អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រុម​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ប្តឹង​សុំ​ឲ្យ​តុលាការ​កំពូល​កាត់​ក្តី​ឡើង​វិញ​រឿង​រំលាយ​បក្ស​សង្រ្គោះ​ជាតិ

នៅ​ព្រឹក​នេះ លោក​អ៊ូ ច័ន្ទរ័ត្ន និង​លោក​កង គឹមហាក់ ដែល​ជា​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​អម​ដោយ​មេធាវី​ម្នាក់​ផង បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​ឲ្យ​តុលាការ​កំពូល​ជំនុំ​ជម្រះ​សារ​ជា​ថ្មី​លើ​សំណុំ​រឿង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សុំ​រក្សា​ការពារ​សមាជិក​ភាព​អតីត​តំណាង​រាស្រ្ត និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានី​របស់​អតីត​បក្ស​នេះ។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​យល់​ថា លទ្ធភាព​នៃ​ការ​សើ​រើ​ឡើង​វិញ​នេះ មិន​អាច​ទៅ​រួច​នោះ​ទេ។

អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំងលោក​អ៊ូ ច័ន្ទរ័ត្ន (ខាងស្តាំ) និង​លោក​កង គឹមហាក់ (កណ្តាល) ​​និង​មេធាវី​ (ខាងឆ្វេង)
អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំងលោក​អ៊ូ ច័ន្ទរ័ត្ន (ខាងស្តាំ) និង​លោក​កង គឹមហាក់ (កណ្តាល) ​​និង​មេធាវី​ (ខាងឆ្វេង) @ Chanrath Ou
ផ្សាយពាណិជ្ជកម្ម

បណ្តឹង​ទៅ​កាន់​តុលាការ​កំពូល​នេះ ធ្វើ​ឡើង​ដោយ​អតីត​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​រួម​មាន​ដូច​ជា​លោក​សុន ឆ័យ លោក​ប៉ុល ហំម លោក​អ៊ូ ចាន់រ័ត្ន និង លោក​កង គឹមហាក់​ជា​ដើម។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ចូល​រួម​ផ្តិល​មេ​ដៃ​ប្តឹង​ពី​សំណាក់​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានី​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ទៀត។ អ្នក​ទាំង​នេះ ប្តឹង​ឡើង​ក្នុង​នាម​ជា​អ្នក​រង​គ្រោះ​នៅ​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​ប្រឆាំង។

លោក​ផែង ហេង មេធាវី​តំណាង​ឲ្យ​អតីត​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា រឿង​ក្តី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ជា​នីតិវិធី​ថ្មី​របស់​តុលាការ​កំពូល ហើយ​តុលាការ​នេះ​បាន​ប្រើ​ប្រាស់​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ។ ដូច្នេះ​បើ​តាម​លោក​មេធាវី គឺ​លទ្ធភាព​នៃ​ការ​សើ​រើ​សំណុំ​រឿង​នេះ​ឡើង​វិញ​នៅ​តែ​មាន។ ក៏​ប៉ុន្តែ​លោក​នៅ មុន្នីជោត អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លទ្ធភាព​នៃ​ការ​បក​ទៅ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ​ឡើង​វិញ ប្រហែល​មិន​អាច​ទៅ​រួច​ទេ។ មិន​អាច​ទៅ​រួច ព្រោះ​ថា នៅ​ក្នុង​សាលដីកា​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ក្រុម​ចៅក្រម​បាន​គូស​បញ្ជាក់​ច្បាស់​ហើយ​ថា បិទ​ផ្លូវ​តវ៉ា​ត​ទៅ​ទៀត។

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​ដែល​មាន​ចៅក្រម​ចំនួន​៩​រូប បាន​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​មន្រ្តី​ជាន់​ខ្ពស់​នៃ​បក្ស​នេះ ១១៨​នាក់​ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ ឆ្នាំ​ផង​ទៀត។ ចំណែក​តំណែង​ជា​អ្នក​តំណាង​រាស្រ្ត និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​របស់​សមាជិក​បក្ស​នេះ​ក៏​បាន​រលាយ​តាម​នោះ​ផង​ដែរ។ ថ្វី​បើ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ជិត​មួយ​ខែ​ទៅ​ហើយ ប៉ុន្តែ​ទើប​តែ​ពេល​នេះ​ទេ​ដែល​អតីត​សមាជិក​បក្ស​ប្រឆាំង​ប្តឹង​ជំទាស់​ការ​សម្រេច​នោះ។ បើ​តាម​លោក​ផែង ហេង នេះ​គឺ​ដោយ​សារ​តែ​មេធាវី​ត្រូវ​ការ​ពេល​វេលា ដើម្បី​ពិនិត្យ​ពិចារណា​ពី​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ឲ្យ​បាន​ច្បាស់​លាស់។

យ៉ាង​ណា​ក៏​ដោយ ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​កំពូល​ទទួល​យក​តាម​នីតីវិធី​ហើយ។ លោក​នៅ មុនីជោត បញ្ជាក់​ថា តុលាការ​នឹង​ត្រួត​ពិនិត្យ​លើ​បណ្តឹង​នេះ បើ​ទោះ​បី​ជា​លោក​យល់​ថា នឹង​មិន​អាច​សើ​រើ​ឡើង​វិញ​បាន​ក៏​ដោយ។ សម្រាប់​លោក​មេធាវី ផែង ហេង វិញ ប្រសិន​បើ​តុលាការ​កំពូល​បាន​ពិនិត្យ​ត្រឹម​ត្រូវ​លើ​បណ្តឹង​នេះ នោះ​តុលាការ​នឹង​បើក​សវនាការ​សំណុំ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នេះ​ឡើង​វិញ​ជា​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ