អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថានគ្រោង​​ពង្រីក​ដែន​អភិរក្ស​​​ ១,៥ ​លាន​ហិកតា​ទៀត

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក សាយ សំអាល់ រដ្ឋ​​មន្ដ្រី​ក្រសួង​បរិស្ថាន បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ដាក់​បញ្ចូល​តំបន់​ធម្មជាតិ​​ចំនួន​១,៥​លាន​ហិកតា​ទៀត ជា​តំបន់​អភិរក្ស​។ ប្រសិន​បើ​គម្រោង​​នេះ​ក្លាយ​ជា​ការ​ពិត តំបន់​អភិរក្ស​នៅ​កម្ពុជា​ដែល​ស្ថិតក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន នឹង​មាន​ចំនួន​សរុប​ទាំង​អស់​ជាង​៧​លាន​ហិកតា​។

លោក ​​សាយ សំអាល់ ​រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន ​បានបង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ដាក់​បញ្ចូល​តំបន់​ធម្មជាតិ​ចំនួន​ ១,៥លាន​ហិកតា​ទៀត​ ជា​តំបន់​អភិរក្ស​។ ​
លោក ​​សាយ សំអាល់ ​រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន ​បានបង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ដាក់​បញ្ចូល​តំបន់​ធម្មជាតិ​ចំនួន​ ១,៥លាន​ហិកតា​ទៀត​ ជា​តំបន់​អភិរក្ស​។ ​ សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួង​បរិស្ថាន គ្រោងដាក់​​បញ្ចូល​តំបន់​ធម្មជាតិ​ទំហំ​១,៥​លាន​ហិកតា​ទៀត ទៅ​ក្នុង​តំបន់​អភិរក្ស​របស់​ខ្លួន​​​។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក សាយ សំអាល់ រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ស្ដី​ពី​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​ទីស្ដីការ​ក្រសួង​​បរិស្ថាន​នា​ថ្ងៃ​ទី​១៩​មករា​នេះ​។ យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋ​មន្ដ្រី​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ទេ​ថា តំបន់​ធម្មជាតិ​ប្រមាណ​១,៥​ហិកតា​នោះ មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ណា​នៅ​ឡើយ​ទេ​។

ជា​ការ​កត់​សម្គាល់ ប្រសិន​បើ​គម្រោង​​នេះ​ក្លាយ​ជា​ការ​ពិត តំបន់​អភិរក្ស​នៅ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន នឹង​មាន​ចំនួន​សរុប​ទាំង​អស់​ជាង​៧​លាន​ហិកតា​ ព្រោះ​ថា​សព្វ​ថ្ងៃ​នេះ ក្រសួង​បរិស្ថាន​មាន​តំបន់​អភិរក្ស​និង​តំបន់​ធនធាន​ធម្មជាតិ៤៥​កន្លែង គិត​ជា​ផ្ទៃដី​​ប្រមាណ​៦​លាន​ហិកតា​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ​​។

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើ​បញ្ហា​បរិស្ថាន បាន​លើក​ឡើង​ថា ដើម្បី​ការពារ​តំបន់​ធម្មជាតិ​ដែល​មាន​ផ្ទៃ​ដី​ធំធេង​បែប​នេះ រដ្ឋាភិបាលត្រូវ​បង្កើន​ថវិកា​បន្ថែម ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក៏​ដូច​ជា​ត្រូវ​ពង្រឹង​ធនធាន​មនុស្ស ទាំង​មន្ដ្រី​របស់​រដ្ឋ​និង​ប្រជា​សហគមន៍​​ផង​ដែរ​។ សំខាន់​ជាង​នេះ រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​បរិស្ថាន​ផ្ទាល់ ត្រូវ​តែ​មាន​គោលការណ៍​ច្បាស់​លាស់ និង​ឆន្ទៈ​មុត​មាំ​ផង​ដែរ ទើប​អាច​​ការពារ និង​​​គ្រប់​គ្រង​ដែន​អភិរក្ស​ទាំង​អស់​​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​។

ជុំ​វិញ​លទ្ធភាព​និង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​តំបន់​អភិរក្ស​និង​តំបន់​ធនធាន​ធម្មជាតិ​នេះ លោក សាយ សំអាល់ បាន​ចាត់​ទុក​ថា​ថា​ជា​រឿង​ធំ​។ និង​​ថា ក្រសួង​កំពុង​តែ​​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស កែ​ប្រែ​រចនាសម្ព័ន្ធ​ផ្ទៃ​ក្នុង និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ ក្នុង​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់​គ្រង ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​។

គួរ​ជម្រាប​ជូន​ថា លោករដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន ក៏​បាន​យក​វេទិកា​សន្និសីទ​កាសែត​នា​ថ្ងៃ​នេះ ពន្យល់​បំភ្លឺ​អំពី​ការ​ចុះផ្សាយ​របស់​អង្គការ​ណាសា កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ ដែល​ថា ព្រៃ​ឈើ​របស់​កម្ពុជា​កំពុង​តែ​រលាយ​បាត់បង់​។ លោក​អះអាង​ថា អ្វី​ដែល​ណាសា​លើក​ឡើង​គឺ​ជា​ទិន្នន័យ​ចាស់​។ និង​ថា មែន​ទែន​ទៅ បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់ បើ​ទោះ​បី​ជាក្រសួង​បរិស្ថាន​​គ្មាន​ទិន្នន័យ​ច្បាស់​លាស់​ថា ថយ​ចុះ​ប៉ុន្មាន​ភាគ​រយ​ក៏​ដោយ​។ ចំណែក​ទិន្នន័យ​អំពី​​ព្រៃឈើ​សរុប​នៅ​កម្ពុជា ក្រសួង​បរិស្ថាន​អះអាង​ថា ខ្លួន​កំពុង​តែ​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ទម្លាយ​ឲ្យ​សាធារណ​ជន​ជ្រាប​ជា​ផ្លូវការ​​ក្នុង​ពេល​ដ៏​ឆាប់​តាម​ដែល​អាចធ្វើ​ទៅ​បាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ