អានតួអត្ថបទ
កម្ពុជា-តុលាការ

នៅ​សប្តាហ៍​ក្រោយ​នេះ មេធាវី​នឹង​ដាក់​ពាក្យ​ស្នើ​តុលាការ​សុំ​ឲ្យ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​បាន​នៅ​ក្រៅ​ឃុំ

មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​គឺ​លោក​កែវ វន្នី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា នៅ​សប្តាហ៍​ក្រោយ​នេះ លោក​នឹង​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​កូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ ជាមួយ​នឹង​ការ​បញ្ជាក់​ដូច្នេះ លោក​មេធាវី​កែវ វន្នី ក៏​នឹង​ទៅ​ជួប​កូន​ក្តី​របស់​លោក​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ដើម្បី​ពិភាក្សា​គ្នា​បន្ថែម​ជុំវិញ​រឿង​នេះ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី @សហការី
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់ គឺ​លោក​អ៊ួន ឈិន និង​លោក​យាង សុជាមេត្តា​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ​ទៅ​ហើយ​ក្តី ក៏​នៅ​សប្តាហ៍​នេះ មេធាវី​មិន​ទាន់​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ពួក​គេ​បាន​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​ទេ។ មូល​ហេតុ​សំខាន់ បើ​តាម​លោក​មេធាវី​កែវ វន្នី គឺ​ដោយ​សារ​តែ​លោក​មិន​ទាន់​ទទួល​បាន​សំណុំ​រឿង​ពី​ចៅក្រម​ស៊ើប​សួរ ពី​ព្រោះ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ចៅក្រម​ស៊ើប​សួរ​នេះ។ មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ គឺ​ដោយ​សារ​តែ​ចៅ​ក្រម​ស៊ើប​សួរ​ដែល​កាន់​សំណុំ​រឿង​អតីត​អ្នក​កាសែត​អាស៊ី​សេរី ជា​ចៅក្រម​ប្រចាំ​ការ​នៅ​ចុង​សប្តាហ៍ ដូច្នេះ​ហើយ​គេ​ត្រូវ​ផ្តល់​សំណុំ​រឿង​នេះ​ទៅ​កាន់​ចៅក្រម​ផ្សេង​ទៀត ដើម្បី​ចាត់​ការ​បន្ត​ទៅ​តាម​នីតិវិធី។ លោក​មេធាវី​កែវ វន្នី បាន​អះអាង​ថា​ប្រសិន​បើ​លោក​ទទួល​បាន​សំណុំ​រឿង​នៅ​ក្នុង​ដៃ​នៅ​អំឡុង​សប្តាហ៍​នេះ លោក​នឹង​អាច​រៀប​ចំ​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ទៅ​កាន់​តុលាការ​នៅ​សប្តាហ៍​ក្រោយ។

លោក​អ៊ួន ឈិន និង លោក​យាង សុជា​មេត្តា ដែល​ជា​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ចុង​សប្តាហ៍​មុន ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ តាម​ក្រម​ព្រហ្ម​ទណ្ឌ​របស់​កម្ពុជា​។ ជា​បទ​ចោទ​ដែល​អាច​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ ទៅ ១៥​ឆ្នាំ។ បទ​ចោទ​នេះ​ទៀត​សោត ក៏​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​កម្ពុជា​មក​ពី​ចម្រុះ​អង្គភាព​សារព័ត៌មាន​ចាត់​ទុក​ថា មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ពេក​ហើយៗ​វា​កំពុង​តែ​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌​មាន​ដែល​កំពុង​បំពេញ​​វិជ្ជាជីវៈ ក៏​ដូច​ជា​ធ្វើឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​តាម​រយៈ​លិខិត​ចំហ​មួយ ក្រុម​អ្នក​កាសែត​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​ទាំង​ពីរ​រូប។

ដោយ​ឡែក​សម្រាប់​មេធាវី​ការពារ​ក្តី​វិញ លោក​កែវ វន្នី ​ក៏​យល់​ថា ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់​ធ្ងរ​មក​អតីត​អ្នក​កាសែត​ទាំង​ពីរ​នេះ​ គឺ​ជា​រឿង​អយុត្តិធម៌។ អយុត្តិធម៌ ក៏​ព្រោះ​ថា បើ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​កូន​ក្តី​របស់​លោក​គឺ​មិន​មាន​ធាតុ​ផ្សំ​ណា​មួយ​ស៊ី​សង្វាក់​គ្នា​នឹង​បទ​ចោទ​ប្រកាន់​នេះ​ទាល់​តែ​សោះ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​សប្តាហ៍​ក្រោយ​នេះ លោក​កែវ វន្នី សង្ឃឹម​ថា តុលាការ​កម្ពុជា​នឹង​ផ្តល់​ភាព​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក ដោយ​នឹង​សម្រេច​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ