អានតួអត្ថបទ
កម្ពុជា

បច្ចុប្បន្ន​កំពស់​ទឹក​បន្ត​ហក់​ឡើង​សន្សឹម​ៗ​តែ​មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​អាសន្ន

ខណៈ​កំពស់​ទឹក​ទន្លេ​មេគង្គ​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ការ​ហក់​ឡើង​ខ្ពស់​ខ្លាំង​ តែ​ផ្ទុយ​មក​វិញ​មន្ត្រី​ជំនាញ​ក្រសួង​ធនធាន​ទឹក​ពន្យល់​ថា មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន​ស្ថានភាព​កំពស់​ទឹក​បន្ត​ហក់​ឡើង​សន្សឹម​ៗ​ក្នុង​កំពស់​៨​ម៉ែត្រ​ ដែល​ជា​បរិមាណ​មួយ​អាច​គ្រប់​គ្រង​បា​ន។

រូបភាពចាស៖ ក្មេងៗ​ហែលទឹកជំនន់​ដែល​លិច​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ ក្នុង​រាជធានី​ភ្នំពេញ
រូបភាពចាស៖ ក្មេងៗ​ហែលទឹកជំនន់​ដែល​លិច​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ ក្នុង​រាជធានី​ភ្នំពេញ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​គូស​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥​សីហា ស្ថានភាព​ទឹក​ស្ថិត​ក្នុង​កំពស់​៨​ម៉ែត្រ​ធម្មតា ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក៏​ដោយ ព្រោះថា ភ្លៀង​ទាំង​នោះ​មិន​បាន​ហូរ​ចូល​ទន្លេ​មេគង្គ​ទេ ព្រោះ​បណ្ដា​ប្រទេស​ស្ថិត​នៅ​តំបន់​មេគង្គ​ខាង​លើ​បាន​ស្ទាក់​ទឹក​ទុក។

ដោយ​ឡែក​ចំពោះ​ទឹក​ស្ទឹង​វិញ​ គឺ​កំពស់​ទឹក​បាន​ហក់​ឡើង​ខ្ពស់​ និង​បាន​បង្ក​ទៅ​ជា​ទឹក​ជំនន់​ហើយ​នៅ​ស្ទឹង​សង្កែ​ក្រុង​បាត់​ដំបង។ លោក ចាន់ យុត្ថា បន្ថែមថា ទឹក​ស្ទឹង​សង្កែ​ទោះបី​ជា​មាន​ជំនន់​យ៉ាង​ណា​ក៏​ដោយ តែ​ទឹក​នេះ​មិន​អាច​ធ្លាក់​មក​ទន្លេ​សាប​បាន​ទេ​ព្រោះ​ថា ក្រសួង​បាន​រៀបចំ​ប្រព័ន្ធ​ទប់ទឹក​ដើម្បី​យក​ទឹក​ទាំង​នោះ​ទៅ​ផ្គត់​ផ្គង​ការ​បង្ក​បង្កើន​ផល។ ទឹក​ស្ទឹង​សង្កែ ដែល​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ប្រមាណ​ជា​៥​ម៉ឺន​ហិក​តា។   

លោក ចាន់ យុត្ថា បាន​ទទួល​ស្គាល់​ថា ទោះ​មាន​ទឹក​ច្រើន​តែ​ខេត្ត​បាត់ដំបង​នៅ​តែ​ប្រឈម​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ការ​បង្ក​បង្កើន​ផល​នៅ​តំបន់​មួយ​ចំនួន ទើប​បណ្ដាល​ឲ្យ​ដំណាំ​ស្រូវ​៤​ម៉ឺន​ហិកតា​រង​ផល​ប៉ះពាល់។

តាម​ការ​ព្យាករណ៍ នៅ​ឆ្នាំ​២០១៦​នេះ​កម្ពុជា​អាច​រង​ជំនន់​ពីរ​ប្រភេទ​គឺ​ទី១-ជំនន់​នៅ​ទន្លេ​មេគង្គ​គឺ​នៅ​ស្ថានីយ៍​បាសាក់​ចតុមុខ​កំពស់​ទឹក​អាច​នឹង​ឡើង​ក្នុង​រង្វង់​៩​ទៅ​១០​ម៉ែត្រ។ ហើយ​ចំពោះ​កម្រិត​ទឹក​ប៉ុណ្ណេះ​លោក ចាន់ យុត្ថា សន្និដ្ឋាន​ទឹក​ឆ្នាំ​នេះ​ធំ ប៉ុន្តែ​វា​នឹង​មិន​ជះ​ផល​អវិជ្ជមាន​នោះ​ទេ តែ​ផ្ទុយ​មក​វិញ​វា​បាន​ផ្ដល់​ផល​វិជ្ជមាន​ច្រើន​ជាង​ ដែល​បាន​នាំ​មក​នូវ​ដី​ល្បបហូរ​ចូល​ដីស្រែ​ចំការ​របស់​ពលរដ្ឋ​និង​បាន​ហូរ​ទៅ​បំពេញ ស្ទឹង បឹងបួរ ជាដើម។

ទី២-កម្ពុជា​អាច​រង​ជំនន់​ទឹក​ភ្លៀង។ ក៏​ប៉ុន្តែ​ជំនន់​ទឹក​ភ្លៀង​នេះ​ហាក់​មាន​ឥទ្ធិពល​ឆ្ងាយ​បន្តិច​ដែល​កម្ពុជា​មិន​ងាយ​នឹង​ជួបប្រទះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ