ទឹក​ទន្លេ​មេគង្គ នឹង​មិន​ជន់​ឡើង​ទៀត​ទេ ដោយសារ​ពេល​នេះ​ជា​រដូវ​ទឹក​ស្រក ទោះបី​ភ្លៀងធ្លាក់​បន្ត​បន្ទាប់​ឥត​ដាច់ ​តែ​អត្រាភាគរយ​កម្ពស់​ទឹក​ភ្លៀង មាន​តិច​តួច​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ជំនន់​ទឹក​ភ្លៀង កន្លង​មក បង្ក​ការ​ខូច​ខាត​តិច​តួច ដល់​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន​តូច​ៗ​ជា​ដើម។

គួរ​ជម្រាប​ថា កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥ ខេត្ត​ចំនួន ៨ រួមមាន ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ និង​ខេត្ត​ពោធិ៍សាត់ បាន​រង​ផល​ប៉ះពាល់ ​ដោយសារ​គ្រោះ​ទឹក​ជំនន់ ដែល​បាន​ធ្វើ​ឲ្យ​ដំណាំ​កសិកម្ម ស្រូវ និង​ផ្លូវ​ថ្នល់​ ផ្ទះសម្បែង​ជា​ច្រើន​រង​ការ​ខូច​ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ