អានតួអត្ថបទ
កម្ពុជា

FMI ថាកម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​លឿន និង​រឹងមាំ​ តែ​ត្រូវ​ប្រយ័ត្ន​ផ្នែក​កម្ចី​ឥណទាន!

ពីល្ងាច​ម្សិលមិញ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ FMI បាន​ធ្វើ​សន្និសីទ​កាសែត​ពន្យល់​អ្នក​សារព័ត៌មាន​ពី​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា។ FMI បាន​ព្យាករ​មើល​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា លឿន​រហ័ស ហើយ​នឹង​នៅ​តែ​រឹងមាំ ប្រហែល​៧​ភាគរយ​ដដែល សម្រាប់​ឆ្នាំ​២០១៦ និង​២០១៧​ខាង​មុខ។ ក៏​ប៉ុន្តែ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​ដាស់​តឿន​ថា គេ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្នដែរ ចំពោះ​កម្រិត​កំណើន​កម្ចី​ឥណទាន​ ដែល​មាន​លឿន តែ​គ្មាន​និរន្តរភាព ព្រម​ទាំង​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ​FMI ​បាន​ធ្វើ​សន្និសីទ​កាសែត​ពន្យល់​អ្នក​សារព័ត៌មាន​ពី​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ កាល​ពី​ល្ងា​ច​ថ្ងៃ​ទី​ ១៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។​
មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ​FMI ​បាន​ធ្វើ​សន្និសីទ​កាសែត​ពន្យល់​អ្នក​សារព័ត៌មាន​ពី​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ កាល​ពី​ល្ងា​ច​ថ្ងៃ​ទី​ ១៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។​ @HENG Oudom
ផ្សាយពាណិជ្ជកម្ម

នៅ​ទីស្នាក់ការ​ប្រចាំក្រុង​ភ្នំពេញ ក្នុង​បរិវេណ​ធនាគារ​ជាតិ, អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ៦-៧នាក់ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ FMI បាន​អង្គុយ​ពន្យល់​អ្នក​កាសែត​ បន្ទាប់​ពី​​ចេញ​របាយការណ៍​សង្ខេប​កម្រាស់​៣​ទំព័រ​។ ក្រៅ​ពី​គូស​បង្ហាញ​ថា​ ខ្មែរ​មាន​កំណើន​សេដ្ឋកិច្ច​ ​លឿន​រហ័ស ហើយ​រឹងមាំ ប្រហែល​៧ភាគរយ​ដដែល សម្រាប់​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​ទៀត លោក Markus Rodlauer នាយក​រង​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក​របស់​FMI ក៏​បាន​ពន្យល់​ដែរ​ថា បាតុភូត​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ ក៏​ព្រោះ​តែ​មក​ពី​វិស័យ​នាំ​ចេញ​សម្លៀក​បំពាក់ ការ​រីក​ចម្រើន​វិស័យ​អចលនទ្រព្យ និង​តម្លៃ​ប្រេង​ធ្លាក់​ចុះ។

អ្នក​ជំនាញ​ បង្ហើប​ឲ្យ​ដឹង​ទៀត​ថា កម្រិត​កំណើន​កម្ចី​ឥណទាន​ ​មាន​សន្ទុះ​លឿន​ល្អ ហើយ​ក៏​កំពុង​តែ​កើន​ឡើង​ខ្ពស់។ ប៉ុន្តែ​ផ្នែក​នេះ ​ពុំ​មាន​និរន្តរភាព​ទេ ព្រម​ទាំង​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ​។ ម្យ៉ាង​ទៀត ឥណទាន​ ត្រូវ​ប្រមូល​ផ្តុំ​ខ្លាំង​ទៅ​លើ​អចលនទ្រព្យ។ គឺ​បាន​សេចក្តី​ថា ខ្ចីលុយ​គេ ទៅ​ទិញ​ផ្ទះ ដីធ្លី ​ឬ​ខ្ចី​លុយ​គេ ទៅ​សាង​សង់​ផ្ទះ ឬ​អាគារ ហើយ​ដែល​ត្រូវ​កប់​នៅ​ក្នុង​វិស័យ​នេះ​តែ​ម្តង​។

បន្ថែម​លើ​ការ​ចាត់​ទុក​ចំណុច​នេះថាជា​ហានិភ័យមួយ, អ្នក​ជំនាញ​ហិរញ្ញវត្ថុ ពញ្ញាក់​ស្មារតី​ឲ្យ​កម្ពុជា​ជៀស​វៀង​គ្រោះ​ថ្នាក់​ ឬវិបត្តិ​មួយ​ចំនួន​ ក្នុង​ដំណើរ​ការ​ម៉ាក្រូ​សេដ្ឋកិច្ច, ​វដ្ត​ចរន្តនៃ​ឥណទាន​, ​និង​ផ្នែក​គ្រប់​គ្រង​គោល​នយោបាយ​មីក្រូនិងម៉ាក្រូ​សេដ្ឋកិច្ច ព្រមទាំង​វិបត្តិ​ធំមួយ​ទៀត គឺ​ក្រុម​អ្នក​រកស៊ីខាង​ហិរញ្ញវត្តុ ដែល​គ្មាន​ស្ថាប័នជាក់​លាក់​ត្រឹមត្រូវ​។​

ដោយ​ឡែក​ និយាយ​តែពី​ផ្នែក​ពាណិជ្ជកម្ម, FMI ប្រមើល​មើល​ឃើង​ថា​មាន​ឱនភាព​ពាណិជ្ជកម្ម គឺ​អាច​នឹង​ធ្លាក់​ចុះ​បន្តិច​នៅ​ចុង​ឆ្នាំ​២០១៦នេះ។

យ៉ាងណា​ក៏​ដោយ​ចុះ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ប្រចាំ​ស្រុក​ខ្មែរ​ និង​ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឲ្យ​មតិ​យោបល់​ថា កម្ពុជា​ត្រូវ​តែ​លើក​ស្ទួយ​ពង្រីង​នីតិរដ្ឋ និង​តម្លាភាព​វិស័យ​សាធារណៈ។ លើស​ពី​នេះ ត្រូវ​បន្ត​បញ្ចុះ​តម្លៃ​ថាមពល​អគ្គិសនី និង​ប្រេង​ឥន្ធនៈ ពង្រីក​ការ​តភ្ជាប់​សេវា​ដឹកជញ្ជូន​ ព្រម​ទាំង​ពង្រីង​គុណភាព​អប់រំ ជំរុញ​ល្បឿន​ចំណេះដឹង​បច្ចេក​ទេស និង​បង្កើន​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវិៈ​។

ចំពោះ​សេចក្តី​សន្និដ្ឋាន ​និង​អនុសាសន៍​លម្អិត​ផ្សេង​ទៀត​ ត្រូវ​បាន​ FMI ចុះ​ផ្សាយ​នៅ​គេហទំព័រ​ផ្លូវ​របស់​ខ្លួន ​តាំង​ពី​យប់​ថ្ងៃ​ចន្ទ ទី​១៨​កក្កដា​មក​ម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ