អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​ព្រួយ​បារម្ភ​ និង​ខ្លាច​ញញើត​ចំពោះ​បន្លែ​ត្រីសាច់​សព្វ​ថ្ងៃ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ ស្ត្រីម្នាក់​ក្នុង​ខេត្ត​សៀមរាម បាន​ស្លាប់ ដោយសារ​ពុល​ផ្អក់​ត្រីប្រៃ​ ហើយ​សមាជិក​គ្រួសារ​ផ្សេងទៀត​ត្រូវ​ជួយ​សង្គ្រោះ​ទាន់។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅ​ខេត្ត​សៀមរាម​ដដែល​​ ព្រះ​សង្ឃ​និង​ពលរដ្ឋ​ ជិត​៤០នាក់ ក៏​បាន​ពុល​ផ្អក​កំពឹស​ផងដែរ។ ហើយនៅ​ខេត្ត​កំពង់​ឆ្នាំ​ថ្មីៗ​នេះ​ទៀត ក៏​មាន​ករណី​ពុល​ស្រា ​ស បណ្តាល​ឲ្យ​ ពលរដ្ឋ​ខ្មែរ​១៥នាក់​​ស្លាប់​ និង​ជាង​៧០​នាក់​ផ្សេង​ទៀត រងរបួស។ ប្រឈម​នឹង​ករណី​ពុល​ផ្ទួនៗដូច្នេះ ធ្វើ​ឲ្យ​ពលរដ្ឋខ្មែរ​ជាទូទៅ​ កាន់តែ​ព្រួយ​បារម្ភ​និង​​ខ្លាច​ញញើតខ្លាំង​ឡើង​​ចំពោះ​សុវត្ថិភាព​ចំណីអាហារ ដែលពួក​គេ​បរិភោគ​​សព្វថ្ងៃ។

រូបភាពតំណាង៖ សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​
រូបភាពតំណាង៖ សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ @Google
ផ្សាយពាណិជ្ជកម្ម

មួយ​រយៈ​នេះ មានករណី​ពុល​បាន​កើត​ឡើង​ជាបន្តបន្ទាប់។ ការ​ពុលផ្អកត្រី​ប្រៃ ពុលផ្អកកំពឹស នៅ​សៀមរាម​ ពុល​ក្តាម​ប្រៃនៅ​កំពង់​ចាម​ និង​ពុល​​ស្រា ស នៅ​កំពង់​ឆ្នាំង ជា​ដើម បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់។ ការ​ពុល​នេះពុលនោះ​​ជា​ញឹកញយ​ បាន​លង​បន្លាច​អារម្មណ៍​របស់​ប្រជាពលរដ្ឋជាទូទៅ​​ ធ្វើ​ឲ្យ​កាន់តែ​មាន​ភ័យ​ខ្លាច​និងកាន់តែ​បង្កើត​ការ​​ប្រុង​ប្រយ័ត្ន​ ចំពោះ​រាល់​នំចំណី​បន្លែ​ត្រី​សាច់​ ដែល​ទិញ​ពី​ទីផ្សារ។ ការព្រួយ​បារម្ភ និង​ប្រុង​ប្រយ័ត្ន​ដូច្នេះហើយ ទើប​អ្នកមាន​លទ្ធភាព​ខ្លះ បាន​ងាកទៅរក​ទំនិញ​ធម្មជាតិ ឬ​ ផលិត​ Organic ដែល​មិន​ប្រើ​ជាតិ​គីមី​ មាន​ចំនួន​កាន់តែ​កើត​ឡើង។

​សួរថា​តើ​ហេតុអ្វី​បាន​គេ​ភ័យ​ខ្លាច​ និង​ព្រួយ​បារម្ភយ៉ាង​​ដូច្នេះ?

ទី​១ គឺមកពី​ពួក​គេ​ទាំង​នោះ មិន​ដឹង​ប្រភព​ទំនិញ​ច្បាស់​លាស់ថា​ហូរ​ចូលមក​ពីណា​​ ហើយ​គេ​ទទួល​បាន​ដំណឹក​តិច​តួចបំផុត​​ពី​ដំណើរការ​ផលិត​​ ហើយ​​មាន​ពេល​ខ្លះ ពួក​គេ​អាច​នឹងទទួល​ដំណឹង​មិន​ល្អ​ ឬ​ដំណឹង​ចចាម​អារ៉ាម​ពី​ទំនិញ​ទាំង​នោះ​ផង​ដែរ។

តាមរបាយការណ៍របស់​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ CPS  គ្រាន់​តែនិយាយពី​បន្លែ​ក្នុងក្រុង​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ​ៗ គឺ បាន​​នាំ​ចូល​បន្លែ​ពី​បរទេស​ប្រមាណ​ពី​២០០ទៅ​៤០០​តោន  ​លក់និង​ចែក​ចាយ​បន្ត​។ ​បើ​ជា​មធ្យម​ កម្ពុជា​ចំណាយ​ថវិកា​ប្រមាណ​ជា ៣០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នាំ​ចូល​បន្លែ​ពី​បរទេស។ មួយ​ឆ្នាំ​គឺ​ប្រហាក់​ប្រហែល​នឹង​ ២០០​លាន​ដុល្លារ។

គួរ​ជម្រាបថា បន្លែ​ដែល​កម្ពុជា​កំពុង​តែ​ដាក់​លក់​ គឺ​មាន​មួយ​ផ្នែក​ផលិត​នៅ​ក្នុង​ស្រុក មួយ​ផ្នែក​នាំចូល​មក​ពី​ប្រទេស វៀតណាម ប្រទេស​ចិន និង​មួយ​ផ្នែក​តូច​ទៀត​មាន​ដូចជា​ថៃ និង​ឡាវ​ជា​ដើម។ កាល​ពីអំឡុងពេល​ដើម​ឆ្នាំ​២០១៦នេះ​ សហភាព​អឺរ៉ុប ​បាន​ចេញ​សេចក្តី​ព្រមាន​មួយ​ គឺ​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ចូល​បន្លែ​ ពី​ប្រទេស​វៀតណាម​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​នោះ​ទេ។ ដោយសារ​តែសហភាព​អឺរ៉ុប ​បាន​ពិនិត្យ​ និង​រក​ឃើញ​ថា បន្លែនោះ​ ​ដាំដុះ និង​ផលិត​ឡើងដោយ​ប្រើ​​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​ខ្លាំង។​ តែ​ចំពោះ​កម្ពុជា គឺ​មិនទាន់​អើពើ​ខ្លាំង​នៅឡើយទេ​។​

មូលហេតុទី២ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ ​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភចំណី​អាហារ​ គឺទំនង​ពី​​មកពី​អ្នក​លក់​ដូរ​មួយ​ចំនួន ​គិត​តែ​ចង់​បាន​ចំណេញ ហ៊ាន​ធ្វើ​អ្វី​ៗ​ដោយ​មិន​ខ្វល់​ពី​សុខភាព​របស់​អ្នក​ទិញ​។ គេ​បាន​ដឹងតាមរយៈ​សមត្ថកិច្ច​ ដែល​បាន​ចុះ​ចាប់​និង​បង្ក្រាប​ផលិត​ផល​គ្មាន​គុណភាព​នាពេល​កន្លង​មក គឺឃើញថា​ អ្នក​លក់​ចំណីអាហារ​និង​ភេស​ជ្ជៈខ្លះ ​ចង់​ចំណេញជ្រុល បាន​ប្រើ​ប្រាស់​ជាតិ​គីមី​ ​ហើយថែមទាំង​មិន​យល់​ដឹង​ជ្រៅជ្រះ​ ពី​​ធាតុផ្សំ​ដើម្បី​រក្សា​គុណភាព​ទំនិញ​ ឬ​បង្កើត​បរិមាណ​នៃ​ទំនិញ​របស់​ខ្លួននោះឡើយ​​។

​ឧទាហរណ៍​ជាក់​ស្តែង សូម្បីតែ​កម្ពុជាគឺ​ជា​អាណាចក្រ​ត្នោតទៅហើយ  ក៏​​ស្ករ​ត្នោត ក៏មាន​​លាយ​ជាតិ​គីមី​ទៅ​វិញ។ កាលពី​ដើមឆ្នាំ២០១៦នេះ​ គឺ​មាន​ករណី ស្ករអំពៅផលិត​ឡើង​ដោយ​លាយ​ជាតិ​គីមី​ ​ឈ្មោះ​ថា Sodium Hydrocilfeet ដើម្បី​បំលែង​ទៅ​ជា ស្ករ​ត្នោត។ សារធាតុ​គីមីនេះ ​គឺ​ជា​សារធាតុ​ដែល​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស និង​ដែលត្រូវ​ហាម​ឃាត់។

ទី៣ ធំដុំ​ជាងនេះទៅទៀត ពលរដ្ឋខ្មែរ​​ខ្លះ​ ហាក់​មាន​ការ​សង្ស័យ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ត្រួត​ពិនិត្យ​តាម​ច្រកព្រំ​ដែន​​ ដែល​បិទ​ភ្នែក​ម្ខាង​បើក​ភ្នែក​ម្ខាង​ អនុញ្ញាត​ឲ្យ​ទំនិញ​ភេសជ្ជៈ​ចំណី​ខ្លះ​ ហូរ​ចូល​ម​ក។ ត្រង់​ចំណុច​នេះ ទំនង​ជា​អាជ្ញា​ធរ​មាន​ជំនាញ​ អាច​ធ្វើ​ការ​មិន​ដិត​ដល់ ឬ​អាច​នឹង​ធ្វើការខ្លះ​ដែរ តែ​ខ្វះ​ប្រសិទ្ធភាព​ ដោយសារតែ​ហេតុ​ផ្សេងៗ​។

ម្យ៉ាង​វិញទៀត ការ​ចុះ​ត្រួតពិនិត្យ​តាមទី​​ផ្សារ និង​រោង​ចក្រ​ផលិត​នំ​ចំណីអាហារ​នានា មាន​ពេល​​ខ្លះ ពលរដ្ឋ​បាន​កត់​សម្គាល់ថា មាន​ភាព​មិន​ប្រក្រតី​។ ជាហេតុ​ ធ្វើ​ឲ្យពលរដ្ឋ​មួយ​ចំនួន ដែលទៅ​ទិញទំនិញ​​​បន្លែ​ត្រីសាច់​ខ្លះនៅ​លើទីផ្សារ​សព្វ​ថ្ងៃ​ ​ ហាក់​កាន់តែ​ខ្លាច​ញញើត​នឹង​បរិភោគ​។​

ទោះ​យ៉ាង​ណា​ក្តី ក្រសួងពាណិជ្ជកម្ម ក្នុងខែវិច្ឆិកាកន្លង បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​រថយន្ត​ទំនើប FORTD Transit ឆ្នាំ២០១៦ មួយគ្រឿង ដែលបំពាក់ទៅដោយសម្ភារៈ ពិសោធន៍រកសារធាតុគីមី នៅក្នុងចំណីអាហារ បន្លែ ផ្លែឈើ និងផលិតផល​គ្រឿង​បរិភោគ​ដទៃ​ទៀត​។ មន្ទីរពិសោធន៍ចល័ត ឬ Mobile Lab នេះ ធ្វើការឆ្លើយតប​តាម​តម្រូវ​ការ​របស់​សាធារណៈជន ឬតាមកន្លែងនានា ដែលបានកើតមានបញ្ហាចំណីអាហារ ឬការពុលផ្សេងៗ។ ក៏ប៉ុន្តែមន្ទីរពិសោធន៍ចល័តនេះ មានតែមួយគ្រឿង គឺនៅតិចមែនទែន បើធៀបនឹងតម្រូវការ​។

ជារួម​ ក្នុងកាលៈទេសៈបែបនេះ​ អាជ្ញាធរ​​ជំនាញ ​ និងផ្នែក​ឯកជន គួរ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​ទំនិញ​ផលិ​ត​ផល​ចំណី​អាហារ​នៅក្នុងស្រុក​ ដែល​មិន​ប្រើ​សារជាតិ​គីមី​ប៉ះពាល់​ខុស​ភាព ដើម្បី​ជៀសវៀង​និងទប់​លំហូរទំនិញ​ពី​ខាងក្រៅ ដែល​គេមិន​ដឹង​ពី​ដំណើរការ​ផលិត​ច្បាស់លាស់។

លើសពីនេះ ចំពោះ​អាជ្ញាធរពាក់ព័ន្ធ គឺទំនង​ជាដល់ពេលហើយ ដែល​ត្រូវ​គាសកកាយ​សំណុំ​រឿង​​សុវត្ថិភាព​ចំណីអាហារ​នេះ ធ្វើ​ឲ្យ​មាន​តម្លាភាព និង​សម្អាត​លាង​ជម្រះ​រឿង​អាស្រូវ​​ជុំវិញ​ការ​ចុះ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នេះ ឲ្យ​បាន​ស្អាត​ល្អ​ផង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ