លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា ត្រឹមតែរយៈពេល ពីរ បីថ្ងៃប៉ុណោ្ណះ ក្រសួងបរិស្ថានបានបង្ក្រាបការទន្ទ្រាន កាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ជាច្រើនករណី។ នៅក្នុងនោះ អាជ្ញាធរ បានបង្រ្កាបករណី ពលរដ្ឋមួយចំនួនបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្បាលឆាយ ខេត្តព្រះសីហនុ និងបង្ក្រាប ការទន្ទ្រាន កាន់កាប់ដីនៅឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងបាត់ដំបងជាដើម។
ករណីនេះ ត្រូវបានលោក នេត្រ ភក្ត្រា អះអាងថា ធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លី ដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបំផ្លាញធនធានធម្មជាតិក្រោមរូបភាពជាច្រើន ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា ដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថានដដែល ពេលខ្លះក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា លើកឡើងថា ការយកប្រជាពលរដ្ឋមកធ្វើជាលេសដើម្បីទន្ទ្រាន កាន់កាប់ដីរដ្ឋខុសច្បាប់នេះ ជារឿងហួសសម័យហើយ។
ក្រសួងបរិស្ថាន បញ្ជាក់ថា ក្រសួងបាន និងកំពុងសហការ ជាមួយស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។
ព្រមជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងប្រទេសកម្ពុជា ដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋខ្វះដីពិតប្រាកដ អាចដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ ខណៈ ក្រសួងបរិស្ថានក៏បានបង្កើតសហគមន៍មូលដ្ឋាន ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារ ហើយក្រសួងក៏បានឆ្វៀលដី ដែលមានផលប៉ះពាល់ ជូនដល់ប្រជាពលរដ្ឋរួចហើយដែរ៕