អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

អតីត​តំណាង​រាស្រ្ត​នៃ​អ​តីត​បក្ស​សង្គ្រោះជាតិ អំពាវនាវឲ្យដោះលែងមន្ត្រីមូលដ្ឋាន

ឆ្លៀត​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​មាន​រយៈ​ពេល​១៥​ថ្ងៃ អតីត​តំណាង​រាស្រ្ត នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន អំពាវ​នាវ​ដល់​ប្រមុខ​រាជ​រដ្ឋា​ភិបាល ក៏​ដូច​ជា​តុលា​ការ​កម្ពុជា ធ្វើ​ការ​លើក​លែង​ទោស ​ឬ​ទំលាក់​បទ​ចោទ​ប្រកាន់​ ដល់​អ្នក​ទោស​មួយ​ចំនួន​ នៅ​តាម​មូល​ដ្ឋាន ។ ការ​អំពាវ​នាវ​របស់​អតីត​តំណាង​រាស្រ្ត​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បង្ហើប​ពី​លទ្ធ​ភាព​ដោះ​លែង​អ្នក​ទោស​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ខាង​មុខ​។ 

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​នាក់​ធ្លាប់​កាន់​តួ​នាទី​ចាប់​ពី ចៅ​សង្កាត់ មេ​ឃុំ ជំទប់​ទី​១ រួម​នឹង​បេក្ខ​ភាព​ក្រុម​ប្រឹក្សា​ស្រុក និង​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ជា​ដើម បាន​ជាប់​ឃុំ មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា​។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ នៅ​ថ្ងៃ​សុក្រ​ទី​២៨​ខែ​កញ្ញា​នេះ អតីត​អ្នក​តំណាង​រាស្ត្រ​លោក អ៊ូ ច័ន្ទរ័ត្ន និង​ជា​អ្នក​ចេញ​មុខ​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង ឬ​បន្ធូរ​បន្ថយ​ទោស​ដល់​មន្ត្រី​មូល​ដ្ឋាន​ទាំង​នេះលើក​ឡើង​ថា បញ្ហា​ដែល​នាំ​ឲ្យ​ពួក​គេ​រង​ការ​ចោទ​ប្រកាន់​ឈាន​ដល់​ការ​ឃុំ​ខ្លួន ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ទំនាស់​នយោ​បាយ ដែល​ផ្ដើម​ចេញ​ពី​ការ​រើស​អើង​និន្នា​ការ​នយោ​បាយ នៅ​ថ្នាក់​មូល​ដ្ឋាន​។ ដូច្នេះ​មក​ដល់​ពេល​នេះ សម​ល្មម ដែល​ប្រមុខ​រដ្ឋា​ភិបាល គួរ​តែ​គិត​គូរ​ផ្ដល់​សេរីភាព យុត្តិ​ធម៌ ដល់​ពួក​គេ ដើម្បី​បាន​ជួប​ជុំ​គ្រួសារ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។ នេះ​បើ​តាម លោក អ៊ូ ច័ន្ទរ័ត្ន។

អតីត​អ្នក​តំណាង​រាស្ត្រ​អតីត​បក្ស​ប្រឆាំង​រូប​នេះ បន្ថែម​ថា ធាតុ​ផ្សំ​នៃ​បទ​ល្មើស​របស់​ពួក​គេ មិន​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់ មិន​អាច​ទទួល​បាន​ការ​អនុ​គ្រោះ​នោះ​ទេ ព្រោះ​ថា កន្លង​មក​អ្នក​ខ្លះ​គ្រាន់​តែ​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួក​គេ​ស្រប​តាម​ច្បាប់ តែ​ប៉ុណ្ណោះ​។ ហើយ​ចំពោះ​ករណី​នេះ ប្រសិន​បើ​រដ្ឋា​ភិបាល​បង្ហាញ​ពី​មនោ​សញ្ចេត​នា​ដោះ​លែង​ពួក​គេ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​មែន គឺ​ជា​ផ្នែក​មួយ​ជួយ​លើក​មុខ​មាត់​រដ្ឋា​ភិបាល​ទាំង​នៅ​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរ​ជាតិ​។ នេះ​សម្រាប់​ការ​យល់​ឃើញ​របស់​លោក អ៊ូ ច័ន្ទ​រ័ត្ន​។

ដោយ​ឡែក លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​អះ​អាង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ផ្អែក​តាម​ច្បាប់ អតីត​មន្ត្រី​មូល​ដ្ឋាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​មិន​ទាន់​ឈាន​ចូល​ដល់​លក្ខ​ខណ្ឌ​ពិចារណា ក្នុង​ការ​លើក​លែង​ទោស​នៅ​ឡើយ​ទេ​។ នេះ​ក៏​ដោយ​សារ​តែ​សំណុំ​រឿង​ពួក​គេ ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​និតី​វិធី​របស់​តុលា​ការ​។​ ហើយ​មធ្យោបាយ​តែ​មួយ ដែល​ជួយ​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន គឺ​មាន​តែ​ការ​តស៊ូ​ក្ដី​នៅ​ក្នុង​តុលា​ការ​តាម​រយៈ​មេ​ធាវី​ប៉ុណ្ណោះ​។

យ៉ាង​ណា​ក៏​ដោយ លក្ខណៈ​ពិសេស​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ឆ្នាំ​នេះ អាច​មាន​ការ​លើក​លែង​អ្នក​ទោស​ជា​ទ្រង់​ទ្រាយ​ធំ ដោយ​ផ្អែក​ទៅ​តាម​ការ​បង្ហើប​របស់ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ជាង​មួយ​ខែ​មុន​។ តែ​ក្នុង​នោះ​ការ​លើក​លែង​ទោស​ផ្ដោត​ទៅ​លើ​គោល​ការណ៍​មនុស្ស​ធម៌ ដែល​បំពេញ​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​ស្រប​ទៅ​តាម​ច្បាប់​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​មាន​កូន​នៅ​ក្នុង​ពន្ធ​នាគារ ចាស់​ជរា អ្នក​ជំងឺ ជា​ដើម​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ