អាហារប្រចាំថ្ងៃនៅកម្ពុជាអាចធ្វើឱ្យរស់ ក៏អាចសម្លាប់ដែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២០
អ្នកបរិភោគអាហាររាល់ថ្ងៃគឺចង់បន្តជីវិតឱ្យរស់។ តើមានអ្នកណាខ្លះដែលហូបនំបញ្ចុកដើម្បីសម្លាប់ខ្លួន? គេមិនដែលឮថាចង្រិតលីងជាថ្នាំពុលទេ ឯការទទួលទាននំប៉័ងសាច់ក៏មិនមែនជាមធ្យោបាយធ្វើអត្តឃាតដែរ។ ប៉ុន្តែ អាហារដ៏ពេញនិយមទាំងនេះរបស់ប្រជាជនកម្ពុជា ក៏ដូចជាស្រាស ស្រាថ្នាំ ដំឡូងមី និងចំណីអាហារប្រចាំថ្ងៃមួយចំនួនទៀត ជួនកាលបានប្រែជាពុល ហើយអាចផ្តាច់ជីវិតអ្នកបរិភោគបានភ្លាមៗ។ ការណ៍នេះគួរពិនិត្យមើលប្រព័ន្ធធានាសុវត្ថិភាពចំណីអាហារនៅកម្ពុជាឡើងវិញ ជាជាងបន្ទោសអ្នកប្រើប្រាស់ថាមិនចេះប្រយ័ត្ន។
អាហារនៅក្នុងប្រទេសកម្ពុជាពុំមានសុវត្ថិភាពទាំងស្រុងទេ។ រាល់ថ្ងៃ ប្រជាជនលេបចូលពោះដោយមិនដឹងខ្លួន នូវសារធាតុពុល ឬមេរោគ ដែលនៅជាប់នឹងចំណី។ ជាញឹកញាប់ ម្ហូបដែលគ្រោះថ្នាក់ បើមិនធ្វើឱ្យសន្លប់ ក៏យ៉ាងហោចណាស់ធ្វើឱ្យអ្នកបរិភោគវិលមុខ រាក ឬក្អួតចង្អោរដែរ។ យូរៗម្តង តែពិតជាគួរឱ្យបារម្ភខ្លាំងឡើងៗនោះគឺថា អ្នកភូមិដែលបរិភោគនំបញ្ចុក នំប៉័ងសាច់ ដំឡូងមី ស្រាស ស្រាថ្នាំ ចង្រិតលីង សាច់សត្វ បន្លែ ផ្លែឈើ នំ គុយទាវ ទឹកស៊ីអ៊ីវ ទឹកម្ទេស និងទឹកកក ដើម្បីឱ្យមានសុខភាពល្អ បែរជាធ្លាក់ខ្លួនឈឺ ឬស្លាប់ទៅវិញ ទោះបីដោយសន្សឹមៗក្តី ដោយទាន់ហន់ក្តី។
ប្រាកដណាស់ អ្នកប្រើប្រាស់ដែលខ្វះអនាម័យក្នុងការបរិភោគ និងអ្នកបរិភោគដែលប្រហែសក្នុងការជ្រើសរើសអាហារសម្រាប់ទទួលទាន ត្រូវរាប់រងផលវិបាកចំពោះសុខភាពខ្លួនផ្ទាល់។ នៅកម្ពុជា ប្រជាជនមួយចំនួននៅតែស្តាយសាច់សត្វឈឺ ឬសាច់សត្វងាប់ ហើយអ្នកភូមិខ្លះមិនសូវយកចិត្តទុកដាក់ចំពោះលក្ខខណ្ឌកំណត់នៃការប្រើប្រាស់គ្រឿងបរិភោគឡើយ។ ទន្ទឹមនឹងនេះ ពលរដ្ឋមិនតិចទេដែលពិបាកបែងចែករវាងប្រភេទអាហារទ្រទ្រង់សុខភាព និងប្រភេទអាហារបំផ្លាញសុខភាព។ ទោះជាយ៉ាងនេះក្តី គេក៏មិនគួរទម្លាក់កំហុសទាំងស្រុងទៅលើអ្នកប្រើប្រាស់ដែរ ព្រោះគ្មាននរណាដឹងជាមុនទេថា អាហារឆ្ងាញ់ដែលពួកគេធ្លាប់បរិភោគ ស្រាប់តែបង្កជំងឺ ឬធ្វើឱ្យស្លាប់ភ្លាមៗឡើយ។
ភាពខ្សោយនៃប្រព័ន្ធធានាសុវត្ថិភាពចំណីអាហារ ត្រូវតែជាកត្តាចម្បងដែលធ្វើឱ្យប្រជាជនកម្ពុជាមានគ្រោះថ្នាក់ដោយសារតែការបរិភោគ។ យ៉ាងណាមិញ អាជ្ញាធរសាធារណៈដែលទទួលបន្ទុកខាងសុវត្ថិភាពចំណីអាហារក្នុងប្រទេសនេះ មិនមានលទ្ធភាពគ្រប់គ្រងផលិតកម្ម សេវាកម្ម និងពាណិជ្ជកម្មនៃគ្រឿងបរិភោគ ឱ្យបានហ្មត់ចត់ទៅតាមបទដ្ឋានបច្ចេកទេស និងក្បួនអនាម័យទេ។ ទោះជាមានភ្នាក់ងារចុះអប់រំ ចុះត្រួតពិនិត្យ និងចុះទប់ស្កាត់ហូរហែក្តី ក៏ស្ថាប័នជំនាញមិនអាចបង្ការគ្រោះថ្នាក់ដោយសារអាហារគ្មានសុវត្ថិភាពឡើយ ហើយក៏មិនអាចបង្ក្រាបបទល្មើសទាក់ទងនឹងការផលិត ការដឹកជញ្ជូន និងការដាក់លក់គ្រឿងបរិភោគ ឱ្យបានទាន់ពេលដែរ។
ជាក់ស្តែង កម្ពុជាមានស្តង់ដារចំណីអាហារដល់ទៅ៤៥២ប្រភេទ ប៉ុន្តែវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញថា មានតែ១២ប្រភេទប៉ុណ្ណោះក្នុងចំណោមនោះ ដែលត្រូវបានប្រកាសឱ្យអនុវត្ត ជាសាធារណៈ។ ម្យ៉ាងទៀត ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ដែលកម្ពុជាបានបង្កើតតាំងពីឆ្នាំ២០០០មក និងស្ថាប័នរដ្ឋសំខាន់ៗ ពោលគឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល ដែលមានសមត្ថកិច្ចក្នុងផ្នែកចំណីអាហារនោះ មិនអាចបញ្ចៀសពលរដ្ឋកម្ពុជា ឱ្យរួចផុតពីការពុលចំណីទេ។
ថ្មីៗនេះ មានអ្នកភូមិ២១នាក់ក្នុងចំណោមអ្នកពុលស្រា១៩០នាក់នៅខេត្តក្រចេះ បានស្លាប់ភ្លាមៗ។ ក្នុងឆ្នាំ២០១៤វិញ ការពុលអាហារមាន៤៦៤ករណី ហើយមានអ្នកបរិភោគ៨នាក់ដែលមិនអាចសង្គ្រោះបាន។ ក្រៅពីធ្វើឱ្យស្លាប់ឆាប់ អាហារដែលប្រកបដោយមេរោគ ឬសារធាតុគីមីពុល នៅអាចបង្កជំងឺមិនតិចជាង២០០មុខចំពោះអ្នកទទួលទានឡើយ រាប់ចាប់ពីការរាគរូសដល់មហារីក។ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រកាសថា ជារៀងរាល់ឆ្នាំ មនុស្សប្រហែល២រយលាននាក់នៅលើភពផែនដីនេះ ស្លាប់ដោយសារអាហារគ្មានសុវត្ថិភាព។
ដូច្នេះ ការលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការការពារអ្នកបរិភោគ គឺចាំបាច់ណាស់ ដើម្បីឱ្យអ្នកប្រើប្រាស់មានសុខភាពបរិបូរ ទន្ទឹមនឹងការជំរុញឱ្យផលិតកម្ម សេវាកម្ម និងពាណិជ្ជកម្មអាហារ អាចទាញយកចំណែកទីផ្សារបានរឹតតែធំ។ នៅកម្ពុជា ការណ៍ដែលក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមគ្នាធ្វើសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីសុវត្ថិភាពចំណីអាហារឱ្យបានហើយស្រេច មុនពេលដែលកម្ពុជាក្លាយជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាននៅដំណាច់ឆ្នាំ២០១៥នេះ គឺជារឿងល្អ។
ប៉ុន្តែ ការបង្កើតច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលមានគោលបំណងពង្រឹងប្រព័ន្ធសុវត្ថិភាពចំណីអាហារនៅកម្ពុជា គឺមិនទាន់គ្រប់គ្រាន់ទេ។ កម្ពុជាត្រូវមានធនធានចាំបាច់ផងដែរ សម្រាប់ការពិសោធន៍ ការសង្កេតតាមដាន ការត្រួតពិនិត្យវាយតម្លៃ ការសម្រួលលំហូរព័ត៌មានទៅវិញទៅមក និងជាពិសេសការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ ការងាររបស់អ្នកអនុវត្តច្បាប់ក្នុងការធានាសុវត្ថិភាពចំណីអាហារ ដាច់ខាតត្រូវតែស្របតាមជំនាញបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ មានសេចក្តីថ្លៃថ្នូរ និងចៀសឱ្យផុតពីអំពើពុករលួយ ទើបផលិករ សេវាករ និងពាណិជ្ជករគ្រឿងបរិភោគ អាចរួមចំណែកការពារអ្នកប្រើប្រាស់ឱ្យមានសុវត្ថិភាព។
សរុបមកវិញ ចំណីអាហារ ទោះជានៅក្នុងប្រទេសកម្ពុជាក្តី នៅក្នុងប្រទេសផ្សេងៗក្តី ជាកាំបិតមុខពីរ។ វាអាចជួយជីវិតមនុស្សឱ្យមានសុខភាពល្អ តែពេលណាវាមានសុវត្ថិភាពគ្រប់គ្រាន់តែប៉ុណ្ណោះ។ ពេលដែលចំណីអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃគ្មានគុណភាព ខ្វះអនាម័យ និងប្រែជាពុល ពេលនោះអ្នកបរិភោគពិតជាត្រូវចេះជ្រើសរើសអាហារសម្រាប់ទ្រទ្រង់ជីវិត។ លើសពីនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចដែលទទួលបន្ទុកគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម សេវាកម្ម និងពាណិជ្ជកម្មចំណីអាហារ ចាប់តាំងពីកសិដ្ឋានដល់តុបាយ ច្បាស់ជាមានការទទួលខុសត្រូវច្រើនជាងអ្នកប្រើប្រាស់ ក្នុងការពង្រឹងប្រព័ន្ធសុវត្ថិភាពចំណីអាហារឱ្យមានប្រសិទ្ធភាព ដើម្បីការពារសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ