អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សេរីភាព​បញ្ចេញ​មតិ ​តែ​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​កើត​ឡើង​យ៉ាង​គំហុក​

សេចក្តី​ព្រាង​ច្បាប់​ ស្តីពី ​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ប្រមូល​ផ្តុំ​ឯកសារ​បញ្ចូល​គ្នា​នៅ​ឡើយ​ទេ។​ នេះ​ជា​អ្វី​ដែល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ចេញ​ខ្លួន​មក​បញ្ជាក់​ជា​ថ្មី​ទៀត។ ការ​បញ្ចាក់​ដូច្នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សម្តែង​ក្តី​ព្រួយ​បារម្ភ​និង​ប្រតិកម្ម​ ជា​ច្រើន​និង​ជា​រឿយៗ​ ពី​សំណាក់​សង្គម​ស៊ីវិលរួម​ទាំង​អ្នក​ប្រើ​បណ្តាញ​​សង្គម។​ គួរ​កត់​សម្គាល់​ថា​ ខណៈ​ពេល​ដែល​មតិមួយ​ចំនួន​ខ្លាច​ការ​គំរាម​កំហែង​ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត អត្រា​អ្នក​ប្រើ​ប្រព័ន្ធ​ទំនើប​នេះ បានកើន​ឡើង​ចំនួន​១៦ដង នៅ​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។​

ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​
ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​ REUTERS/Dado Ruvic/Files
ផ្សាយពាណិជ្ជកម្ម

៥ឆ្នាំ​ក្រោយ​ចុង​ក្រោយ​នេះ​ អ្នក​ប្រើ​អ៊ិនធឺណិត​នៅ​កម្ពុជា ​បាន​កើន​ឡើង​យ៉ាង​ច្រើន​មិន​ធ្លាប់​ជួប​ និង​មាន​ទៅ​ដល់​ ជាង​៥លាន ៧ម៉ឺន ៤ពាន់នាក់។ នេះ​បើ​គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ តែ​នៅ​ឆ្នាំ​២០១០ គឺ​មាន​តែ​ជាង​៣២​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។ ពោល​គឺ​តួលេខ​នេះ​ បាន​កើត​ឡើង​ចំនួន​១៦ដង ហើយ​ច្រើន​ជាង​១ភាគ​៣​នៃ​ប្រជាជន​កម្ពុជា​សរុប​។ ការ​បង្ហាញ​តួលេខ​យ៉ាង​ដូច្នេះ គឺ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ហាក់​ចង់​ប្រាប់​ថា ​របាយការណ៍​របស់​អង្គការ​លីកាដូ​ ដែល​ថា​អ្នក​ប្រើ​អ៊ិនធឺណិត ​​មាន​ចំនួន​៣លាន​៨សែន​នាក់​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ។ សូម​រម្លឹក​ថា កាល​ពីថ្ងៃទី​១៧ឧសភា​កន្លងទៅ អង្គការ​លីដូ បាន​ចេញ​របាយ​ការណ៍​កម្រាស​២៥ទំព័រ និង​បាន​គូស​បញ្ជាក់ថា ច្បាប់​ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​នេះ នឹង​ប្រើ​ប្រាស់​ដើម្បី​គាប​សង្កត់​គ្រប់​ទម្រង់​ទាំង​អស់​នៃ​អត្ថបទ​ដែល​រិះ​គន់​អាជ្ញាធរ​រដ្ឋ។​

ក៏​ប៉ុន្តែ ក្រសួង​ប្រៃ​សណីយ៍ ​អះអាង​ជា​ថ្មីទៀត​​ថា ច្បាប់​ស្តីពី​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គម​នាគម​ន៍​​និង​ព័ត៌មាន ឬហៅថា ICT គឺ​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់​កាល​រៀប​ចំ​និងប្រមូល​ផ្តុំ​ឯកសារ​នៅឡើយទេ។ ក្រសួង​បាន​ពន្យល់ថា គម្រោង​ច្បាប់​នេះ គឺមាន​គោល​បំណង​ដើម្បី​ធានា​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ និង​បង្រ្កាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ព្រម​ទាំង​ដើម្បី​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង ​ធានា​សុវត្ថិភាព ហើយ​និង​​ផល​ប្រយោជន៍​ស្រប​ច្បាប់​ក្នុងការ​ប្រើ​ប្រាស់​។​

ទោះបី​ជា​​មាន​ការ​អះអាង​យ៉ាង​ដូច្នេះក៏​ដោយ​ចុះ​ ក៏​អ្នក​ប្រើ​អ៊ិន​ធឺណិត អ្នក​ប្រើ​បណ្តាញ​សង្គម និង​សង្គម​ស៊ីវិល​នៅតែមាន​ម​ន្ទិលនិង​ព្រួយ​បារម្ភនៅ​​​ក្នុង​ចិត្ត​ជានិច្ច។ ព្រួយ​បារម្ភ​ព្រោះថា គម្រោង​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានោះ អាច​នឹងអាវុធ ជា​រណាំង ឬ​​ជា​បន្លា​ ហើយ​អាច​​គំរាម​កំហែង​ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ​គ្រប់​ពេលវេលា​។​ គេ​នៅ​មិន​ភ្លេច​ទេថា ពី​ពេល​ថ្មីៗ​នេះ​ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ស្នើសុំ​ក្រសួង​ប្រៃសណីយ៍​និង​ក្រសួង​មហា​ផ្ទៃ​ ឲ្យ​ធ្វើ​អន្តរាគមន៍​ផ្លូវច្បាប់ ចំពោះអ្នក​​ប្រើ​បណ្តាញ​សង្គម​ខ្លះ ដែល​ជេរ​ប្រមាថ​លើមន្ត្រី​រាជ​ការ និង​ផ្សាយ​​រូបភាព​កត់​ត ​ក្នុង​ន័យ​ម៉ាក់​ងាយ ​ដល់​អ្នក​រដ្ឋការ​។

ទន្ទឹម​នឹង​នេះ ក្រសួង​ប្រៃ​សណីយ៍ បញ្ជាក់​ថា ការ​ផ្សព្វ​ផ្សាយ​ខ្លឹមសារ​ដែល​ប៉ះ​ពាល់​ដល់​ប្រពៃណី​ជាតិ​ រាប់ទាំង​ការ​ញ៉ុះញង់​ឲ្យ​ប្រកាន់​ពូជ​សាសន៍​ ជំនឿសាសនា​ ឬមួយ​បង្កាច់​បរិហាកេរ្តិ៍ផ្សេងៗ​​ នឹង​​ត្រូវ​រាប់​បញ្ចូលជា​បទល្មើស​។ ចំណែក​គោល​ការណ៍ផ្តន្ទាទោស និង​ការ​ដាក់​ពិន័យ ​ចំពោះ​បទ​ល្មើស​ទាំង​ឡាយ ត្រូវ​ផ្នែក​លើច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ និង​ក្រម​ព្រហ្ម​ទណ្ឌ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ