អានតួអត្ថបទ
កម្ពុជា

ទូត​បារាំង​ថ្មី ជួប​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ ជាផ្លូវការ​​លើកដំបូង​!

នៅព្រឹកនេះ លោកស្រី Eva Nguyen Binh ឯកអគ្គ​រដ្ឋ​ទូ​ត​បារាំង​ថ្មី បាន​ជួប​ជាផ្លូវ​ការ​លើក​ទី១​ ជាមួយ​រដ្ឋមន្ត្រី ប្រាក់​ សុខុន នៅទីស្តីការ​ក្រសួង​ការ​បរទេស​។ ក្នុង​ជំនួប​រយៈ​ពេល​ត្រឹម៤០នាទី តែ​មាន​ប្រធាន​បទ​ជាច្រើន​ដែល​ត្រូ​វ​បាន​លើកយកទៅ​ពិភាក្សា។ តើ​ប្រធាន​រឿង​ទាំងនោះ មាន​អ្វីខ្លះ?

ទូតបារាំងថ្មី និង​លោក ប្រាក់ សុខុន
ទូតបារាំងថ្មី និង​លោក ប្រាក់ សុខុន @MFA.IC
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ថ្វាយ​សារតាំងព្រះមហាក្សត្រខ្មែរ​ នៅ​ថ្ងៃទី​១១កក្កដារួច​មក​, លោកស្រី Eva Nguyen Binh ឯកអគ្គ​រដ្ឋ​ទូ​ត​បារាំង​ថ្មី បាន​ជួប​​សម្តែ​ង​ការ​គួរ​សម​​ជាលើកទី១ផ្លូវ​ការ​ដំបូង​បំផុត​ ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​។ ក្នុង​ជំនួប​នេះ ប្រមុខ​ការទូត​ទាំងពីរ ​បាន​លើកទៅ​ពី​សំណុំ​រឿង​ទ្វេភាគី​សំខាន់ៗ​មួយ​ចំនួន។

រឿងទាំងនោះមាន​ដូច​ជា​កិច្ច​សហការ​វប្បធម៌ ដោយសារតែ​ឆ្នាំនេះគឺជាខួប​២៥ឆ្នាំការ​ដាក់​បញ្ចូល​ប្រាសាទ​អង្គរ ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​ ហើយ​កម្ពុជា​ក៏​ទើប​តែ​បាន​ដាក់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​​​ផង​ដែរ​។​ ប្រធាន​រឿង​ផ្សេងទៀត គឺ​​ទាក់ទង​​ការ​វិនិយោគបារាំង​នៅកម្ពុជា​, កិច្ច​ការ​ក្នុង​​សាលាក្តីខ្មែរក្រហម​, ការ​បណ្តុះ​បណ្តាល​កងទ័ព​ខ្មែរដោយ​នាយទាហាន​បារាំង​, បញ្ហា​កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ទីក្រុងParis និង​ការ​បោះឆ្នោត​នៅកម្ពុជាជា​ដើម​។

ចំពោះ​សំណុំ​រឿង​តុលាការ​ខ្មែរក្រហម​, ស្ថានទូត​បារាំង នឹង​​ធ្វើ​ស្តូប​រម្លឹក​វិញ្ញាក្ខន្ធ​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ នៅសួន​ច្បារ​មុខ​ស្ថាន​ទូតបារាំង​តែម្តង ដែល​នឹង​ត្រូវ​សម្ពោធ​នៅ​ដំណាច់​ឆ្នាំ២០១៧​នេះ។ ពី​ផ្នែក​កម្ពុជា​វិញ លោក ប្រាក់​ សុខុន បាន​ថ្លែង​អរគុណ​បារាំង​ ដែល​សមភាគី​នេះ តែ​ង​តែ​​ជួយ​បណ្តុះ​បណ្តាល​កង​ទ័ព​មួក​ខៀវរបស់​ខ្មែរ​​ ដើម្បី​បំពេញ​​កិច្ច​រក្សា​សន្តិភាព​នៅ​បរទេស​ ពិសេស​នៅ អាហ្វ្រិក​។

ដោយឡែក ជុំវិញ​​ដំណើរ​ការ​បោះឆ្នោតនៅស្រុក​ខ្មែរ​វិញ​, ឯកអគ្គ​រដ្ឋ​ទូ​ត​បារាំង​ថ្មី បាន​លើក​សរសើរពី​ការ​ចូលរួមរបស់​ពលរដ្ឋ​ ក្នុង​​ការបោះឆ្នោត​មាន​កម្រិត​ខ្ពស់។ ​លោកស្រី​បាន​វាយ​តម្លៃ​យ៉ាងវិជ្ជមាន​ចំពោះ​ការបោះឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅនេះ ដោយ​គូស​បញ្ជាក់ថា មាន​របៀប​របប​ល្អ សន្តិភាព ស្ងប់​ស្ងៀម​ ហើយ​បារាំង​នៅតែ​គាំទ្រ​ជានិច្ច​ចំពោះ​លើផ្លូវ​ប្រជាធិបតេយ្យ​របស់​កម្ពុជា។ ទោះ​យ៉ាងនេះក្តី ភាគីទាំងពីរ ​គ្មាន​ទាន់​បាន​​និយាយ​ពី​ជំនួយ​របស់​បារាំង​ សម្រាប់​បោះឆ្នោត​តំណាងរាស្ត្រ នៅ​ឆ្នាំក្រោយ​នៅឡើយ​ទេ​។​​

គួរ​បញ្ជាក់ថា លោកស្រី Eva Nguyen Binh មាន​ឪពុកដើម​កំណើត​​វៀតណាម​ម្តាយ​បារាំង​ និង​បាន​រស់នៅ​រៀន​សូត្រ​សាលា​នយោបាយ​នៅស្រុក​បារាំង។ លោកស្រី​​គឺឯកអគ្គ​រដ្ឋ​ទូ​ត​បារាំងទី៩ និងជា​ទូ​ត​បារាំង​ស្ត្រីទី១ ​នៅកម្ពុជា គឺ​តាំងពី​បារាំង​បើក​ស្ថានទូត​ជាថ្មី នៅឆ្នាំ​១៩៩១មក​។ ​លោកស្រី Eva Nguyen Binh ​ បាន​ចូល​មក​កាន់ការងារស្ថានទូតនៅ​ស្រុក​ខ្មែរ​ ជាង​មួយ​ខែ​មកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ