ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

អាហារ​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា​អាច​ធ្វើ​ឱ្យ​រស់​ ក៏​អាច​សម្លា​ប់ដែរ​

ដោយ
អាហារ​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា​អាច​ធ្វើ​ឱ្យ​រស់​ ក៏​អាច​សម្លា​ប់ដែរ​
 
ការផលិតស្រាសរបស់ប្រជាពលរដ្ឋ​

អ្នក​បរិភោគ​អាហារ​រាល់​ថ្ងៃ​គឺ​ចង់​បន្ត​ជីវិត​ឱ្យ​រស់។ ​តើ​មាន​អ្នក​ណា​ខ្លះ​ដែល​ហូប​នំ​បញ្ចុក​ដើម្បី​សម្លាប់​ខ្លួន?​ គេ​មិន​ដែល​ឮ​ថា​ចង្រិត​លីង​ជា​ថ្នាំ​ពុល​ទេ​ ​ឯ​ការ​ទទួល​ទាន​នំប៉័ង​សាច់​ក៏​មិន​មែន​ជា​មធ្យោបាយ​ធ្វើ​អត្ត​ឃាត​ដែរ។​ ប៉ុន្តែ អាហារ​ដ៏​ពេញនិ​យម​ទាំង​នេះ​របស់​ប្រជាជន​កម្ពុជា ក៏​ដូចជា​ស្រាស ​ស្រាថ្នាំ ​ដំឡូងមី ​និង​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត​ ជួន​កាល​បាន​ប្រែ​ជា​ពុល​ ហើយ​អាច​ផ្តាច់​ជីវិត​អ្នក​បរិភោគ​បាន​ភ្លាមៗ។​ ការណ៍​នេះ​គួរ​ពិនិត្យ​មើល​ប្រព័ន្ធ​ធានា​សុវត្ថិភា​ពចំណីអា​ហារ​នៅ​កម្ពុជា​ឡើង​វិញ​ ជា​ជាង​បន្ទោស​អ្នក​ប្រើប្រាស់​ថា​មិន​ចេះ​ប្រយ័ត្ន។​

អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពុំមា​ន​សុវត្ថិភាព​ទាំង​ស្រុង​ទេ។ ​រាល់​ថ្ងៃ ​ប្រជាជន​លេប​ចូល​ពោះ​ដោ​​យ​មិន​ដឹង​ខ្លួន​ នូវ​សារធាតុពុល ​ឬ​មេរោគ ​ដែល​នៅ​ជាប់​នឹង​ចំណី។ ​ជា​ញឹក​​ញាប់ ​ម្ហូប​ដែល​គ្រោះថ្នាក់​ បើ​មិន​ធ្វើ​ឱ្យ​សន្លប់​ ក៏​យ៉ាង​ហោច​ណាស់​ធ្វើ​ឱ្យ​អ្ន​កបរិភោគ​វិល​មុខ ​រាក​ ឬ​ក្អួត​ចង្អោរ​ដែរ។​ យូរ​ៗ​ម្តង​ តែ​ពិត​ជា​គួរ​ឱ្យ​បារម្ភ​ខ្លាំង​ឡើង​ៗ​នោះ​គឺ​ថា​ អ្នក​ភូមិ​ដែល​បរិភោគ​នំ​បញ្ចុក​ នំប៉័ង​សាច់ ​ដំឡូងមី ​ស្រាស ​ស្រាថ្នាំ ​ចង្រិត​លីង ​សាច់​សត្វ​ បន្លែ ​ផ្លែឈើ ​នំ ​គុយទាវ ​ទឹក​ស៊ីអ៊ីវ ​ទឹកម្ទេស ​និង​ទឹកកក​ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ ​បែរ​ជា​ធ្លាក់​ខ្លួន​ឈឺ ​ឬ​ស្លាប់​ទៅ​វិញ​ ទោះ​បី​ដោយ​សន្សឹម​ៗ​ក្តី ​ដោយ​ទាន់​ហន់​ក្តី។​

ប្រាកដ​ណាស់ ​អ្នក​ប្រើប្រាស់​ដែល​ខ្វះ​អនាម័យ​ក្នុង​ការ​បរិភោគ ​និង​អ្នក​បរិភោគ​ដែល​ប្រហែស​ក្នុង​ការ​ជ្រើសរើស​អាហារ​សម្រាប់​ទទួលទាន​ ត្រូវ​រាប់​រង​ផល​វិបាក​ចំពោះ​សុខ​ភាព​ខ្លួន​ផ្ទាល់។ នៅ​កម្ពុជា ​ប្រជាជន​មួយ​ចំនួន​នៅ​តែ​ស្តាយ​សាច់​សត្វ​ឈឺ ​ឬ​សាច់​សត្វ​ងាប់ ​ហើយ​អ្នក​ភូមិ​ខ្លះ​មិន​សូវ​យក​ចិត្តទុ​កដាក់​ចំពោះ​លក្ខខណ្ឌ​កំណត់​នៃ​ការ​ប្រើប្រាស់​គ្រឿង​បរិភោគ​ឡើយ។ ​ទន្ទឹម​នឹង​នេះ ​ពលរដ្ឋ​មិន​តិច​ទេ​ដែល​ពិបាក​បែង​ចែក​រវាង​ប្រភេទ​អាហារ​ទ្រទ្រង់​សុខភាព ​និង​ប្រភេទ​អាហារ​បំផ្លាញ​សុខភាព។ ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​គេ​ក៏​មិន​គួរ​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​អ្នកប្រើប្រាស់​ដែរ​ ព្រោះ​គ្មាន​នរណា​ដឹង​ជា​មុន​ទេ​ថា ​អាហារ​ឆ្ងាញ់​ដែល​ពួក​គេ​ធ្លាប់​បរិភោគ ​ស្រាប់​តែ​បង្ក​ជំងឺ ​ឬ​ធ្វើ​ឱ្យ​ស្លាប់​ភ្លាម​ៗ​ឡើយ។

ភាពខ្សោយ​នៃ​ប្រព័ន្ធ​ធានា​សុវត្ថិភាព​ចំណី​អាហារ ​ត្រូវតែ​ជាកត្តា​ចម្បង​ដែល​ធ្វើឱ្យប្រជាជន​កម្ពុជា​មាន​គ្រោះថ្នាក់​ដោយ​សារ​តែ​ការ​បរិភោគ។ យ៉ាង​ណា​មិញ ​អាជ្ញាធរ​សាធារណៈ​ដែល​ទទួល​បន្ទុក​ខាង​សុវត្ថិភាព​ចំណី​អា​ហារ​ក្នុង​ប្រទេស​នេះ ​មិន​មាន​លទ្ធភាព​គ្រប់​គ្រង​ផលិតកម្ម​ សេវាកម្ម​ និង​ពាណិជ្ជកម្ម​នៃ​គ្រឿង​បរិភោគ ​ឱ្យ​បាន​ហ្មត់ចត់​ទៅ​តាម​បទដ្ឋាន​បច្ចេ​កទេស ​និង​ក្បួន​អនាម័យ​ទេ។ ​ទោះ​ជា​មាន​ភ្នាក់​ងារ​ចុះ​អប់រំ ​ចុះ​ត្រួត​ពិនិត្យ ​និង​ចុះ​ទប់​ស្កាត់​ហូរ​ហែក្តី​ ក៏​ស្ថាប័ន​ជំនាញ​មិន​អាច​បង្ការ​គ្រោះថ្នាក់​ដោយសារ​អាហារ​គ្មាន​សុវត្ថិភាព​ឡើយ ​ហើយ​ក៏​មិន​អាច​បង្ក្រាប​បទ​ល្មើស​ទាក់​ទង​នឹង​ការ​ផលិត​ ការ​ដឹក​ជញ្ជូន​ និង​ការ​ដាក់​លក់​គ្រឿង​បរិភោគ ​ឱ្យបា​នទាន់​ពេល​ដែរ។​

ជាក់​ស្តែង កម្ពុជា​មាន​ស្តង់ដារ​ចំណី​អាហារ​ដល់​ទៅ​៤៥២​ប្រភេទ​ ប៉ុន្តែ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រក​ឃើញថា ​មាន​តែ​១​២ប្រភេទ​ប៉ុណ្ណោះ​ក្នុង​ចំណោម​នោះ ​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​អនុវត្ត​ ជា​សាធារណៈ។​ ម្យ៉ាង​ទៀត ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​គុណភាព ​សុវត្ថិភាព​លើ​ផលិតផល​ ទំនិញ និ​ង​សេវា ​ដែល​កម្ពុជា​បាន​បង្កើត​តាំង​ពី​ឆ្នាំ​២០០​០មក​ និង​ស្ថាប័ន​រដ្ឋ​សំខាន់​ៗ ​ពោល​គឺ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​សុខាភិបាល ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ផ្នែក​ចំណី​អាហារ​នោះ ​មិន​អាច​បញ្ចៀស​ពលរដ្ឋ​កម្ពុជា​ ឱ្យ​រួច​ផុត​ពី​កា​រពុ​លចំ​ណីទេ។​

ថ្មីៗ​នេះ​ មាន​អ្នក​ភូមិ​២១​នាក់​ក្នុង​ចំណោម​អ្នក​ពុល​ស្រា​១៩០​នា​ក់​នៅ​ខេត្ត​ក្រចេះ ​បាន​ស្លាប់​​ភ្លាម​ៗ។ ​ក្នុង​ឆ្នាំ​២០១៤​វិញ ​ការ​ពុល​អាហារ​មាន​៤៦៤ករណី ​ហើយ​មាន​អ្នក​បរិភោគ​៨​នាក់​ដែល​មិន​អាច​សង្គ្រោះ​បាន។ ​ក្រៅ​ពី​ធ្វើ​ឱ្យ​ស្លាប់​ឆាប់​ អាហារ​ដែល​ប្រកបដោ​យមេរោគ ​ឬ​សារធាតុ​គីមី​ពុល​ នៅ​អាច​បង្ក​ជំងឺ​មិន​តិច​ជាង​២០០​មុខ​ចំពោះ​អ្នក​ទទួល​ទាន​ឡើយ ​រាប់​ចាប់​ពី​ការ​រាគ​រូស​ដល់​មហារីក។ ​ក្រសួង​សុខាភិបាល​កម្ពុជា​ និង​អង្គការ​សុខភាព​ពិភ​ព​លោក ​បាន​ប្រកាស​ថា​ ជា​រៀង​រាល់​ឆ្នាំ​ មនុស្ស​ប្រហែល​២​រយ​លាន​នាក់​នៅ​លើភ​ព​ផែន​ដី​នេះ ​ស្លាប់​ដោយ​សារ​អាហារ​គ្មាន​សុវត្ថិភាព។

​ដូច្នេះ ​ការ​លើក​កម្ពស់​សុវត្ថិភា​ពចំណី​អាហារ ​និង​ការ​ការពារ​អ្នក​បរិភោគ​ គឺ​ចាំបាច់​ណាស់ ​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​មាន​សុខភាព​បរិបូរ​ ទន្ទឹម​នឹង​ការ​ជំរុញ​ឱ្យ​ផលិត​កម្ម​ សេវាកម្ម​ និង​ពាណិជ្ជកម្ម​អាហារ ​អាច​ទាញយ​ក​ចំណែក​ទីផ្សា​របា​ន​រឹត​តែ​ធំ។​ នៅ​កម្ពុជា ​ការណ៍​ដែល​ក្រសួង​សុខាភិបាល ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ទេសចរណ៍ ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​ព្រម​ទាំង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​រួមគ្នា​ធ្វើ​សេចក្តី​ព្រាងច្បាប់​ថ្មី​មួយ​ស្តីពី​សុវត្ថិភាព​ចំណី​អាហារ​ឱ្យ​បាន​ហើយ​ស្រេច​ មុន​ពេល​ដែល​កម្ពុជា​ក្លាយ​ជា​សមាជិក​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដំណាច់​ឆ្នាំ​២០១៥​នេះ​ គឺ​ជា​រឿង​ល្អ។

ប៉ុន្តែ ​ការ​បង្កើត​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិនានា ​ដែល​មាន​គោល​បំណង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុ​ជា ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។​ កម្ពុជា​ត្រូវ​មាន​ធនធាន​ចាំបាច់​ផង​ដែរ ​សម្រាប់​ការ​ពិសោធន៍ ​ការ​សង្កេត​តាម​ដាន ​ការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ ​ការ​សម្រួល​លំហូរ​​ព័ត៌មាន​ទៅ​វិញទៅ​មក ​និង​ជា​ពិសេសកា​រ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។ ​ការងារ​របស់​អ្នក​អនុវត្ត​ច្បាប់​ក្នុង​ការ​ធានា​សុវត្ថិភាព​ចំណីអា​ហារ ​ដាច់​ខាត​ត្រូវ​តែ​ស្រប​តាម​ជំនាញ​បច្ចេក​ទេស ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ ​មាន​សេចក្តី​ថ្លៃថ្នូរ​ និង​ចៀស​ឱ្យ​ផុតពី​អំពើ​ពុករលួយ ​ទើប​ផលិករ ​សេវាករ ​និង​ពាណិជ្ជករ​គ្រឿង​បរិភោគ ​អាច​រួម​ចំណែក​ការពារ​អ្នក​ប្រើប្រាស់​ឱ្យ​មាន​សុវត្ថិភាព។

សរុប​មក​វិញ ​ចំណី​អាហារ ​ទោះ​ជា​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាក្តី​ នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ក្តី ​ជា​កាំបិត​មុខ​ពីរ។ វា​អាច​ជួយ​ជីវិត​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ ​តែ​ពេល​ណា​វា​មាន​សុវត្ថិភាព​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ។ ​ពេល​ដែល​ចំណី​អាហារ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​គ្មានគុណភាព ​ខ្វះ​អនាម័យ​ និង​ប្រែ​ជា​ពុល ​ពេល​នោះ​អ្នក​បរិភោគ​ពិត​ជា​ត្រូវ​ចេះ​ជ្រើស​រើស​អាហារ​សម្រាប់​ទ្រទ្រង់​ជីវិត​។ លើស​ពី​នេះ​ទៅ​ទៀត ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ទទួល​បន្ទុក​គ្រប់​គ្រង​ខ្សែ​សង្វាក់​ផលិតកម្ម ​សេវាកម្ម ​និង​ពាណិជ្ជកម្ម​ចំណី​អាហារ​ ចាប់​តាំង​ពី​កសិដ្ឋាន​ដល់​តុបាយ ​ច្បាស់​ជា​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ជាង​អ្នក​ប្រើប្រាស់ ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ការពារ​សុខភាព​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពជា

    រដ្ឋមន្ត្រី​សុខាភិបាល៖ ​ស្រាពុល ​សម្លាប់​មនុស្ស​១៩​នាក់

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក ​ម៉ម ប៊ុនហេង ៖ ការ​អប់រំ ​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​សុវត្ថិភាព​ចំណី​អាហារ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ