លោក François Fillon បេក្ខជនប្រធានាធិបតីបារាំងកាន់តែឌុកដាន់ដោយរឿងអាស្រូវ!
លោក François Fillon គឺជាបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណៈរដ្ឋ សម្រាប់ការបោះឆ្នោតប្រធានាធីបតីបារាំង នៅពេលដ៏ខ្លីខាងមុខនេះ។ ក៏ប៉ុន្តែ លោក Fillon កំពុងតែបានប្រឈមមុខនឹងរឿងអាស្រូវជាបន្តបន្ទាប់។ ក្រោយពីលេចធ្លាយរឿងពុករលួយពាក់ព័ន្ធនឹងប្រពន្ធកូន នៅពេលនេះ ឈានដល់អាស្រូវថ្មីមួយទៀត គឺការទទួលលុយកាត់សម្លៀកបំពាក់ រហូតដល់ជិត៥ម៉ឺនអឺរ៉ូ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០១
ជុំវិញការយកប្រពន្ធមកធ្វើជាជំនួយការ ហើយផ្តល់ការងារមានតួនាទីជាមេធាវី ដល់កូន ដែលតាមពិត កូននោះ គឺគ្រាន់តែជានិស្សិតច្បាប់សោះ គឺត្រូវតុលាការបារាំង បានដាក់លោក François Fillon ស្ថិតនៅក្រោមការត្រួតពិនិត្យ ហើយលោកក៏ត្រូវបានចៅក្រមស៊ើប កោះហៅទៅសួរនាំរួចមកហើយ។
នៅពេលនេះ អ្នកតំណាងរាស្ត្រនិងជាបេក្ខជនប្រធានាធិបតីបារាំង មកពីគណបក្សសាធារណៈរដ្ឋ រូបនេះ បានប្រទះនឹងរឿងអាស្រូវថែមមួយទៀត គឺលោក François Fillon បានទទួលលុយពីមិត្តភក្តិ ដើម្បីកាត់ខោអាវរហូតដល់ ៤៨ ៥០០ អឺរ៉ូ។ ក្នុងបទសម្ភាសជាមួយកាសែតបារាំងមួយ លោក François Fillon បានសារភាពក្នុងសម្តីដើមថា «មិត្តខ្ញុំម្នាក់ បានជូនអំណាយខ្ញុំ កាលពីខែកុម្ភៈកន្លងទៅនេះ។ ចុះវាយ៉ាងម៉េច?»។
អ្នកកាសែតបារាំងបានជជីកឫសគល់ ហើយក៏បានរកឃើញថា អ្នកនយោបាយរូបនេះ បានទទួលអំណោយជា Chèque ចំនួន១៣ ០០០ អឺរូ នៅថ្ងៃទី២០កុម្ភៈ ដើម្បីកាត់សម្លៀកបំពាក់ ពីរកំប្លេ នៅហាងដ៏ល្បី ឈ្មោះ Arnys នៅកណ្តាលក្រុងប៉ារីស។ ហើយគេបានរកឃើញទៀតថា ពីមុនមក គេបានជួយចេញការចំណាយដល់រូបលោក ជាលុយសុទ្ធរហូតដល់៣៥ ៥០០អឺរ៉ូ ដើម្បីកាត់ខោអាវនៅហាងដ៏ថ្លៃដដែលនោះ ចាប់តាំងពីឆ្នាំ២០១២មក ជាសរុបគឺជិតដល់៥ម៉ឺនអឺរូ។
ប្រឈមមុខនឹងការរាវរកឃើញដូច្នេះ បេក្ខជនប្រធានាធិបតី François Fillon បានប្រកែកដោយចោទសួរទៅវិញថា ហេតុអ្វីរឿងបុគ្គលឯកជនផ្ទាល់របស់លោកសោះ ម្តេចក៏ចេះតែមកគាស់កកាយយ៉ាងដូច្នេះ? ទាំងអស់នេះ គឺមានចេតនាចង់បំផ្លាញ់រូបលោកយ៉ាងប្រាកដ ដើម្បីឲ្យលោកខ្ទាតចេញពីការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីបារាំង។
គួរជម្រាបជូនថា តាមច្បាប់បារាំង បើអ្នកតំណាងរាស្ត្រទទួលអំណាយ លើសពី១៥០អឺរ៉ូ គឺត្រូវតែប្រកាសឲ្យគេឯងបានដឹង តែចំពោះលោក François Fillon បានទទួលអំណោយលើសពីនេះរាប់សិបដង គឺមិនបានប្រកាសបន្តិចសោះ រហូតដល់មានការបែកធ្លាយនៅពេលនេះ។ ហេតុនេះហើយ ទើបមានការចោទសួរពីភាពសុចរិត និងក្រមសីលធម៌របស់អ្នកនយោបាយ ពិសេសអ្នកតំណាងរាស្ត្របារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ