ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT
កម្ពុជា

ប្រាក់​ឈ្នួល​អប្បបរមា កម្មករ​កម្មការនី កំពុង​ពិភាក្សា​ដោយ​ល្អិត​ល្អន់

media  
សេចក្តីព្រាងច្បាប់លើប្រាក់ឈ្នួលអប្បបរមា @FB

ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​២២ សីហា​នេះ បាន​រៀប​ចំ​សិក្ខា​សិលា​ពិគ្រោះ​យោបល់​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​លើ​ប្រាក់​ឈ្នួល​អប្បបរមា ជាមួយ​តំណាង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ថ្លៃ​ឈ្នួល ​អប្បបរមា​កម្មករ​អាច​ទទួល​យក​បាន។​តាម​រយៈ​ច្បាប់​នេះ​អាច​ធានា​ដល់​តម្លៃ​ឈ្នួល​អប្បបរមា​មួយ សម​ស្រប​តាម​បែប​វិទ្យាសាស្ត្រ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច​ទៀត​ផង។អត្ថបទដោយ៖ ជក់ សុភា

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ គឺ​ពិត​ជាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច សមាហរណកម្ម​អាស៊ាន ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និងសង្គម​ជាតិ​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្មករ និង ប្រទេស​ជាតិ​ទាំង​មូល ពី​ព្រោះ សេចក្តី​ច្បាប់​មាន​គោលបំណង​ លើក​កម្ពស់​ជីវភាព​រស់​នៅ​សមរម្យ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផលិត​ភាព​ការងារ​របស់​កម្មករ ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរ​កិច្ច​ឱ្យ​កាន់​តែ​ប្រសើរ​ប្រកប​ដោយ​ភាព​ទាក់​ទាញ​នៅ​កម្ពុជា​ទៀត​ផង។

រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា មុន​សិក្ខា​សិលា​នេះ​ក្រសួង​បាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ត្រី​ភាគី​ចំនួន​ពីរ​លើក​មក​ហើយ គឺ កាល​ពី​ឆ្នាំ​២០១៦។​ក្រោយ​ពី​កិច្ច​ពិភាក្សា​នោះ ​ក្រសួង​បាន​ធ្វើ​សិក្ខាសិលា លើក​ទី​១ កាល​នៅ​ថ្ងៃ​ទី ២០ មេសា ឆ្នាំ២០១៧ ជាមួយ​ក្រសួង​ពាក់​ព័ន្ធ សហជីព និយោជក អង្គការ​ការងារ​និង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ។

គូរ​បញ្ជាក់​ផង​ដែរ​ថា គិត​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់ ឆ្នាំ២០១៧ រដ្ឋាភិបាល​បាន ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ បាន​ចំនួន​១៣​លើក ដោយ​កើន​ពី ៣០​ដុល្លារ ក្នុង​ឆ្នាំ​១៩៩៧ ដល់ ១៥៣​ដុល្លារ ក្នុង​ឆ្នាំ​២០១៧។ ដោយ​បូករួម​ទាំង​ប្រាក់​រង្វាន់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ និង​ប្រាក់​អតីត​ភាព​កម្មករ​និយោជិត​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់​ពី ​១៧០​ដុល្លារ ទៅ ១៨១​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ នេះ។ 

គិត​មក​ត្រឹម​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៧ នេះ​ប្រាក់​ឈ្នួល​អប្បបរមា​កម្ពុជា ខ្ពស់​ជាង ប្រទេស​បង់ក្លាដេស ស្រីលង្កា ឥណ្ឌា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ឡាវ និង​តំបន់​មួយ​ចំនួន​នៃ​ប្រទស ឥណ្ឌូណេស៊ី​និង​ខ្ពស់​ជាង​តំបន់​ទី​២ ទី​៣ និង​ទី​៤​នៃ​ប្រទេស​វៀតណាម​ផង​ដែរ។

លោក អ៊ិត សំហេង ក៏​បាន​សង្ឃឹម​ថា សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ក្លាយ​ជា​ច្បាប់​មួយ​ដែល​មាន​ភាពល្អ​ប្រសើរ គ្រប់​ជ្រុង​ជ្រោយ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ បន្ទាប់​ពី​អនុម័ត​រួច។

សូម​រឭក​ផង​ដែរ​ថា ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ផ្តល់​ជូន​កម្មករ​នូវ​កាដូរ​ចំនួន​បី​គឺ ទី​១ និយោជិក​អាច​ជិះ​រថយន្ត​ក្រុង​ដោយ​មិន​គិត​ថ្លៃ​រហូត​ដល់​ឆ្នាំ​២០១៩។ ទី​២ ​និយោជិក​មិន​ចាំ​បាច់​បង់​ថ្លៃ​គាំពារ​សុខភាព​ទៀត​នោះ​ឡើយ ជា​វា​កត្តាព្វកិច្ច​របស់​ម្ចាស់​រោង​ចក្រ។ ​និង​ទី​៣ ចាប់​ពី​ឆ្នាំ​២០១៩​ត​ទៅ កម្មករ​មាន​ប្រាក់​ចូល​និវត្តន៍​ឬ​ប្រាក់​រ៉ឺត្រែត ដូច​មន្ត្រី​រាជការដែរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ