អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្ទេរការ​គ្រប់គ្រង​តំបន់​ព្រៃ​ការពារ​និង​ព្រៃ​ផ្តល់​ផល​ចំនួន​១៨​កន្លែង

តំបន់​ព្រៃ​ការពារ​ និង​អភិរក្ស​ព្រៃឈើ​ចំនួន​១៣​កន្លែង និង​តំបន់​ព្រៃ​ផ្តល់​ផល​ចំនួន​៥​កន្លែង​ទៀត​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្ទេរ​ការ​គ្រប់​គ្រង ពី​ក្រសួង​កសិកម្ម​ទៅ​ក្រសួង​បរិស្ថាន​វិញ។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អនុក្រឹត្យ​មួយ​ ចុះ​ថ្ងៃ​ទី​២៨​មេសា​ឆ្នាំ​២០១៦។ យោង​តាម​អនុក្រឹត្យ​ដដែល​នេះ ក៏​បាន​សម្រេច​ផ្ទេរ​ការ​គ្រប់គ្រង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៧៣​កន្លែង ពី​ក្រសួង​បរិស្ថាន ទៅ​ឲ្យ​ក្រសួង​កសិកម្ម​វិញ​ដែរ។

ព្រៃឈើ​នៅ​ក្នុង​តំបន់​អារ៉ែង ​ថត​នៅ​ពេល​ព្រឹក​ព្រលឹម​ពី​លើ​ភ្នំ​ម្រេច​កង្កែប។​
ព្រៃឈើ​នៅ​ក្នុង​តំបន់​អារ៉ែង ​ថត​នៅ​ពេល​ព្រឹក​ព្រលឹម​ពី​លើ​ភ្នំ​ម្រេច​កង្កែប។​ រូបថតដោយ @Bun Chan
ផ្សាយពាណិជ្ជកម្ម

យោងតាម​អនុក្រឹត្យ​នេះ បាន​សម្រេច​ផ្ទេរ​ការ​គ្រប់គ្រង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ព្រៃឈើ​ចំនួន​១៣​កន្លែង​ពី​ក្រសួង​កសិកម្ម​ទៅ​ឲ្យ​ក្រសួង​បរិស្ថាន​គ្រប់​គ្រង​បន្ត។ ក្នុង​នោះ​រួមមាន តំបន់​គ្រប់គ្រង​ និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល​អាង​ត្រពាំង​ថ្ម​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ, តំបន់​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ តំបន់​ព្រែក​ទឹក​សាប​ក្នុង​ខេត្ត​ព្រះសីហនុ, តំបន់​ព្រៃ​ការពារ​សម្រាប់ អភិរក្ស​ធនធាន​សេនេទិច​រុក្ខជាតិ​ និង​សត្វ​ព្រៃ​ក្នុង​ខេត្ត​ព្រះវិហារ, តំបន់​ព្រៃ​ការពារ​អភិរក្ស​ដី​ជម្រាល​ជួរ​ភ្នំ​ក្រវ៉ាញ​ភាគ​កណ្តាល​ និង​ជីវចម្រុះ​ក្នុង​ខេត្ត​កោះកុង កំពង់​ស្ពឺ និង​ខេត្ត​ពោធិ៍សាត់​, តំបន់​ព្រៃ​ការពារ​សម្រាប់​អភិរក្ស​ជីវចម្រុះ​ក្នុង​ខេត្ត​កោះកុង, តំបន់​គ្រប់​គ្រង​ និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល​ និង​សត្វ​ស្លាប​នៅ​បឹង​ព្រែក​ល្ពៅ​ក្នុង​ខេត្ត​តាកែវ, តំបន់​ព្រៃ​ការពារ​សម្រាប់​លំហែ​កម្សាន្ត​ និង​កីឡា​ប្រមាញ់​ក្នុង​ខេត្ត​រតនគីរី, តំបន់​ព្រៃ​ការពារ​ និង​អភិរក្ស​ជីវ​ចម្រុះ​សីមា​ ក្នុង​ខេត្ត​មណ្ឌល​គីរី​ និង​ខេត្ត​ក្រចេះ, តំបន់​គ្រប់គ្រង​ និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល និង​សត្វ​ស្លាប​អន្លង់​ព្រីង​ក្នុង​ខេត្ត​កំពត, តំបន់​ព្រៃ​ការពារ​សម្រាប់​អភិរក្ស​ធនធាន​សេនេទិច​រុក្ខជាតិ​និង​សត្វ​ព្រៃ​ក្នុង​ខេត្ត​មណ្ឌល​គីរី, ស្ទឹងត្រែង, តំបន់​ព្រៃ​ការពារ​សម្រាប់​អភិរក្ស​ព្រៃឈើ​ និង​សត្វ​ព្រៃ ពញ្ញា​ក្រែក​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ និង​តំបន់​គ្រប់គ្រង​ និង​អភិរក្ស​សត្វ​ខ្សឹម​នឹង​ជីវ​ចម្រុះ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​រួម​ក្នុង​ភូមិសាស្រ្ត​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប​ជា​ដើម។

យោង​តាម​អនុក្រឹត្យ​ដដែល ក៏​បាន​សម្រេច​ផ្ទេរ​តំបន់​ព្រៃ​ផ្តល់​ផល​ចំនួន​៥​កន្លែង​ទៀត ពី​ក្រសួង​កសិកម្ម​ទៅ​ឲ្យ​ក្រសួង​បរិស្ថាន​គ្រប់​គ្រង​បន្ត និង​ដើម្បី​ឲ្យ​ក្រសួង​នេះ​បន្ត​នីតិវិធី​ក្នុង​ការ​ដាក់​បញ្ចូល​ជា​តំបន់​ការពារ​ និង​អភិរក្ស​ព្រៃឈើ​ផង​ដែរ។ តំបន់​ព្រៃ​ទាំង​៥​នោះ​រួម​មាន តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង និង​ខេត្ត​កំពង់ធំ ដែល​មាន​ទំហំ​ជាង​៣០​ម៉ឺន​ហិចតា ​(៣០៥.៣៦៦ ហត), តំបន់​ព្រៃ​ច្រក​របៀង​ក្រវាញ​ខាង​ត្បូង ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​ពោធិ៍សាត់ និង​ខេត្ត​កោះកុង ដែល​មាន​ទំហំ​ផ្ទៃ​ដី​ជិត​៤៥​ម៉ឺន​ហិចតា (៤៤៣.១៣៤), តំបន់​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះវិហារ ក្នុង​ទំហំ​ផ្ទៃ​ដី​ជាង​៨​ម៉ឺន​ហិចតា (៨០.៨២៣), តំបន់​ព្រៃ​សៀម​ប៉ាង​លិច​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ក្នុង​ទំហំ​ផ្ទៃ​ដី​ជាង​៦​ម៉ឺន​៥​ពាន់​ហិចតា (៦៥.០៧០), និង​តំបន់​ព្រៃវ៉ឺនសៃ-សៀម​ប៉ាង ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​រតន​គីរី ដែល​មាន​ទំហំ​ផ្ទៃ​ដី​ជិត​៦​ម៉ឺន​ហិចតា ​(៥៦.៩៣២ ហត)។

សូម​បញ្ជាក់​ថា មុន​ការ​ចេញ​សេចក្តី​សម្រេច​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧ និង​បណ្តាញ​សហគមន៍​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២៧​មេសា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ជា​បន្ត​បន្ទាប់​ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​គម្រោង​ដាក់​បញ្ចូល​ផ្ទៃ​ដី​ជិត​១​លាន​ហិចតា​ជា​តំបន់​ការពារ​ធម្មជាតិ។ សេចក្តី​ថ្លែង​ការណ៍​បាន​ចាត់​ទុក​ការ​សម្រេច​ចិត្ត​នេះ​ថា គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ដ៏​មុះមុត ក៏​ដូចជា​ដំណោះ​ស្រាយ​រយៈ​ពេល​យូរ​អង្វែង​របស់​ក្រសួង​បរិស្ថាន​ក្នុង​ការ​អភិរក្ស​ព្រៃឈើ​ និង​សត្វ​ព្រៃ​នៅ​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ផង។

យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​សេចក្តី​សម្រេច​ស្តី​ពី​ការ​ផ្ទេរ​ការ​គ្រប់គ្រង​តំបន់​ព្រៃ​ការពារ​និង​ព្រៃ​ផ្តល់​ផល​ទាំង​១៨​កន្លែង​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​សម្រេច​ផ្ទេរ​តំបន់​សម្បទានដី​សេដ្ឋកិច្ច​ចំនួន​៧៣​កន្លែង ពី​ក្រសួង​បរិស្ថាន ទៅ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​វិញ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ