អានតួអត្ថបទ
កម្ពុជា

លោក​​កុយ គួ​ង​៖ ​ក្រសួង​​កំពុង​​ជួយ​​ស្ត្រី​​ខ្មែរ​​រងគ្រោះ​​នៅ​​ចិន​​ជា​ច្រើន​​នាក់​

ក្រសួង​ការ​បរទេស​​ក​ម្ពុ​ជា​​បាន​បង្ហាញ​​តួលេខ​​នៃ​​ស្ត្រី​​ខ្មែរ​​ដែល​​រងគ្រោះ​​នៅ​​ប្រទេស​​ចិន​​ក្នុង​​ឆ្នាំ​២០១៤​ថា ​យ៉ាង​ហោច​ណាស់​​មាន​​ស្ត្រី​​ជិត​៦០​នាក់​​ត្រូវ​បាន​​ជួយ​សង្គ្រោះ​​មក​កាន់​​កម្ពុជា​​វិញ​។ ​ក្រសួង​ការ​បរទេស​​ក​ម្ពុ​ជា​​បាន​បញ្ជាក់​​ទន្ទឹម​នឹង​នេះ ​ស្ថានទូត​​ខ្មែរ​​ប្រចាំ​​ប្រទេស​​ចិន​​បាន​​បញ្ជាក់​ថា​ មាន​​ស្ត្រី​​ជា​ច្រើន​​ទៀត​​ដែល​​ត្រូវការ​​ជួយ​សង្គ្រោះ​។​

ស្រ្តី​ខ្មែរ​ដែល​រង​គ្រោះ​ដោយសារ​ចំណាក​ស្រុក​
ស្រ្តី​ខ្មែរ​ដែល​រង​គ្រោះ​ដោយសារ​ចំណាក​ស្រុក​ ©rfi-ម៉េងហូរ
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេស​ក​ម្ពុ​ជា​បានឱ្យដឹង​នៅ​ថ្ងៃទី២៨ មករា​នេះ​ថា មាន​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ជាច្រើន​នាក់​កំពុង​រងគ្រោះ។ លោក​កុយ​ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ចិន​បានទទួល​ពាក្យបណ្តឹង​ជាច្រើន​ទាក់ទង​នឹង​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ព្រោះថា​ស្ត្រី​ទាំងនោះ ត្រូវបាន​លក់​ពី​បុរស​ម្នាក់​ទៅ​បុរស​ម្នាក់ និង​ជា​ទាសករ​ផ្លូវភេទ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​រូបនេះ មិនអាច​បញ្ជាក់​ពី​តួ​លេខ​នៃ​អ្នក​កំពុង​រងគ្រោះ​នៅ​ប្រទេស​ចិន​នោះទេ។

ក្រសួងការបរទេស​ក​ម្ពុ​ជា បានបង្ហាញ​របាយការណ៍​ឱ្យដឹងថា មាន​ស្ត្រី មិនតិចជាង៦០នាក់​នោះទេ​ដែល​បាន​រងគ្រោះ​ដោយសារ​ការរៀប​ការ​នៅ​ប្រទេស​ចិន។ ដោយ​រយៈពេល​ពេញ​មួយឆ្នាំ២០១៤ មាន​ស្ត្រី​ខ្មែរ​មិនតិចជាង៥៨នាក់​ត្រូវបាន​ជួយសង្គ្រោះ​មកកាន់​កម្ពុជា​វិញ ហើយ​បុរស​ម្នាក់​ផ្សេងទៀត​បាន​ស្លាប់។ អ្នកស្រី​ឆន សុគន្ធា ប្រធាន​ផ្នែក​ស្ត្រី កុមារ និង​ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ​របស់​អង្គការ​អាដហុក បាន​លើក​ឡើ​ពី​មូល​ហេតុថា​ការរង​គ្រោះ​នេះ គឺជា​ចន្លោះប្រហោង​នៃ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​អនុញ្ញាត​ឱ្យមាន​ក្រុម​មេខ្យល់​អាច​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដោយ​បោកប្រាស់​ពី​ផល​ល្អ​ពី​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​ចិន។

បើតាម​មន្ត្រី​អង្គការ​អាដហុក​ដដែល​រូបនេះ ការចេញ​ទិ​ដ្ឋា​ការ​ដ៏​ធូររលង់​ចំពោះ​ស្ត្រី​ខ្មែរក្មេងៗទៅ​ប្រទេស​ចិន​តាមរយៈ​ជាល​ក្ខ​ខណៈ​ទេសចរណ៍ ក៏​ជា​ចំណុច​សំខាន់​មួយ​ផងដែរ បន្ថែម​ពី​ស្ថានភាព​ក្រីក្រ​នៃ​ពលរដ្ឋ​ខ្មែរ និង​កង្វះ​ព័ត៌មាន។ ចំពោះ​យន្ត​ការជួយ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​វិញ អ្នកស្រី សុគន្ធា បាន​លើកឡើងថា​រដ្ឋាភិបាល មិនមាន​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​នៅក្រៅ​ប្រទេស​នោះទេ។

សូម​កត់សំគាល់ថា ក្រៅពី​ស្ត្រី​ខ្មែរ​ចាញ់បោក​មេខ្យល់​នៅ​ប្រទេស​ចិន​នោះ ស្ត្រី​ខ្មែរ​ជាច្រើន​ផ្សេងទៀត​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក៏​កំពុង​រង​ភាពអយុត្តិធម៌​ផងដែរ។ អង្គការ​អាដហុក​បាន​បញ្ចេញ​របាយការណ៍​ថា នៅមាន​អំពើ​អយុត្តិធម៌​ចំនួន១៣០ករណី​ចំពោះ​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ដែល​ត្រូវបាន​រកឃើញ។ នោះ​គឺ​ការបាត់​ខ្លួន ការ​ធ្វើទា​រណ្ឌកម្ម​លើ​រូបរាងកាយ ការមិន​ទទួល​ប្រាក់បៀវត្សរ៍ និង​ការបង្ខំបន្ត​អា​ណ​ត្តិ រួមទាំង​ការបាត់​ដំណឹង​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ